រមណីយដ្ឋាន “កោះតាព្រហ្ម” ដែលជាកន្លែងកម្សាន្ត លំហែអារម្មណ៍ថ្មីមួយ ដោយកែច្នៃ ពីកន្លែងជួលទូកទៅស្ទូចត្រីក្លាយជាតំបន់ទាក់ទាញភ្ញៀវចូលទស្សនា ដែលស្ថិតនៅ ភូមិ តាព្រហ្ម សង្កាត់ព្រៃឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក រស់ សិរីរ័ត្ន ជាម្ចាស់រមណីយដ្ឋានកោះតាព្រហ្ម បានឲ្យឧកញ៉ាញូស៍ដឹងថា ដំបូងកោះនេះ ជាតំបន់ល្អ ជាកន្លែងនិយមជួលទូកទៅស្ទូចត្រី ដោយមើលឃើញទេសភាពទីនោះអំណោយផល ម្យ៉ាងមិត្តភក្តិរបស់លោកក៏មានដីនៅទីនោះផង ទើបលោក និង មិត្តរបស់លោកសហការគ្នា បើកជារមណីយដ្ឋាននេះឡើង ។ ប៉ុន្តែ បច្ចុប្បន្នលោកកាន់ជាម្ចាស់តែម្នាក់ឯង ដោយសារតែមានការផ្លាស់ប្តូរទីតាំងរហូតទៅដល់បីដង ពោល គឺ ដំបូងកន្ទុយកោះ បន្ទាប់កណ្តាលកោះ បន្ទាប់មកទៀត ក្បាលកោះ (បច្ចុប្បន្ន) នេះដោយសារតែ ទីតាំងចាស់មានបញ្ហាប្រឈមដូចជា កន្ទុយកោះទឹកលិច មានដើមឈើតិចតួច វាពិបាក ឆ្ងាយ អាកាសធាតុមិនអំណោយផល នៅពេលថ្ងៃគឺក្តៅខ្លាំង ។ល។ មកដល់បច្ចុប្បន្នក៏នៅមានបញ្ហាខ្លះដែរប៉ុន្តែបន្តិចបន្តួចប៉ុណ្ណោះ ទាក់ទង បញ្ហាទូកខូចម៉ាស៊ីននៅតាមផ្លូវទឹក តែមិនមានអ្វីជាការចោទខ្លាំងនោះទេ ។ ចំពោះ ការផ្លាស់ប្តូរទីតាំងនេះ លោកសង្កេតឃើញថា ទីតាំងចាស់ភាគច្រើនជាភ្ញៀវវិញល្ងាច ដោយសារមានដើមឈើច្រើន ចំណែកទីតាំងថ្មី (បច្ចុប្បន្ន) មានវាលស្មៅ ភាគច្រើនជាភ្ញៀវបោះតង់ គេងយប់ ។
លោក បានបន្ថែមថា អ្វីដែលពិសេសនៅ កោះតាព្រហ្ម គឺ ១ កន្លែងលោកមានការចំណាយតិច ពោល គឺ ចំពោះអ្នកទៅវិលល្ងាច ម្នាក់ត្រឹមតែ ៥០០០ រៀល ទទួលបាន ទូកចម្លងទៅវិញទៅមក មានកន្លែងអង្គុយលេង មានកញ្ចុះ ចង្រ្កានអាំងសាច់ ធុងទឹកកក កៅអី ជាពិសេសអាចយកអាហារ សម្ភារៈ ពីក្រៅចូលបានសេរី ហើយអាចមើលទេសភាព ថ្ងៃរះ ថ្ងៃលិច តាមចិត្ត មិនតែប៉ុណ្ណោះ មានប្រព័ន្ធភ្លើងបំភ្លឺពេលយប់ចម្រុះគ្រប់ពណ៍ ។ ចំពោះអ្នកបោះតង់ ចំណាយម្នាក់ ១០០០០ រៀល ទទួលបានសម្ភារៈប្រើប្រាស់សម្រាប់ស្នាក់នៅមួយយប់ មានទូកចម្លង ធុងទឹកកក កៅអី ចង្រ្កានអាំងសាច់….ពោលគឺ អ្វីដែលទទួលបានដូចនឹង តម្លៃ ៥០០០ រៀល ដែរ ។ ទី២ សម្រាប់ក្មេងក្រោមអាយុ ១០ ឆ្នាំ គឺមិនគិតថ្លៃឡើយ ។ ទី ៣ កោះតាព្រហ្ម ក៏មានម្ហូបអាហារពិសេសដូចជា មាន់ស្រែដុត ( អាចធ្វើ ម្ហូប ២ មុខបានតាមតម្រូវការភ្ញៀវ ) ត្រីទន្លេដុត ទាដុត និងម្ហូបផ្សេងៗទៀត ហើយតម្លៃវិញក៏ធូរថ្លៃផងដែរ ។
ម្ចាស់រមណីយដ្ឋានវ័យ ៣១ ឆ្នាំ រូបនេះ បានឲ្យដឹងបន្ថែមថា ក្នុងថ្ងៃធម្មតាមានភ្ញៀវមកកម្សាន្តជាមធ្យមចាប់ពី ៥ ទៅ ១០ នាក់ ចំណែកថ្ងៃ សៅរ៍ អាទិត្យ មានភ្ញៀវមធ្យមចាប់ពី ៥០ ទៅ ៦០ នាក់ ។ ចំពោះភ្ញៀវអន្តរជាតិមិនទាន់បានទទួលចូលទេចាប់តាំងពីផ្លាស់ប្តូរមកទីតាំងថ្មី ក្នុងរយៈពេលប្រមាណ ៣ ទៅ ៤ ខែ នេះ ។
បើនិយាយពីបញ្ហាប្រឈមសម្រាប់ការបង្កើតនូវរមណីយដ្ឋាននេះឡើង លោកបានលើកឡើងថា ទីតាំងគឺមិនអាចបើកធំ ព្រោះខែទឹកឡើងធ្វើឲ្យដីបាក់ ក្នុងមួយឆ្នាំអាចបាក់ដី ១០ ទៅ ២០ ម៉ែត្រ ។
ទន្ទឹមនឹងនេះ លោក ក៏បានសំណូមពរទៅដល់ភ្ញៀវដែលចូលមកកម្សាន្តក៏ដូចជាការទិញម្ហូបអាហារ កុំសូវមានការតថ្លៃនឹងតម្លៃ ព្រោះកន្លែងគាត់តម្លៃម្ហូបអាហារមិនមានការឡើងថ្លៃទេ ពោលគឺ លក់តម្លៃថេរទោះបីថ្ងៃបុណ្យទានក៏ដោយ ៕