ដោយមើលឃើញសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ នៅកម្ពុជាធនាគារ អិម . ជី . អិន អេមផឹរើរ ប៊ែង (M.G.N Emperor Bank) ត្រូវបានបង្កើតឡើងជាមួយនឹងការផ្តល់សេវាកម្ជី និងបញ្ញើដល់សហគ្រាស ធុនតូច និងមធ្យម និង ប្រមូលប្រាក់បញ្ញើពីអតិថិជនដែលមានទ្រព្យស្តុកស្តម្ភ ។

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ អិម.ជី.អិន អេមផឹរើរ បានបើកដំណើការជាផ្លូវការ ក្រោមវត្តមានលោក ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិ នៃកម្ពុជា។
ធនាគារ អិម.ជី.អិន អេមផឹរើរ ចាប់បដិសន្ធិឡើងដោយ លោកស្រី គីម ហាវ ជាស្ថាបនិក និងជាពាណិជ្ជករជោគជ័យមួយរូបនៅក្នុងប្រទេសវៀតណាម ហើយបានធ្វើសកម្មភាពអាជីវកម្មជាច្រើននៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក។ ការបង្កើតធនាគារនេះ បន្ទាប់ពីលោកស្រីបានមកទស្សនកិច្ចនៅកម្ពុជា នាអំឡុងឆ្នាំ២០១៥។
សារព័ត៌មានឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់ថ្នាក់ដឹកនាំកំពូលមួយរូបកំពុងកាន់តួនាទីប្រធាននាយកប្រតិបត្តិ ធនាគារ អិម.ជី.អិន។ តើលោកជានរណា? មានប្រវត្តិបទពិសោធន៍ការងារយ៉ាងដូចម្តេច សូមតាមដានតទៅ៖

លោក Alex Nguyen កំពុងដឹកនាំការិយាល័យគ្រប់គ្រងជាន់ខ្ពស់ដែលទទួលបន្ទុកបង្កើត និងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ធនាគារ ក៏ដូចជាពង្រីកអនាគតអាជីវកម្មថ្មីៗ ក្នុងតួនាទីជាអនុប្រធានប្រឹក្សាភិបាល និងនាយកប្រតិបត្តិ ធនាគារ អិម ជី.អិន។ លោកមានបទពិសោធន៍ការងារជាង ១២ ឆ្នាំនៅប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងសិង្ហបុរី មុនពេលចូលបម្រើការងារនៅធនាគារ អិម.ជី.អិន អេមផឹរើរ ប៊ែង។
លោក Alex បានចូលបម្រើការងារនៅ ធនាគារ អឹម.ជី.អិន អេមផឹរើរ ប៊ែង ម.ក នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ ក្នុងមុខតំណែងជា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ជំនួសលោក ឳម វិសាល នាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាល។
មុនពេលចូលបម្រើកាងារនៅ ធនាគារ អឹម.ជី.អិន អេមផឹរើរ ប៊ែង លោក Alex គឺជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ នៃទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវ (A*STAR) នៅប្រទេសសិង្ហបុរី។
លោក Alex បានបញ្ចប់ការសិក្សារថ្នាក់បណ្ឌិតផ្នែក ទស្សនវិទ្យានៃមេកានិច និងការផលិតកម្រិតខ្ពស់ហើយលោកក៏បានបញ្ចប់បរិញ្ញាបត្រវិស្វកម្មអវកាសពីសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី ជាមួយនឹងពានរង្វាន់ស្រាវជ្រាវជាច្រើនផងដែរ៕





