ម្ចាស់អាជីវកម្ម និងអ្នកជំនាញនឹងជួបជជែកគ្នាលើរឿងរ៉ាវការអភិវឌ្ឍវិស័យSMEនៅកម្ពុជា ក្រោយសម័យកូវីដ

អាជីវកម្ម

បើមិនមានអ្វីប្រែប្រួលទេ ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចនៅកម្ពុជា គ្រោងនឹងរៀបចំវេទិកាម្ចាស់អាជីវកម្មក្រោយកូវីដ១៩ និងរលកសេដ្ឋកិច្ចសាកលថ្មី នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នាសណ្ឋាគារភ្នំពេញ ជាការបញ្ជ្រាបព័ត៌មានដល់ម្ចាស់អាជីវកម្មពីដំណើរអភិវឌ្ឍវិស័យSME នឹងការអភិវឌ្ឍសេដ្ឋកិច្ចសកល និងគោលនយោបាយឆ្លើយតបរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់នឹងវិបត្តិដែលអាចនិងកើតមានឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កឹម អឿន អគ្គនាយកសហគ្រាសអប់រំហូមឌូខេសិន នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវេទិកាម្ចាស់អាជីវកម្មកម្ពុជា នាព្រឹកថ្ងៃចន្ទទី២៩សីហានេះ បានឲ្យដឹងថា វេទិកានេះ ដើម្បីផ្តល់ព័ត៌មានដល់អាជីវកទៅថ្ងៃអនាគត SMEមានដំណើរអភិវឌ្ឍន៍ទៅណា? សេដ្ឋកិច្ចពិភពលោកទៅណា? សេដ្ឋកិច្ចតំបន់ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងតម្រង់ទៅណា? ហើយបានជះឥទ្ធិពលអ្វីខ្លះទាំងវិជ្ជមានទាំងអវិជ្ជមានមកលើម្ចាស់អាជីវកម្ម។

បើតាមលោក កឹម អឿន វេទិកានេះគ្រោងនឹងធ្វើឡើងពេញមួយថ្ងៃ នៅថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ ហើយរំពឹងថានឹងមានអ្នកចូលរួមមកពីសមាគមអាជីវកម្ម អ្នករៀបចំគោលនយោបាយ ធនាគារ អ្នករកស៊ីម្ចាស់អាជីវកម្ម ម្ចាស់ជំនួយ ស្ថាប័នពាក់ព័ន្ធ និងមានអ្នកជំនាញប្រហែលជា ១០រូបនិងមកធ្វើការចែក រំលែក និងមានការជជែកវែកញែកច្រើនដោយមានប្រធានបទផ្សេងៗគ្នា។

លោកបន្ថែមថា ក្នុងនោះវេទិកាក៏មាន ក៏មានការចែករំលែកបទពិសោធ ចំណេះដឹង ជំនាញក្នុងការជំរុញអោយអាជីវកម្មខ្នាតតូច និងមធ្យមឱ្យកាន់តែរីកចម្រើនទៅមុខ៕