ចាប់កំណើតកើតជានៅស្រុកព្រែកកប្បាស ខេត្តតាកែវ លោកស្រី ហ៊ួត គាម គឺជាបងស្រីបង្កើតឧកញ៉ា ហ៊ួត ជា ថៅកែក្រុមហ៊ុនផ្គត់ផ្គង់សំភារៈសំណង់ដ៏ធំឈានមុខគេមួយ នៅប្រទេសកម្ពុជា។
លោកស្រីជានាយិការង ក្រុមហ៊ុន ហ៊ួត ជា និងជាសហគ្រិនស្រ្តីឆ្នើមម្នាក់ក្នុងសាជីវកម្ម ហ៊ួត ជា គ្រុប ដែលជាបុគ្គលឆ្នើមម្នាក់ក្នុងក្រុមហ៊ុនដែលតែងតែចេញមុខមកចែករំលែកបទពិសោធន៍ ចំណេះដឹង ជំនាញ និងការទំនាក់ទំនងដ៏ល្អជាមួយបុគ្គលិក។ លើសពីនេះលោកស្រីក៏សហគ្រិនខ្មែរម្នាក់ចូលរួមផ្តល់ជាទុនគំនិត ភាពជាគំរូសម្រាប់អ្នកជំនួញជំនាន់ក្រោយៗ រៀនសូត្រតាមជាយានធ្វើដំណើរក្នុងអាជីវកម្មមួយច្បាស់លាស់ និងសក្តានុពលខ្លាំងក្លាជាដើម។
លោកស្រី ហ៊ួត គាម បានលើកឡើងថា៖ “អាជីវកម្មរីកចម្រើន អាស្រ័យមានបុគ្គលិកឆ្នើមៗច្រើន ហើយចំណែកគ្រួសារ រុងរឿងបាន ក៏អាស្រ័យលើពេលមានកូនល្អៗ និងបងប្អូនល្អ”។
ការលើកឡើងបែបនេះទំនងលោកស្រីចង់សំដៅដល់បុគ្គលិកដើម្បីក្រុមហ៊ុនរីកចម្រើន ពិតជាត្រូវការធនធានមនុស្សយ៉ាងសកម្មពោរពេញដោយសមត្ថភាព និងអត្តចរិតល្អ ចេះធ្វើការសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ។ ដោយឡែក សម្រាប់ក្រុមគ្រួសារវិញ លោកស្រីក៏បានបញ្ជាក់ច្បាស់ៗដែរថា គ្រួសាររីកចម្រើនរុងរឿងប្រកបដោយសុភមង្គល គឺមិនអាចខ្លះបាននូវកូនៗដែលមានចំណេះដឹង ជំនាញ បទពិសោធ និងបំណិនជីវិតរស់នៅឱ្យបានត្រឹមត្រូវល្អល្អះ ហើយរស់នៅជាបងប្អូនល្អនឹងគ្នាជារៀងរហូត។
មុនឈានជើងមកកាន់ដំណែងជានាយិការង លោកស្រីមានបទពិសោធលក់សម្ភារៈសំណង់ជាងមួយទស្សវត្សនៅក្នុងវិស័យសំណង់នៅកម្ពុជា។ ក្រៅពីជានាយិការង លោកស្រីក៏ជួយជ្រោមជ្រែងការងារមួយចំនួនរបស់ប្អូនប្រុសផងដែរ គឺ ឧកញ៉ា ហ៊ួត ជា ទៅលើក្រុមហ៊ុនសាងសង់បុរី ហ៊ួត ជា ស្អាង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលមិនឆ្ងាយប៉ុន្មានពីគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ជាព្រលានយន្តហោះខ្នាតធំឈរលំដាប់ទី ៩ លើសកលលោក កំពុងមមាញឹកយ៉ាងសកម្មសាងសង់ឱ្យទាន់តាមផែនការ។
ក្នុងទស្សនៈសាជីវកម្ម ហ៊ួត ជា គ្រុប លោកស្រី ហ៊ួត គាម គូសបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តស្វាគមន៍ ដៃគូសហការគ្រប់ប្រភេទ និងគ្រប់តំបន់ ដើម្បីវិនិយោគជាមួយគ្នា បង្កើតអាជីវកម្មជាមួយគ្នា ស្វែងរកផលចំណេញដូចគ្នា ដើម្បីបំពេញជីវភាព ក៏ដូចជាបង្កើតមុខរបបជូនប្រជាពលរដ្ឋ នៅតាមបណ្ដាលទីប្រជុំជននិងគ្រប់រាជធានីខេត្ត។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុន ផ្គត់ផ្គង់សម្ភារៈសំណង់ទំនើបមួយដែលមានសាខាច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា គ្រប់បណ្តាខេត្ត និងស្រុក។ ក្រុមហ៊ុនមានលក់ដូចជា ក្បឿង ការ៉ូ ថ្នាំលាប ម្ស៉ៅបៀក ទ្វា សម្ភារៈបន្ទប់ទឹក ក្រដាសបិទជញ្ជាំំង សោ។ ល។
ក្រុមហ៊ុន ហ៊ួត ជា ក្រោមការដឹកនាំ និងកាច់ចង្កួតដោយផ្ទាល់ ពីឧកញ៉ា ហ៊ួត ជា ដែលត្រូវបានចាត់ទុកថា ជាសហគ្រិនដឹកនាំដ៏ប៉ិនប្រសព្វ ចិត្តមោះមុត ដែលទទួលបានមេដៃជាច្រើនពីបរទេសក្នុងភាពជាអ្នកដឹកនាំ CEO ឆ្នើម៕