ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសអ៊ីឆេ ង៉ូវហេង ហ្វូដប្រដាកសិនអូហ្វកំពត បានប្រាប់ឧកញ៉ាញូស៍ថា សហគ្រាសនេះមានអាយុជាង ២៧ ឆ្នាំហើយចាប់ពី ឆ្នាំ១៩៩៥ មកដល់បច្ចុប្បនេះ។
សហគ្រិនវ័យ ៥៨ ឆ្នាំបានបន្តថា សហគ្រាសនេះបានបង្កើតឡើងព្រោះ ខេត្តកំពតនេះជាទីតាំងដែលមានសក្ដានុពលក្នុងការផលិតទឹកត្រី ព្រោះជាតំបន់សមុទ្រដែលអាចនេសាទត្រីយកមកកែច្នៃចេញជាផលិតផលផ្សេងៗរួមទាំងផលិតជាទឹកត្រីផងដែរ។
សម្រាប់សហគ្រាសអ៊ីឆេ ង៉ូវហេង ហ្វូដប្រជាកសិនអូហ្វកំពត មិនត្រឹមតែផលិតទឹកត្រីប៉ុណ្ណោះទេ ក៏មានផងដែរទឹកម្ទេស ម្រេច ទឹកស៊ីអ៊ីវ ព្រមទាំងទឹកជ្រលក់ផ្សេងៗ។
លោកឧកញ៉ាក៏បានបញ្ជាក់ផងដែរថា ទឹកត្រីរបស់លោកគឺរសជាតិមិនសូវប្រៃពេក ដែលរូបមន្តនៃការធ្វើនេះបានបន្សល់ទុកតាំងពីដូនតាមកម្ល៉េះ។ បច្ចុប្បន្ននេះ ទឹកត្រីង៉ូវ ហេង ហាក់មានសន្ទុះខ្ពស់ឡើងយ៉ាងគួរឱ្យកត់សម្គាល់ដោយមានការនាំចេញមករាជធានីភ្នំពេញយ៉ាងច្រើន រួមទាំងបណ្ដាខេត្តផ្សេងៗផងដែរ ដែលតួលេខប្រចាំខែគឺបាននាំចេញរហូតដល់១០ម៉ឺនលីត្រ។
ឆ្លើយតបដោយឥតលាក់ឧកញ៉ា ចាន់ ស៊ីថា បានបង្ហើបប្រាប់ថា ការបើកសហគ្រាសផលិតទឹកត្រីនេះលោកចាយដើមទុនប្រមាណជាង២ម៉ឺនដុល្លារ។
ជាមួយគ្នានេះ សហគ្រាស ង៉ូវ ហេង ក៏បើកទ្វារទទួលភ្ញៀវដែលមានបំណងចង់មកទស្សនាសហគ្រាសផលិតទឹកត្រីនេះដែរ។
គួររំលឹកផងដែរ ថ្មីៗនេះសហគ្រាសអ៊ីឆេ ង៉ូវហេង ហ្វូដប្រដាកសិនអូហ្វកំពត បានទទួលកញ្ចប់វិនិយោគពីអង្គការ UNIDO ដែលអង្គការនេះបានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងការផ្ដល់ជំនួយដល់សហគ្រិនក្នុងស្រុក៕