អាចនិយាយបានថា ធនាគារអេស៊ីលីដា ជាធនាគារក្នុងស្រុកខ្មែរដំបូងគេបង្អស់ ដែលពង្រីកវិសាលភាពរបស់ខ្លួនទៅក្រៅប្រទេស ដោយសហការជាមួយភាគទុនិកពីបណ្តាប្រទេសនានា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ធនាគារ អេស៊ីលីដា ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលឡាវ ដើម្បីបង្កើតសាខាបុត្រសម្ព័ន្ធធនាគារពាណិជ្ជនៅក្ក្នុងទីក្រុងវៀងច័ន្ទ។ នេះជាលើកទី១ហើយដែលត្រូវបានគេដឹងថា ក្រុមហ៊ុនកម្ពុជា បានធ្វើការវិនិយោគជាផ្លូវការទៅក្រៅប្រទេសផ្នែកធនាគារ និងហិរញ្ញវត្ថុ ។

ធនាគារបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ បណ្ឌិត អ៉ិន ចាន់នី នៅក្រៅប្រទេសមូយនេះ មានឈ្មោះថា ធនាគារ អេស៊ីលីដា ឡាវ ACLEDA Bank Lao Ltd. (ABL) ចាប់ផ្តើមបើកទ្វារដំណើរការនៅទីក្រុងវៀងច័ន្ទ នាពាក់កណ្តាលឆ្នាំ២០០៨កន្លងទៅ។ ធនាគារនេះបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនសាជីវកម្មដាច់ដោយឡែកមួយ ដែលបានបង្កើតនិងចុះបញ្ជីតាមច្បាប់របស់ឡាវ ដោយមានភាគហ៊ុនិកសំខាន់ៗចូលរួម ដូចជា ធនាគារអេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនចំនួន ៤៧,៥% និងភាគហ៊ុនដែលនៅសល់កាន់កាប់ដោយស្ថាប័នធំៗ៣ របស់ប្រទេសហូល្លង់គឺ ធនាគារអភិវឌ្ឍន៍ហូល្លង់ (FMO) មានភាគហ៊ុនចំនួន ៣០% និងភាគហ៊ុនចំនួន ២២,៥% ដែលនៅសល់ កាន់កាប់តាមចំណែកភាគហ៊ុនស្មើៗគ្នាដោយក្រុមធនាគារឯកជនហូល្លង់ (Triodos Group) រួមមាន Stichting Triodos Doen និង Triodos Fair Share Fund ។
ចំណែកដើមទុនដែលបានចុះបញ្ជីមានចំនួន ១០០ពាន់លានគីប (Kip) (ប្រហែល១០,៥លានដុល្លារអាមេរិក) ដោយធ្វើការទូទាត់តាមតម្លៃ ១០.០០០គីប (Kip) ក្នុងមួយភាគហ៊ុន សមាមាត្រទៅនឹងភាគហ៊ុនរបស់ភាគហ៊ុនិកនីមួយៗ។
ជាមួយនឹងការបើកដំណើរការសាខាបុត្រសម្ព័ន្ធនៅប្រទេសឡាវ នាគ្រានោះ លោក វ៉ាន់ សារឿន ត្រូវបានតែងតាំងជាអគ្គនាយក ធនាគារអេស៊ីលីដាឡាវ ដែលមានបទពិសោធន៍១៥ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ត្រឹមឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ មានអាយុ ៣០ឆ្នាំហើយដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារ អេស៊ីលីដា ក៏ជាធនាគារពាណិជ្ជខ្មែរដំបូងគេ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងជាធនាគារខ្មែរទីមួយដែលបានវិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាធនាគារ នៅប្រទេសឡាវ និងជាស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ៕