ធ្លាប់តែជាគ្រូបង្រៀនកុងត្រា បែរមកសម្រេចចិត្តប្រកបមុខរបរលក់ម្ជូរក្រឡុក ដោយផ្តើមទុនត្រឹមតែ ៣០០ ដុល្លារ មកក្លាយជាម្ចាស់ប្រេនឆាយជាង ៥ សាខា និង ទទួលលក់ប្រេនឆាយ ទូទាំង ២៥ ខេត្ត ក្រុង ។
ម្ចាស់ប្រេនឆាយស្លាកយីហោ ” ម្ជូរក្រឡុកចុងស្ពាន ” ក្នុងសង្កាត់រតនៈ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង អ្នកស្រី ឡាយ សុគន្ធា បានប្រាប់ឧកញ៉ាញូស៍ឲ្យដឹងថា ដោយពីដើមអ្នកស្រី និង ស្វាមី ជាគ្រូបង្រៀនកុងត្រា តែនៅពេលចប់កុងត្រា ពិបាករកការងារធ្វើ ក៏ងាកមកផ្តើមលក់ម្ជូរក្រឡុក ដែលលក់ដំបូងចំណាយត្រឹម ៣០០ ដុល្លារ ឬ ១ លាន ២០ ម៉ឺនរៀល តែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ មានបុគ្គលិករហូតទៅដល់ ៧ នាក់ មាន ៥ សាខា ( ភ្នំពេញ សៀមរាប កំពង់សោម បាត់ដំបង ២ សាខា ) ដែលឈរជើងជាង ៥ ឆ្នាំ មកហើយ ។
អ្នកស្រី បានឲ្យដឹងបន្ថែមថា ក្នុងមួយថ្ងៃ អាចរកចំណូលបានជាង ១ លានរៀល ដោយថ្ងៃណាដាច់ខ្លាំងរកពេលចិតមិនទាន់ការកម្មង់របស់អតិថិជនផងក៏មាន។ នេះមកពីខាងម្ជូរក្រឡុកអ្នកស្រីមានចំណុចពិសេសដូចជា ១ អំបិលមានរសជាតិឆ្ងាញ់ ដោយអំបិលទាំងអស់មានជាង ១០០ មុខ រសជាតិប្លែកៗពីគ្នាគ្រប់មុខ។ ២ ធ្វើតាមតម្រូវការចិត្តភ្ញៀវ តាមការកម្មង់របស់អតិថិជន។ ៣ ចំពោះការវេចខ្ចប់មានអនាម័យ បុគ្គលិកមានភាពរួសរាយរាក់ទាក់ទៅកាន់អតិថិជន។ អ្វីដែលពិសេសគឺអតិថិជនដែលទទួលទិញប្រេនឆាយ មានការបង្រៀនធ្វើទីផ្សារ គ្រប់គ្រងបុគ្គលិក ហិរញ្ញវត្ថុបន្ថែមទៀត។
ចំពោះប្រេនឆាយ ម្ចាស់អាជីវកម្មម្ជូរក្រឡុករូបនេះបានលើកបន្ថែមថា លក្ខខណ្ឌដើម្បីទទួលបានប្រេនឆាយ ទី ១ ឈុតតូចមានតម្លៃ ២០០០ ដុល្លារ ទទួលបានសម្ភារៈមួយឈុតរួមមាន ទូរលក់ បណ្តោយ ២ ម៉ែត្រ ទទឹង ៧ តឹក ហ្វ្រីអំបិល ២០ មុខ (២០ រសជាតិ) ចំ់នួន ៥០ គីឡូក្រាម គ្រឿងម្ជូរគ្រប់មុខទាំងប្រភេទស្រស់ និងប្រភេទត្រាំ។ ចំណែក ឈុតធំមានតម្លៃ ៣៥០០ ដុល្លារ ទទួលបានទូរលក់ បណ្តោយ ២.៥ ម៉ែត្រ ទទឹង ១ ម៉ែត្រ សម្ភារៈផ្សេងៗដូចជា ភ្លើង កង្ហារ ហ្រ្វីអំបិល ១០០ គីឡូក្រាម ២០ មុខ មួយមុខ ១០ គីឡូក្រាម។ ចាប់តាំងពីការបើកលក់ប្រេនឆាយនេះមក ឃើញថា មានអតិថិជនចាប់អារម្មណ៍ច្រើនដូចជា ខេត្តបន្ទាយមានជ័យ ខេត្ត ត្បូងឃ្មុំ ភ្នំពេញ កំពុងត្រៀមនឹងទិញខាងមុខ ។
ម្ចាស់អាជីវកម្មវ័យ ៣១ ឆ្នាំ រូបនេះបានលើកឡើងថា អ្នកស្រី មានការរំពឹងក៏ដូចជាមានទស្សនៈវិស័យថា មុខរបរលក់ម្ជូរមួយនេះ គឺកំពុងពេញនិយមខ្លាំង មុខរបរនេះមិនសាបសូន្យទេ ឲ្យតែមានការពង្រឹងទៅលើអំបិល ការក្រឡុក អនាម័យ សេវាកម្មលក់បានល្អ។
ជាមួយគ្នានេះ អ្នកស្រី ក៏មើលឃើញថា ប្រជាជនខ្មែរចូលចិត្តទទួលទានម្ជូរ។ អ្វីកាន់តែកត់សម្គាល់ អតិជនដែលទិញប្រេនឆាយលក់បន្តនៅតាមសាខានានា មានការលក់ដាច់ខ្លាំង ដូចជា សៀមរាប បាត់ដំបង ភ្នំពេញ ជាដើម៕