ភោជនីយដ្ឋាន ឌឹ ផាក នៅខេត្ត កំពង់ធំ ជាភោជនីយដ្ឋានមួយដែល ផ្តោតសំខាន់លើមុខម្ហូបប្រពៃណីខ្មែរ គ្រប់ប្រភេទ ដូចជា នំបញ្ចុកសម្លការី សម្លខ្មែរ រសជាតិបែបសៀមរាប រួមទាំងអាហារប៊ូហ្វេជាពិសេស ដោយមានភ្ញៀវជាមធ្យមពី ៥០០ ទៅ ៦០០ នាក់ ក្នុងមួយថ្ងៃ ដែល ភោជនីយដ្ឋាននេះ ស្ថិតនៅតាមបណ្តាយផ្លូវជាតិ ៦ អា ឃុំ ព្រៃប្រស់ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។
លោក ឈាន សុផល ជាអគ្គនាយក ភោជនីយដ្ឋាន ឌឹ ផាក បានឲ្យឧកញ៉ាញូស៍ ដឹងថា លោកទទួលប្រេនឆាយបើកភោជនីយដ្ឋាននេះឡើងទើបតែបានរយៈពេលជាង ៩ ខែ ពោល ក្រោយបញ្ហាកូវីដហើយ ក្នុងខែ វិច្ឆិកា ឆ្នាំ ២០២១ ។ ដោយ សព្វថ្ងៃ ក្នុងភោជនីយដ្ឋានរបស់លោក មានចុងភៅ រហូតទៅដល់ ២០ នាក់ បុគ្គលិកសរុប ជិត ៤០ នាក់ ដែលភ្ញៀវជាប្រចាំថ្ងៃធម្មតា ជាង ៥០០ ទៅ ៦០០ នាក់ ក្នុងមួយថ្ងៃ ។ ចំពោះ ថ្ងៃ បុណ្យជាតិធំៗ ភ្ញៀវហក់ឡើងដល់ ៥០០០ ទៅ ៦០០០ នាក់ នៅក្នុងមួយថ្ងៃ ។
លោក បានបន្ថែមថា កត្តាដែលធ្វើឲ្យភោជនីយដ្ឋានលោក មានអតិថិជនច្រើនបែបនេះ ដោយសារ ភោជនីយដ្ឋានលោកមានលក្ខណៈពិសេសដូចជា ៖ ១. សម្រាប់ថ្ងៃបុណ្យគឺដាក់ម្ហូបប៊ូហ្វេ ដើម្បីមានភាពងាយស្រួលដល់ភ្ញៀវ ព្រោះឡានឈប់តែ ១៥ នាទី ទៅ ២០ នាទី ប៉ុណ្ណោះ ។ ២. បើកចំហឡានក្រុងទាំងអស់ រួមទាំងតាក់ស៊ី គ្រប់ប្រភេទ ។ ៣. បន្ទប់ទឹកស្អាត ធំ ទូលាយ មានអនាម័យ ។ ៤. ម្ហូបមានរសជាតិឆ្ងាញ់ មានអនាម័យល្អ។៥.ចុងភៅច្រើន មានបទពិសោធន៍យូរឆ្នាំតាមសណ្ឋាគារ ភោជនីយដ្ឋាន នានា ។ ៦. ទទួលធ្វើម្ភូបទាំងខ្មែរ និង បរទេស ដែលម្ភូបខ្មែរគឺ បើកចំហ ដោយសព្វថ្ងៃមានម្ភូបខ្មែរជាង ១៥ មុខ ( នំបញ្ចុកសម្លខ្មែរ សម្លការី សម្លប្រហើរ ប្រហុកខ្ទិះ កកូរ ម្ជូរគ្រឿង…) ។ ៧. ទីតាំងហាងទូលាយអាចទទួលភ្ញៀវក្នុងមួយពេល ចាប់ពី ២០០ ទៅ ៣០០ នាក់ ។ ៨. បុគ្គលិកបម្រើសេវាកម្មច្រើន មានភាពរហ័ស ទាន់ចិត្ត ។ ៩. អ្វីដែលពិសេស គឺលោកមានការសហការជាមួយឡានក្រុង ក្រុមហ៊ុនឡានក្រុងដឹកអ្នកដំណើរ ។
លោក ក៏បានឲ្យដឹងបន្ថែមថា ម្ហូបប្រចាំហាង ដែលភ្ញៀវពេញនិយមជាងគេ គឺ នំបញ្ចុក និង ម្ហូបខ្មែរជាច្រើនមុខទៀត ដូចជា កកូរ ប្រហុកខ្ទិះ ជាដើម ។
ទន្ទឹមនឹងនោះ លោកក៏មានចក្ខុវិស័យ ពង្រីកហាងឲ្យកាន់តែធំ ទូលាយ ដេគ័រ រចនា បន្ថែមទៀតទាំង ទីតាំង និង ម្ហូបអាហារ ដើម្បីត្រៀមទទួលភ្ញៀវស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ ។
ជាមួយគ្នានោះ ម្ចាស់ភោជនីយដ្ឋានរូបនេះ ក៏មានការលើកឡើងដល់អ្នកដែលចង់បើកហាងរកស៊ី ថា ” មុននឹងរកស៊ី ត្រូវរៀនជំនាញឲ្យបានច្បាស់លាស់ ដើម្បីឲ្យយល់ពី ម្ភូបអាហារ គេបរិភោគរបៀបណា ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់អតិថិជន ? ចង់បើកហាងរកស៊ីអ្វីមួយ ត្រូវផ្តោតលើ អនាម័យ រសជាតិម្ភូប បន្ទប់ទឹកស្អាត ដែលអាចឲ្យភ្ញៀវទទួលយកបាន ” ។ អ្វីសំខាន់គឺ លោក ចង់លើកស្ទួយ ក៏ដូចជា អភិរក្សម្ភូបខ្មែរ ឲ្យកាន់តែមានភាពទូលំទូលាយបន្ថែមទៀត ៕