លោកស្រី ខែក ខេមរ៉ាត់ បច្ចុប្បន្នកំពុងរវល់ខ្លាំងគ្រប់គ្រងជំនួញដល់ទៅ ៥ក្រុមហ៊ុនឯណោះ

អាជីវកម្ម

ស្ថិតនៅក្នុងវ័យជាង៣០​ឆ្នាំ មានទីកន្លែងកំណើតនៅទីរួមខេត្តកំពង់ចាម លោកស្រី ខែក ខេមរ៉ាត់​ បច្ចុប្បន្នកំពុងរវល់ខ្លាំងទៅលើការគ្រប់គ្រងក្រុមហ៊ុនជាច្រើនក្នុងពហុវិស័យ ដូចជា ប្រព័ន្ធផ្សព្វផ្សាយ ទេសចរណ៍ និងម្ហូបអាហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីបានចាប់ផ្ដើមអាជីវកម្មដំបូងក្នុងឆ្នាំ២០០៩ ដែលមានឈ្មោះថា ក្រុមហ៊ុន​ Blue Media​ ជាក្រុមហ៊ុនផលិតកម្មវិធីវីដេអូឯកសារ ផ្តើមចេញពីទុនគំនិតស្រឡាញ់ចូលចិត្តការអាន និងសរសេរ ហើយនឹងធ្លាប់ជាបុគ្គលិកហាត់ការនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាផងដែរ។

ក្រុមហ៊ុន Blue Media របស់លោកស្រីក្រៅតែពីផលិតវីដេអូឯកសារ ក៏ល្បីល្បាញជំនាញខាងការរចនារូបភាព (Design) និងរចនាវីដេអូក្រាហ្វីច (3D,2D Animation) ជាដើម។

លោកស្រី ខែក ខេមរ៉ាត់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០២ ហើយបានបន្តការសិក្សារហូតបញ្ចប់មហាវិទ្យាល័យជំនាញសរសេរព័ត៌មាន នៅប្រទេសហ្វីលីពីន និងក្រោយមកទៀតលោកស្រី ក៏បានទៅរៀននៅប្រទេសកូរ៉េវិញម្តង ផ្នែកសរសេរភាពយន្តឯកសារ (Documentary Film) នៅក្នុងឆ្នាំ២០០៧។

លោកស្រី ត្រូវបានមហាជនចាត់ទុកថា ជាអ្នកកាសែតស្រ្តីដ៏ឆ្នើមម្នាក់នៅប្រទេសកម្ពុជា និងហើយក៏ជាផលិតករដ៏ជំនាញផ្នែកផលិតវីដេអូឯកសារទៅឱ្យក្រសួង ស្ថាប័នជាតិនានា និងក្រុមហ៊ុនធំៗមួយចំនួន។ ពិសេសទៀតនោះ នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីក៏កំពុងធ្វើការជំរុញឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា មានការរីកចម្រើន ដូចមុនវិបត្តិកើតជំងឺកូវីដ-១៩ តាមរយៈក្រុមហ៊ុនយន្តហោះដឹកជញ្ជូនជាដើម។

ប្រភពជិនតស្និទនឹងលោកស្រីអគ្គនាយិការ Blue Media បានបង្ហើបថា ថ្មីៗនេះលោកស្រីបានជួបពិភាក្សាការងារត្រៀមបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុនមកពីប្រទេសថៃ និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណៈការនិងដឹកជញ្ជូន។

លោកស្រី ខែក ខេមរ៉ាត់ ប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ Blue Media​ ជាក្រុមហ៊ុនដំបូងរបស់ខ្លួន ក្រោយរៀនចប់ពីប្រទេសកូរ៉េ។ ក្រៅពីក្រុមហ៊ុន Blue Media លោកស្រីកំពុងគ្រប់គ្រងអាណាចក្រជំនួញប្រមាណ ៤ ក្រុមហ៊ុននៅក្នុងដៃ ដូចជា ក្រុមហ៊ុន JFT Jet សេវាកម្មយន្តហោះឯកជន, K-Air Ambulance សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់,Village Chef ផ្តល់សេវាកម្មម្ហូបអាហារ, Blue Estate ដែលវិនិយោគលើវិស័យអចលនទ្រព្យ, ហាងវិចិត្រសាល សន្លឹកទេស ដែលជាហាងជាងគំនូរផលិតដោយស្នាដៃកូនខ្មែរ។

ត្បិតជាអ្នក​ប្រកប​អាជីវកម្ម​រកប្រាក់ចំណេញ​ក៏ពិតមែន​ តែអតីតនិស្សិតសាលាកាសែតរូប​នេះ​ អះអាង​ថាថាលោកស្រីតែង​តែ​ដក​ប្រាក់​ចំណូល​មួយ​ចំណែក​នៃប្រាក់​ចំណេញ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌។

តាមរយៈទំព័រហ្វេសប៊ុកថ្មីៗនេះ លោកស្រីត្រូវបាមិត្តភ័ក្ខសួរថាលោកស្រីរវល់ម្លេះ? ជាការឆ្លើយតប លោកស្រីថា រវល់បន្តិចមែនដោយសារគ្រប់គ្រងក្រុមហ៊ុនទាំងនេះ ( Blue Media, JFT Jet, K-Air Ambulance ,Village Chef, Blue Estate) តែយ៉ាងណាក៏តែងតែឆ្លៀតពេលទំនេរជានិច្ចជាមួយក្រុមគ្រួសារ និង មនុស្សស្និតស្នាល។

លោកស្រី ខែក ខេមរ៉ាត់ បានបង្ហាញទស្សនៈក្នុងជីវិតនិងជំនួញយ៉ាងដូច្នេះថា៖ «ពេលវេលាដើរលឿនទៅមុខ ពុំមាននរណាម្នាក់ដឹងមុនឡើយថាស្អែកនឹងមានរឿងអ្វីកើតឡើង។ មានអ្នកខ្លះឃ្លាតឆ្ងាយទៅដោយមិនបានលា…! ចូររក្សាទំនាក់ទំនងដែលអ្នកមានឱ្យយល្អនៅថ្ងៃនេះ មិនថាមិត្តរួមការងារ ឬអ្នកក្បែរកាយ។ ប្រឹងប្រែងធ្វើការ តែក៏ត្រូវមើលថែសុខភាពខ្លួនផងដែរ។ លោកស្រីបន្តថា មុខជំនួញស្លាប់ នៅមានពេលស្រោចស្រង់ តែបើសុខភាពស្លាប់ គ្រប់យ៉ាងនឹងហួសពេល»៕