លោកបណ្ឌិត ជា ចំរើន ឬហៅថា “ថូម៉ាស់ Prof. THOMAS” ស្ថាបនិកសាលារៀន ជីអូ អន្តរជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ឋាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានបង្ហើបប្រាប់ឱ្យដឹងថា លោកបានទទួលបានពានរង្វាន់សហគ្រិនឆ្នើម ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ និងភាពជាអ្នកដឹកនាំអាជីវកម្ម (The Outstanding Award in International Economic and Business Executive) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ គឺដោយសារលោកមានស្នាដៃធំៗចំនួន ៧ចំណុច។
សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជនរូបនេះ បានប្រាប់ដល់ឧកញ៉ា ញ៉ូស៍ យ៉ាងដូច្នេះថា ជារួមស្នាដៃ និងលក្ខណៈសម្បត្តិរបស់លោកមានច្រើន ប៉ុន្តែលោកសូមលើកតែចំណុចសំខាន់ខ្លីៗ ត្រឹមតែ ៧ចំណុចទេ ក្នុងចំណោមចំណុចផ្សេងៗជាច្រើនទៀត ដែលលើកយកមកលំអិតមិនបានអស់។ ក្នុងនោះស្នាដៃធំៗទាំង៧ចំណុចរបស់លោក មានដូចជា៖
១. ធ្លាប់ជាអ្នកបួសរៀនធម៌វិន័យព្រះពុទ្ឋសាសនា (ជាគុណតម្លៃផ្ទាល់ខ្លួនមួយក្នុងនាមអតីតអ្នកបួស) និងមានប្រវត្តិឆ្លងកាត់ការសិក្សាអប់កំរិតឧត្តមសិក្សា។
២. ជាអ្នកអប់រំ ជាគ្រូបង្រៀនជាង១៦ឆ្នាំ និងជាអង្គនាយកសាលារៀនឯកជន ៥សាខា ដែលជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាជាង១០ឆ្នាំ ជាចំណែកជួយដល់ការអភិវឌ្ឍសង្គមជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាល។
៣. ជាមនុស្សមានប្រវត្តិការតស៊ូជំនះភាពលំបាកខ្លាំងក្លា ពីជីវិតកូនកំព្រាក្នុងគ្រួសារក្រីក្រ ក្លាយជាស្ថាបនិកសាលារៀនឯកជន។
៤. តាមរយៈសាលាផ្ទាល់ លោកបានលះបង់ធនធានថវិកា គិតគូរជ្រោមជ្រែងផ្គត់ផ្គង់ ជួយផ្តល់អាហារូបករណ៍សិក្សាឥតគិតថ្លៃ ១០០% ដល់កុមារក្រីក្រជារៀងរាល់ឆ្នាំ តាមសាខានីមួយៗទាំង៥ របស់សាលា ជិត១០០នាក់ក្នុងប្រទេសកម្ពុជា ហើយក៏ជាចំណែក នឹកគុណ និងតបស្នងដល់គុណបាយបាត្រ ដែលធ្លាប់បានពឹងអាស្រ័យ។
៥. ចូលរួមជាវាគ្មិនចែករំលែក ជូនដល់យុវជន សិស្សនិសិត្ស និងសហគ្រិននានា ជិត៥ឆ្នាំ ពីបទពិសោធន៍កសាងជីវិត កសាងគ្រួសារ និងអាជីវកម្ម។
៦. ចូលរួមឧបត្ថម្ភ ជាអំណោយ ថវិកា និងសំភារៈសិក្សា ជួយដល់អាជ្ញាធរ ពលរដ្ឋគ្រួសារមានជីវភាពខ្វះខាត និងសិស្សក្រីក្រតាមទីជនបទ។
៧. ផ្គត់ផ្គង់ប្រាក់បៀវត្សប្រចាំខែ ប្រចាំឆ្នាំ និងបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា និងបំពាក់បំប៉នជំនាញវិជ្ជាជីវៈការងារផ្ទាល់ៗតាមជំនាញ តាមផ្នែក ដល់មន្ត្រីជំនាញ និងបុគ្គលិក គ្រូបង្រៀនទាំង៥សាខា របស់សាលា ១ឆ្នាំជាង៤០នាក់ រយៈពេល ជិត១០ឆ្នាំ។
លោកបណ្ឌិត ជា ចំរើន បានបញ្ជាក់បន្ថែមថា លក្ខណៈសម្បត្តិទាំងនេះហើយ ដែលស្ថាប័នគណៈកម្មការអន្តរជាតិទាំង៥ រួមមាន ១)សហព័ន្ធសារព័ត៌មាន (Innovation Mass Media Confederation), ២)មូលនិធិធម្មជាតិមង្គល (Thamma Chot Mongkhol Foundation_ពី៣ប្រទេស នេប៉ាល់ ថៃ និងឥណ្ឌា), ៣)សាកលវិទ្យាល័យអន្តរជាតិនៃគុណធម៌ សហរដ្ឋអាមេរិក (Internatoinal University of Morality At U.S.A.), ៤)សភាអន្តរជាតិ ដើម្បីសន្តិសុខ សន្តិភាព និងភាពយុត្តិធម៌ នៃអង្គការសហប្រជាជាតិ (Internatoinal Parliament for Safety and Peace Justic – United Nations) (IPSPJ-UN) និង ៥)អង្គភាពអភិរក្ស និងការពារធនធានធម្មជាតិពិភពលោក (Prevent & protect inspector world natural resources ) បានធ្វើការវាយតម្លៃ ហើយសម្រេចប្រគល់ពានរង្វាន់សហគ្រិនឆ្នើម “ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ចអន្តរជាតិ និងភាពជាអ្នកដឹកនាំអាជីវកម្ម លើកទី២ ឆ្នាំ២០២២ ដើម្បីលើកកម្ពស់គុណធម៌ គុណតម្លៃ ក្នុងសង្គមមនុស្សជាតិទូទាំងពិភពលោក សម្រាប់បុគ្គលឆ្នើម” មកដល់រូបលោក ឥស្សរជនកម្ពុជា និងឥស្សរជនពីបណ្តាប្រទេសផ្សេងៗទៀតទូទាំងពិភពលោក៕