ដំណាំល្មើគឺជាដំណាំមួយប្រភេទ ដែលកន្លងមកមិនដែលធ្លាប់មាននៅក្នុងទឹកដីនៃខេត្តសៀមរាបនោះទេ។ ប៉ុន្តែថ្មីៗនេះ រដ្ឋបាលខេត្តសសៀមរាបបានបង្ហើបថា កសិករក្នុងស្រុកស្រីស្នំកំពុងប្រមូលផលល្មើលើផ្ទៃដីប្រមាណ ១៥ហិកតា។

រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ស្រុកស្រីស្នំក៏មានសក្តានុពលលើវិស័យកសិកម្ម ហើយថ្មីៗនេះកសិករចាប់ផ្តើមប្រមូលផលដំណាំល្មើរបស់ខ្លួនបណ្ដើរៗហើយ។
តាមប្រភពដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៣ គ្រួសារ រស់នៅភូមិដង្កោ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាបបានប្រកបរបបដាំល្មើជាលក្ខណៈគ្រួសារលើផ្ទៃដីទំហំ ១៥ហិចតា ហើយបច្ចុប្បន្ននេះ ពួកគាត់កំពុងតែប្រមូលផលជាប្រចាំផងដែរ។

ដំណាំហូបផ្លែប្រភេទនេះធ្លាប់មាននៅតែបរទេសប៉ុណ្ណោះ។ ប៉ុន្តែដោយការចេះស្វែងយល់របស់ប្រជាកសិករខ្មែរ ពីការដាំដំណាំហូបផ្លែល្មើនេះ កសិករមួយចំនួនទើបតែធ្វើការដាំដុះនិងមួយចំនួនទៀតក៏ដាំយូរហើយ និងកំពុងតែប្រមូលផលបានបណ្តើរៗហើយផងដែរ៕


