ណែនាំឱ្យស្គាល់ទឹកសណ្ដែកសិរីរាង្គមួយប្រភេទដែលមិនប៉ះពាល់ដល់សុខភាព

អាជីវកម្ម

ទឹកសណ្ដែកសិរីរាង្គ Mae soy ជាផលិតផលខ្មែរនៅក្នុងស្រុកមួយដែលផលិតឡើងពីវត្ថុធាតុដើមនៅក្នុងស្រុក មិនប៉ះពាល់ដល់សុខភាព ដែលមានដូចជា ស្លឹកតើយ​ សណ្ដែកសៀង និងផ្កាមេអំបៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សាន់ វិច្ឆិកាលក្ស្មី  ជាស្ថាបនិក អាជីវកម្មម៉ែសយបានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា សហគ្រាសនេះបើកដំណើរការបានមិនទាន់ដល់១ឆ្នាំទេ ដែលចាប់ផ្ដើមបើកនៅថ្ងៃទី19 ខែវិចិ្ឆកា ឆ្នាំ2021។

លោកស្រីបានលើកឡើងថា សហគ្រាសនេះបើកជាលក្ខណៈខ្នាតតូចឬជាលក្ខណៈគ្រួសារតែប៉ុណ្ណោះដោយមិនមានបុគ្គលិកឬកម្មករទេ ។

ស្ថាបនិកវ័យ២៨ឆ្នាំបានបន្តថា គោលបំណងដែលបើកសហគ្រាសផលិតទឹកសណ្ដែកនេះគឺចង់ផ្តល់ឱ្យអតិថិជននូវភេសជ្ជៈប្រកបដោយគុណភាពល្អសម្រាប់សុខភាពដែលជ្រើសរើសយកគ្រឿងផ្សំសរីរាង្គមានស្រាប់ក្នុងស្រុក និងធ្វើដោយខ្លួនឯងផ្ទាល់ ដើម្បីរួមចំណែកធ្វើឱ្យសហគមន៍នៅក្នុងប្រទេសកម្ពុជាមានសុខភាពល្អនិងសប្បាយរីករាយ។

ចំពោះលក្ខណៈពិសេសរបស់ទឹកសណ្តែកសរីរាង្គនេះវិញគឺការផលិតជ្រើសរើសយកសណ្តែកសៀងមកប្រើ ដែលជាសណ្តែកដាំដុះនៅខេត្តមណ្ឌលគិរី។ សណ្ដែកនេះមានសភាពខាប់ល្អ មិនប្រើសារធាតុរក្សាទុក ក្លិន និង ពណ៌សិប្បនិមិ្មតឡើយ។ ក្នុងពេលបច្ចុប្បន្ននេះ Mae soyផលិតបាន 3 រសជាតិហើយ គឺ រសជាតិសណ្តែកសុទ្ធ  (មិនមានស្ករ) រសជាតិស្លឹកតើយ (ស្ករ25%) និងរសជាតិផ្កាមេអំបៅ (ស្ករ 25%)។

វត្ថុធាតុដើមក្នុងការផលិតនេះ សម្រាប់ស្លឹកតើយដាំដោយខ្លួនឯងនិងទិញពីអ្នកស្រុកខ្លះ រី​ឯផ្កាមេអំបៅគឺដាំខ្លួនឯងផ្ទាល់តែម្ដង។

បើក្រលេកមកមើលតម្លៃវិញទឹកសណ្តែកនេះមិនថ្លៃនោះទេគឺតុល្យភាពជាមួយនឹងគុណភាពតែម្ដងដែលតម្លៃមាន 3ជម្រើស សម្រាប់ដប ប្លាស្ទីក  330ម.ល. 1.25$/ដប ដបថ្ម 500ម.ល. 3.75$/ដប ដបថ្ម  1000ម.ល. 4.5$/ដប រិតតែពិសេសនោះសម្រាប់ភ្ញៀវដែលមានសំបកដបទិញលើកមុន អាចយកមកបំពេញវិញដោយខាងសហគ្រាសគិតតែថ្លៃទឹកសណ្តែកប៉ុណ្ណោះ ដកថ្លៃដបចេញ។ការធ្វើបែបនេះដើម្បីរួមចំណែកជួយបរិស្ថាន និងកាត់បន្ថយប្លាស្ទីក។

សម្រាប់ទឹកសណ្តែកសរីរាង្គនេះមិនមានសារធាតុឡាក់តូសទេ (Lactose Free)ដែលអ្នកញ៉ាំអាចញ៉ាំដោយជឿជាក់ដោយមិនប៉ះពាល់ដល់សុខភាពដូចជាហើមពោះឬរាគជាដើម។

ក្នុងការបើកដំណើរការសហគ្រាសនេះ ស្ថាបនិកវ័យក្មេងសម្ដីផ្អែមបានប្រាប់ឥតលាក់គឺចាយដើមទុនអស់៥០០ដុល្លារក្នុងការបណ្ដុះពន្លកសហគ្រាសនេះ។

លោកស្រីបានបន្តថា ការបើកសហគ្រាសនេះគឺមានផលលំបាកក៏ដូចជា កត្ដាប្រឈមជាច្រើនដែរដូចជា៖

  • សហគ្រាសបើកជាលក្ខណៈ homemade មិនមានសារធាតុរក្សាទុកបានយូរ ពិបាកក្នុងការចែកចាយ (បើលក់សល់គឺខូចចោល ប្រឈមនឹងការខាត)
  • ការទុកដាក់គឺត្រូវរក្សាទុកក្នុងទូរទឹកកក ឬក្លាសេក្នុង សីតុណ្ហភាពចន្លោះ 2-7°c  ទើបទុកបាន 7-10 ថ្ងៃ។
  • ការដាក់លក់នៅក្នុងហាងលក់ភេសជ្ជៈគឺត្រូវមើលទៀត ដើម្បីអោយប្រាកដថាផលិតផលរបស់យើងអាចដាក់នៅទីនោះបានហើយរក្សារគុណភាពល្អ។
  • ចំពោះការផលិតគឺ ចំណាយពេលគួរសម ទម្រាំបានជាផលិតផលសម្រេច ត្រូវចំណាយពេលត្រាំសណ្តែកជាច្រើនម៉ោង, កិន និងកូរដោយយកចិត្តទុកដាក់  បើខ្លោចគឺចោល។
  • បច្ចុប្បន្នសហគ្រាសរបស់លោកស្រីអតិថិជនស្គាល់មិនច្រើនទេ ដូច្នេះការលក់ក៏មិនទាន់បានច្រើនដែរ។
  • ផ្នត់គំនិតរបស់អតិថិជនមួយចំនួនគឺគិតថា ផលិតផលខ្មែរមិនមានគុណភាពល្អដូចរបស់នាំចូលពីក្រៅប្រទេស។
  • កង្វះខាតដើមទុន
  • សហគ្រាសនេះផ្តើមពីតូច មិនមានបុគ្គលិកដែលចេះជំនាញផ្សេងៗ អ៊ីចឹង ទាំង ការ លក់  រកអតិថិជន ការផ្សព្វផ្សាយដោយផ្ទាល់តាមរយៈការលក់ក្នុងពិព័រណ៍នានា ការឌីហ្សាញផុសស្ទ័រ Digital market, accounting, customer service….  និងការងារផ្សេងៗ សុទ្ធតែ ធ្វើខ្លួនឯង។

ជាមួយគ្នានេះលោកស្រី លក្ស្មីក៏បានប្រាប់ផងដែរថា អត្ថន័យនៃ ឈ្មោះម៉ែសយនេះគឺលោកស្រីចង់បង្ហាញន័យថា “ម៉ែ”  តំណាងឱ្យម្តាយលោកស្រីផ្ទាល់ដែលជាគ្រូបង្រៀនម្នាក់ហើយខិតខំប្រឹងប្រែងទំនុកបម្រុងគ្រួសារ ដែលអ្នកម្ដាយលោកស្រីផ្ទាល់ជាអ្នកធ្វើទឹកសណ្តែក។ ចំណែកឯ”សយ” គឺមកពីភាសាអង់គ្លេស “Soybean”  ហើយ  tag line  របស់សហគ្រាសគឺ “Celebrating Moms” មានន័យថា  អបអរសារទរទៅដល់ម្តាយគ្រប់រូបក្នុងការលះបង់សម្រាប់គ្រួសារ និងចង់លើកកម្ពស់ស្នាដៃឬទេពកោសល្យដល់ម្តាយឱ្យគេស្គាល់។

សូមរំលឹកផងដែរថា សហគ្រាសម៉ែសយនេះមានទីតាំងនៅភូមិគ្រួស  សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប៕

ម្ដាយស្ថាបនិកលោកស្រីលក្ស្មី