លោកស្រី ខៀវ សស៊ីលៀប៖ សម្លឹងឃើញឱកាសនៅមាន, ជឿជាក់អតិថិជនកំពុងរង់ចាំគាំទ្រនូវផលិតផលខ្មែរ ទើបផលិតស្រាបៀរហនុមាន

អាជីវកម្ម

ក្រុមហ៊ុនផលិតស្រាបៀរ ហនុមាន ប្រកាសចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអនុវត្តការតម្លើងឧបករណ៍វ៉ាស់ចំណុះស្រាបៀរ និងពង្រឹងនូវតម្លាភាពការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងវិស័យភេសជ្ជៈនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស​ នៅក្នុងសន្និសិទសារព័ត៌មាននាពេលថ្មីៗនេះ បានលើកឡើងថា៖ «ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្ម ជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្ត ការតម្លើងឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក៏ដូចជាការចូលរួមពង្រឹងនូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈនៅកម្ពុជា»។ 

លោកស្រីថ្លែងថា៖ «សម្រាប់ការឈានចូលទីផ្សារក្នុងកាលៈទេសៈដែលកំពុងមានការប្រកួតប្រជែងខ្លាំង មិនមែនជារឿងងាយស្រួលនោះទ។ យ៉ាងណាមិញលោកស្រីសម្លឹងឃើញឱកាសនៅមាន ដោយយល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងជឿជាក់ថាអតិថិជនកំពុងរង់ចាំគាំទ្រនូវផលិតផលខ្មែរ ដែលមានគុណភាពពិតប្រាកដ ជាផលិតផលដែលធ្វើឲ្យទាំងអស់គ្នាមានមោទនភាពក្នុងការណែនាំដល់មនុស្សបន្ត»។

លោកស្រីបន្ថែមថា ការដែលបង្កើតក្រុមហ៊ុន ហនុមាននេះឡើង ​គឺលោកស្រីបានគិតគូរយ៉ាងលំអិត និងច្បាស់លាស់ ក្នុងគោលដៅរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកវិស័យឧស្សហកម្មនៅកម្ពុជា ជាពិសេសគឺបង្កើនការផលិតក្នុងស្រុកឲ្យកាន់តែរីកចំរើន ក៏ដូចជាគោលបំណងចំបងរបស់លោកស្រីគឺចង់ចូលរួមចំណែកក្នុងការបង្កើតការងារដល់កូនខ្មែរឲ្យកាន់ច្រើន។ 

ការដាក់ឲ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ នៅគ្រប់ខ្សែសង្វាក់ផលិតកម្ម នេះគឺជាការចាប់ផ្តើមអនុវត្តរបស់ក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។

យ៉ាងណា សម្រាប់លោក  គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ គូសបញ្ជាក់ថា ការបំពេញកាតព្វកិច្ចនេះ បានឆ្លុះបញ្ចាំងអំពី អភិបាលកិច្ចសាជីវកម្ម ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀត ក្នុងវិស័យផលិតស្រាបៀរ និងភេជ្ជៈ គ្មានជាតិសុរា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក គង់ វិបុល បានបញ្ជាក់បន្ថែមថា ការចូលរួមសហការអនុវត្តយន្តការនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំង អំពីអភិបាលកិច្ចសាជីវកម្ម (Corporate Governance) ដ៏ល្អប្រសើររបស់ក្រុមហ៊ុនផ្ទាល់ និងជាគំរូល្អ សម្រាប់សហគ្រាសដ៍ទៃទៀត ក្នុងវិស័យដូចគ្នានេះ ក៍ដូចសហគ្រាសទូទៅ និងជាការរួមចំណែក មិនអាចខ្វះបាន ពីវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់ នៃ សេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ជាមួយទុនវិនិយោគរហូតដល់ ១៦០ លានដុល្លារ ដែលមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ហើយក៏អាចផ្តល់ឱកាសការងារប្រមាណជាង ១.៦០០កន្លែងផងដែរ៕