បច្ចុប្បន្នឃើញថា នៅកម្ពុជាយើង ផ្លែស្វាយរដូវមានអត្រាសល់ច្រើន ហើយក៏មានសហគ្រាស សិប្បកម្ម ជាច្រើនបានទទួលទិញយកទៅកែច្នៃផងដែរ បើទោះបីជាមានការនាំចូលពីខាងក្រៅយ៉ាងណាក្តី ។

សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ (LBN Agriculture) គឺជា សហគ្រាសកែច្នៃផ្លែឈើឲ្យក្លាយជាតំណាប់ ដែលបានបង្កើតឡើងប្រមាណ ៤ ឆ្នាំ មកហើយ ពោល នៅដើមខែ ឧសភា ឆ្នាំ ២០២១៨ មានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៧ ក្នុងភូមិ បេង ឃុំ ដារ ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ។
តាមរយៈ អិលប៊ីអិន អេហ្រ្គីខលឈ័រ ការបង្កើតនូវសហគ្រាសនេះឡើងក្នុងគោលបំណង បង្កើតការកែច្នៃ ឲ្យមានផលិតផលសម្រេចនៅក្នុងស្រុក និង បង្កើនការនាំចេញទៅក្រៅប្រទេសដែលមិនធ្លាប់មានពីមុន ដោយកន្លងទៅក៏បានធ្វើការនាំចេញផលិតផលតំណាប់ស្វាយទៅកាន់ទីផ្សារប្រទេសចិនផងដែរ ។
អ្វីដែលជាចំណុចពិសេស ភាពខ្លាំងរបស់សហគ្រាសមួយនេះ គឺអាចកែច្នៃ ផ្លែឈើស្រស់ឲ្យក្លាយជាតំណាប់ដែលមានរសជាតិឆ្ញាញ់ មានអនាម័យ មានគុណភាពតាមកម្រិតស្តង់ដារអន្តរជាតិ ដោយមានឆ្លងកាត់ការត្រួតពិនិត្យ និង ទទួលបានវិញ្ញាបនបត្រ ពីមន្ទីរពិសោធគីមីចំណីអាហារ ប្រទេសចិន មិនតែប៉ុណ្ណោះក៏បានចុះពិនិត្យផ្ទាល់ពីរដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចនាំផលិតផលចេញទៅកាន់ទីផ្សារអន្តរជាតិ ជាការធ្វើឲ្យផ្លែស្វាយក្នុងស្រុកមានទីផ្សារ និងមានតម្លៃឡើងវិញ ។

ក្នុងការផលិតតំណាប់ស្វាយ គឺសហគ្រាស LBN Agriculture ជ្រើសរើសស្វាយកែវរមៀត សាច់លឿង ទំហំប្រមាណ ចាប់ពី ៣ ទៅ ៤ ផ្លែ ក្នុងមួយគីឡូក្រាម ។ ដោយទទួលទិញស្វាយស្រស់ពីខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្នុងបរិមាណ ជាង ២០ តោន ក្នុងមួយថ្ងៃ ។
សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ ក៏បានឲ្យដឹងថា សហគ្រាសមួយនេះវិនិយោគក្នុងទុនប្រមាណ ជាង ២ លានដុល្លារ ៕


