តើអាជីវកម្មបរិយាប័ន្ន ផ្តល់ផលប្រយោជន៍អ្វីដល់សេដ្ឋកិច្ច-សង្គម?

អាជីវកម្ម

អាជីវកម្មបរិយាប័ន្ន ឬជាភាសាអង់គ្លេសថា Inclusive Business – IB គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ផ្តល់ភាពច្នៃប្រឌិត និងដំណោះស្រាយជាប្រព័ន្ធឆ្លើយតបបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ មានក្រុមហ៊ុនមួយចំនួនបានបង្កើនឱកាសបង្កើតប្រាក់ចំណូល និងស្តង់ដាររស់នៅរបស់ប្រជាជន ដែលនៅកម្រិត របារពីរ៉ាមីត “BoP” ឬ ក្រុមមនុស្សដែលមានចំណូលទាប នៅបាតពីរ៉ាមីតដែលមានអត្រា ប្រមាណ ៤០% “B40” ។ អាជីវកម្មបរិយាប័ន្នជាប្រភេទអាជីវកម្ម ដែលផ្តល់ប្រយោជន៍ដល់ ប្រជាជនក្រីក្រ និងម្ចាស់អាជីវកម្ម ក៏ដូចជាគុណតម្លៃនៃការអភិវឌ្ឍចំពោះរដ្ឋាភិបាល និងសង្គម។

ក្រុមហ៊ុនដែលមានអាជីវកម្មបរិយាប័ន្ន ត្រូវបានបែងចែកជា ៣ ប្រភេទ ដូចខាងក្រោម៖
-គំរូអាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតដោយក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំ ដែលផ្តល់ការ ជះឥទ្ធិពលធំដល់សង្គម។
-គំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ន កើតចេញពីក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ។
-សកម្មភាពអាជីវកម្មបរិយាប័ន្ន ភាគច្រើនកើតចេញពីក្រុមហ៊ុនខា្នតធំ (គំរូអាជីវកម្មបរិយាប័ន្ន) ក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ ក៏ដូចជាក្រុមហ៊ុនខ្នាតធំដែលបង្ហាញ ទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ ដោយ មិនមែនជាការផ្តល់អំណោយម្តងម្កាល ប៉ុន្តែសាកល្បងចាប់យកគំរូអាជីវកម្មបរិយាប័ន្ន ដែលមាននិរន្តរភាពជាងមុន។

ភាពច្នៃប្រឌិតរបស់បណ្តាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន៖ សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន ភាពជោគជ័យនៃ ការធ្វើធុរកិច្ច នឹងនាំមកនូវការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សង្គមទៅវិញទៅមក។ ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន មួយចំនួនទៀត ក៏បានយកចិត្តទុកដាក់ទៅលើដំណោះស្រាយបញ្ហា បរិស្ថានផងដែរ បើទោះជាគោលបំណងចម្បងនៃ អាជីវកម្មបរិយាប័ន្ន គឺការផ្តោតទៅលើប្រជាជនក្រីក្រ មិនមែនបរិស្ថាន ឬការប្រែប្រួលអាកាសធាតុក្តី។

អាជីវកម្មបរិយាប័ន្នភាគច្រើនជាសហគ្រាសធុនមធ្យម៖ សហគ្រាសទាំងនោះមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ទៅ ១០លានដុល្លារអាមេរិក។ ធុរកិច្ចថ្មី និងក្រុមហ៊ុនខ្នាតតូច ដែលមានប្រាក់ចំណូលក្រោម 0,១ លានដុល្លារអាមេរិក មិនត្រូវបានចាត់ទុកជាអាជីវកម្មបរិយាប័ន្ននោះទេ។ ក្រុមហ៊ុនខ្នាតធំមួយចំនួនមានបន្ទាត់អាជីវកម្មបរិយាប័ន្ន ដែលខុសប្លែក ពីអាជីវកម្មគោលរបស់ពួកគេ។

ជាមួយគ្នានេះ អាជីវកម្មបរិយាប័ន្នខុសគ្នាពីសហគ្រាសសង្គម ដោយលើវិសាលភាពនៃការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សង្គម និងភាពជោគជ័យរបស់អាជីវកម្មផ្ទាល់ បើធៀបទៅនឹងការឧបត្ថម្ភ ឬបរិច្ចាគទំហំប្រាក់ចំណូលរបស់សាជីវកម្មសហគ្រាស​ សង្គម។ ភាពខុសគ្នាផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងអាជីវកម្មបរិយាប័ន្ន គឹស្ថិតត្រង់លក្ខណៈវិសេស របស់អាជីវកម្មបរិយាប័ន្នផ្ទាល់ ដែលផ្តោតភាពជោគជ័យនៃអាជីវកម្ម ការផ្តល់វិសាលភាពធំធេងដល់សង្គម​មានលក្ខណៈជាប្រព័ន្ធ។

រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមនូវយុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBEEC)។ យុទ្ធសាស្ត្រនេះ មានអនុសាសន៍គោលគាំទ្រដល់ការជំរុញឱ្យមានការវិនិយោគទៅលើប្រភេទអាជីវកម្ម បរិយាប័ន្នបន្ថែមទៀត និងកាន់តែស៊ីជម្រៅ។

នៅក្នុងអនុសាសន៍នេះ បានបង្កើតប្រព័ន្ធវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន។ ពិសេសនោះ សិក្សាលទ្ធភាពក្នុងការផ្តល់ការលើកទឹកចិត្តលើផ្នែកពន្ធដារ ដល់អាជីវកម្មបរិយាប័ន្ន តាមរយៈច្បាប់វិនិយោគថ្មី៕