អ្នក​លក់​ដំឡូង​មី​ស្ងោរ​​នៅផ្សារ​បឹងត្របែក ​​មួយ​ព្រឹក​​លក់​ដាច់​ជាង ៥០ គីឡូក្រាម

អាជីវកម្ម

ពូជ​ដំឡូង​មី​ខ្មែរ​ជា​ប្រភេទ​ដំឡូង​ដែល​កសិករ​កម្ពុជា​ចូល​ចិត្ត​ និង​ពេញ​និយម​ដាំ​យក​មើម​ស្ងោរ​បរិភោគ​ កិន​ធ្វើ​ជា​ម្សៅ​ ធ្វើ​នំ​ ធ្វើ​ម្ហូប​ ឬ​ យក​ធ្វើ​ជា​ចំណី​សត្វ​ផ្សេងៗ​ ដូច​ជា​ គោ មាន់ ទា ជ្រូក​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​ ដំឡូង​ ក៏​អាច​កែ​ច្នៃ​ ជា​ផលិត​ផល​ផ្សេងៗ ផង​ដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជីវករ​លក់​ដំឡូង​មី​ស្ងោរ​នៅ​ផ្សារ​បឹង​ត្របែក​ អ្នក​ស្រី​ យ៉ែម​ សាន​ បាន​ប្រាប់​ឧកញ៉ា​ញូស៍​ឲ្យ​ដឹង​ថា​ ទោះ​បី​ជា​សព្វ​ថ្ងៃ​មាន​នំ​ ចំណី​អាហារ​ គ្រប់​ប្រភេទ​ អាជីវករ​ លក់​ដូរ​ជា​ច្រើន​ ប៉ុន្តែ​ដំឡូង​មី​ស្ងោរ​រោយ​អំបិល​នៅ​តែ​មាន​ភ្ញៀវ​ ទិញ​បរិភោគ​ គាំ​ទ្រ រាល់​ថ្ងៃ​ ។

អ្នកស្រី​ បន្ត​ថា​ ក្នុង​មួយ​ព្រឹក​ លក់​ដាច់​អស់​ជាង​ ៥០ គីឡូក្រាម​ អាស្រ័យ​លើ​ថ្ងៃ​បុណ្យ​ទាន​ផង​ដែរ​ បើ​ចំពោះ​ថ្ងៃ​ធម្មតា​គឺ​មាន​ភ្ញៀវ​ច្រើន​ជាង​ថ្ងៃ​មាន​ពិធី​បុណ្យ​ ។ បន្ត​ទាំង​ទឹក​មុខ​ញញឹម​បន្ថែម​​ រាល់​ព្រឹក​ដំឡូង​ស្ងោរ​របស់​អ្នក​ស្រី​មិន​ដែល​នៅ​សល់​ទេ​ ដោយ​មើល​ឃើញ​ថា​ មាន​អ្នក​និយម​ច្រើន​ ដែល​ធ្លាប់​តែ​លក់​ ១ គីឡូក្រាម​ តម្លៃ​ ៣០០០ រៀល ទៅ ៣៥០០ រៀល មក ៦០០០ រៀល (សព្វថ្ងៃ) ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​ ភ្ញៀវ​អាច​ទិញ​បាន​ចាប់​ពី​តម្លៃ​ ១០០០ រៀល ទៅ ។

អ្នក​លក់សំដី​ផ្អែម​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ដំឡូង​មី​ដែល​អ្នក​ស្រី​ យក​មក​ស្ងោរ​លក់​ គឺ​មក​ពី​ខាង​ខេត្ត តាកែវ ដោយ​ទិញ​ពី​គេ​ តម្លៃ​ ១០០០ រៀល ក្នុង​មួយ​គីឡូក្រាម​ ទាំង​ដី​ សំបក​ ។ ដែល​មុន​នឹង​ស្ងោរ​ តម្រូវ​ចំណាយ​ពេល​បក​សំបក​ កាត់​ លាង​ដី​ ឲ្យ​ស្អាត​ ដោយ​ត្រូវ​ក្រោក​ពី​ម៉ោង​ ៣ ជា​រៀង​រាល់​ព្រឹក​។

ចំណែក​ឯ​ អ្នកស្រី ផល្លា ជា​អ្នក​លក់​ដំឡូង​មី​ដូច​គ្នា​ ក៏​បាន​ ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា​ ដំឡូង​មី​អ្នកស្រី​លក់​ដាច់​រាល់​ថ្ងៃ​ មិន​ថា​ខែ​ប្រាំង​ ឬ​ វស្សា​ តែង​តែ​​មាន​ភ្ញៀវ​ និយម​ចូល​ចិត្ត​ ទោះ​បី​ជា​ តិច​ ឬ ច្រើន ។

អ្នកមីង សាយ សឿន ដែល​ជា​ ភ្ញៀវ​បាន​ឲ្យ​ដឹង​ថា​ អ្នកមីង​ចូល​ចិត្ត​បរិភោគ​ដំឡូង​មី​ខ្មែរ​ស្ងោរ​ណាស់​ មិន​មាន​រស​ជាតិ​​ផ្អែម​ ប៉ុន្តែ​មាន​ជាតិ​ម្សៅ​ អង្ករ​ដំឡូង​ ពេល​ហូប​ក៏​ឆាប់​ឆ្អែត​ អាច​ជំនួស​បាយ​បាន​ ។

ជាមួយគ្នា​នេះ អាជីវករ ទាំង​ពីរ​រូប​ ពិត​ជា​មាន​​សេចក្តី​សប្បាយ​រីក​រាយ​ នូវ​មុខ​របរ​របស់​ពួក​គាត់​ ដែល​តែង​តែ​មាន​អ្នក​ទិញ​ គាំទ្រ​នូវ​ ដំណាំ​ដំឡូង​មី​ខ្មែរ​ ៕​