ស្បែក​ជើង ​កម្រាល​ជូត​ជើងច្នៃពី​​ស្រ​កី​ដូង​ ល្បី​ដល់​តារា​ហូលីវូដ​ អែនជេលីណា ជូលី

អាជីវកម្ម

​សិប្បកម្ម​ដូង​តា​កែវ​ ​ក្រៅ​ពី​មាន​ការ​គាំ​ទ្រ​ទាក់​ទាញ​ពី​អតិថិជន​ខ្មែរ​ ផលិតផល​ដែលកែច្នៃ​ដោយ​សិប្បកម្មជនពិការ​​បានទទួល​ការ​គាំទ្រ​ពី​តារា​ដ៏​ល្បី​របស់​អាមេរិក​ផង​ដែរ​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ

លោក​ មាគ ស៊ន ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ​ បាន​ប្រាប់​ឧកញ៉ាញូស៍ថា កាល​ពី​អំឡុង​ខែ​ កុម្ភៈ ឆ្នាំ​ទៅ​ តារា​ហូលីវូដ​ អែនជេលីណា ជូលី​ មក​ស្រុក​ខ្មែរ​បាន​ជាវ​កម្រាល​ជូត​ជើង​ពី​ខាង​សិប្បកម្ម​របស់​លោក​។ នេះ​បង្ហាញ​ពី​ភាព​ប្រណិត​ និង​លក្ខណៈ​ធម្មជាតិ​ដែល​យើង​បាន​កែ​ច្នៃ​ផលិតផល​ដ៏ល្អពិសេស​ រហូត​ដល់មាន​ការ​ចាប់​អារម្មណ៍​ពី​តារា​សម្តែង​កម្រិត​ថ្នាក់​ពិភពលោក​ទិញ​យកទៅប្រើប្រាស់។

សិប្បកម្ម​លោក មាគ ស៊ន មានទីតាំង​ស្ថិតនៅស្រុក ត្រាំកក់ ខេត្ត តាកែវ​ បច្ចុប្បន្ន​មាន​បុគ្គលិកបម្រើ​ការងារ​ជាង ៣៨ នាក់ ភាគជ្រើន​ជា​ជនពិការ​ភាព​ ស្រ្តី​មេម៉ាយ​ អ្នក​មាន​ផ្ទុក​មេរោគ​ និង​ គ្រួសារ​ងាយ​រង​គ្រោះ​។

ក្នុង​សិប្បកម្មក្រៅពីកែច្នៃ​ដូង​ ជា​ស្បែក​ជើង​ កម្រាល​ជូត​ជើង​ ក៏​មាន​ការ​ច្នៃ​ទ្រនាប់​ចាន​ ទ្រនាប់​កែវ​ កម្រាល​ព្រំ​ ហើយ​ក៏​ការ​​កាត់​ដេរ​ឯក​សណ្ឋាន​សិស្ស​ តម្បាញ​ កែ​ច្នៃ​ដើម​ចេក​ជា​ក្រមា​ ជា​ដើម​។

​លោក​ មាគ ស៊ន ឲ្យ​ដឹង​ថា ការ​កែច្នៃ​​ស្រកី​ដូង​ទៅ​កិន​បាន​ទាំង​ស្រកី​ដូង​ម៉ត់​ផង​ បាន​ទាំង​សរសៃ​ផង​។ ​ស្រកី​ដូង​ម៉ត់​អាច​យក​ទៅ​លាយ​ជា​មួយ​ជី​ ផ្សាំ​ដំណាំ។​ ចំណែក​ឯ​សរសៃ​យក​មក​រៀប​ចំ​ធ្វើ​ជា​ ស្បែក​ជើង​ កម្រាល​ជូត​ជើង​​ជាដើម។

ស្បែកជើងស្រកីដូង

ការកែច្នៃ​​ស្បែក​ជើង​ពី​ស្រកី​ដូង​ ហើយ​ដើម្បី​បាន​ស្បែកជើង​ក្នុង​មួយ​គូត្រូវ​​ចំណាយ​ពេល​និង​​ពលកម្ម​ច្រើន​ រហូត​ទៅ​ដល់​ ៥​ ដំណាក់​កាល​ ដោយ​ក្នុង​មួយថ្ងៃ​ផលិត​បាន​ត្រឹម​តែ​ ៥ ទៅ ៨ គូប៉ុណ្ណោះ​ លក់​ក្នុង​តម្លៃ​ ១០ ដុល្លារ ទៅ ១២ ដុល្លារ ក្នុង​មួយ​គូ។ ទោះ​បី​ជា​មាន​តម្លៃ​រាង​ថ្លៃ​បន្តិច​បើ​ប្រៀប​ធៀប​​ជា​មួយ​ស្បែក​ជើង​ជ័រ​ធម្មតា​ តែ​ស្បែក​ជើង​ស្រកី​ដូង​ មាន​គុណ​ភាព​ជាង​ ជាប់​ល្អ​ ជួយ​សម្អាត​ជើង​ ទុក​បាន​យូរ​។

កម្រាលជូតជើង

លោក មាគ ស៊ន បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​បង្កើត​ឲ្យ​មាន​មណ្ឌល​សិប្បកម្ម​ គឺ​​ដើម្បី​ចង់​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិការ គ ថ្លង់​ ស្រ្តី​មេម៉ាយ​ មាន​ការ​ងារ​ធ្វើ​ ។ ទី ២ ធ្វើ​ការ​ងារ​ក្លាយ​ជា​មោទនភាព​របស់​បង​ប្អូន​ជន​ពិការ​ ( រាល់​ការងារ​ដែល​បង្កើត​ឡើង​ តម្រូវ​ទៅ​តាម​កាយ​សម្បទា​ដែល​អាច​ធ្វើ​បាន​ ប្រព័ន្ធ​ការងារ​មួយ​ ឲ្យ​មនុស្ស​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា​ ហើយ​សាក​សម​ជា​មួយ​សមត្ថភាព​រៀង​ៗ​ខ្លួន​ )។ ទី ៣ ឃើញ​ថា​ សក្តានុពល​របស់​ដូង​នៅ​ប្រទេស​កម្ពុជា​​ជា​ដំណាំ​គ្រួសារ​ ជា​ពិសេស​ខេត្ត​តាកែវ​ ទើប​មាន​សិប្បកម្ម​នេះ​ឡើង​ ដើម្បី​ជា​អត្តសញ្ញាណ​ខេត្ត​ តាកែវ​ ផង​ដែរ​ ។ ទី ៤ អ្វី​សំខាន់​លើក​ស្ទួយ​ ឲ្យ​ប្រជាជន​មាន​ការ​ងារ​ធ្វើ​ មាន​ចំណូល​អភិវឌ្ឍ​គ្រួសារ​ឲ្យ​មាន​ជីវភាព​សមរម្យ​ ។

ក្នុង​នាម​ជា​ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ លោក​ បាន​សង្ឈឹម​ថា​ ប្រជាជន​ខ្មែរ​ទាំង​អស់​ ដែល​មាន​ការ​ចាប់​​អារម្មណ៍​ ចេះ​កែច្នៃ​ នូវ​ផលិត​ផល​ កែច្នៃ​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ខ្មែរ​ ជាពិសេស​ធម្មជាតិ​ ។ ជាមួយ​គ្នា​នេះ ក៏​ផ្តាំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​មើល​ពី​បរិស្ថាន​ធម្មជាតិ​ ឲ្យ​ចេះ​កេច្នៃ​ប្រឌិត​ ដើម្បី​ជា​ការ​បង្កើត​ការងារ​ក្នុង​ស្រុក​៕