មក​ស្គាល់​សហគ្រាស​មួយ​កន្លែង​កែ​ច្នៃ​​​ផលិត​ស្ករ​ចេក​ដំបូង​គេ​ក្នុង​ស្រុក​ខ្មែរ

អាជីវកម្ម

​ធ្លាប់​តែ​ដឹង​ថា​ស្ករ​ធ្វើ​ពី​ត្នោត​ ឬ អំពៅ​ តែ​​សហគ្រាស​មួយ​កន្លែង​ក្នុងឃុំ​ តា​អុង ​ស្រុក ចំការ​លើ​ ខេត្ត​ កំពង់​ចាម​ បាន​កែ​ច្នៃ​ស្ករ​ពី​ផ្លែ​ចេក​ ដែល​ជា​ផលិត​ផល​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ ប្រទេស​ដទៃ​ទៀត​ផង​ដែរ​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ស្រី​ យន់​ ផល្លី​ ជា​ម្ចាស់​សហគ្រាស​គំនិត​ថ្មី​ ផលិត​ស្ករ​ចេក​បាន​ឲ្យ​ឧកញ៉ា​ញូស៍​ដឹង​ថា​ អ្នក​ស្រី​បង្កើត​ការ​កែ​ច្នៃ​នេះ​រយៈ​ពេល​ ៩ ឆ្នាំ​ មក​ហើយ​ ពោល​គឺ​តាំង​ពី​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ​។ ដោយ ក្រៅ​ពី​ផលិត​ស្ករ​ចេក​​ក៏​មាន​ផលិត​ផល​មួយ​ចំនួន​ទៀត​ដូច​ជា​ ស្រា​ចេក​ ស្ករ​គ្រាប់​ចេក​ ជា​ដើម​ ។

អ្នក​ស្រី​ បាន​បន្ត​ថា​ សព្វ​ថ្ងៃ​ផ្លែ​ចេក​ស្រស់​នៅ​ប្រទេស​យើង​គឺ​សល់​ច្រើន​ ដោយ​កាល​ពី​មុន​ក្រុម​គ្រួសារ​អ្នក​ស្រី​គឺ​ជា​ឈ្មួញ​កណ្តាល​ទទួល​ទិញ​ផ្លែ​ចេក​ស្រស់​ក្នុង​តំបន់​ យក​ទៅ​ចែក​ចាយ​ទូទាំង​ រាជធានី​ ខេត្ត​ ប៉ុន្តែ​មក​ដល់​ឆ្នាំ​ ២០១០ គឺ​ជា​ឆ្នាំ​ដែល​ផ្លែ​ចេក​ជួប​វិបត្តិ​ទី​ផ្សា​ធ្លាក់​ចុះ​ ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​ច្រើន​ ទើប​អ្នក​ស្រី​រិះ​រក​វិធី​កែ​ច្នៃ​ចេក​ទៅ​ជា​ផលិត​ផល​សម្រេច​ដែល​អាច​ទុក​បាន​យូរ​ អាច​ចែក​ចាយ​លើ​ទី​ផ្សា​បាន​ទូ​លំ​ទូ​លាយ​ជាង​ការ​លក់​ចេក​ស្រស់​ ក៏​ចាប់​យក​ការ​កែ​ច្នៃ​ ផលិត​ស្ករ​ចេក​ឡើង​ ។

អ្នក​ស្រី​ បាន​បន្ថែម​ថា​ ស្ករ​ចេក​ជា​ផលិត​ផល​មួយ​ដែល​អាច​ប្រើ​បាន​ដូច​ស្ករ​ស​ ស្ករ​ត្នោត​ ដែរ​​ប៉ុន្តែ​ កម្រិត​ជាតិ​ស្ករ​របស់​ស្ករ​ចេក​គឺ​មិន​ផ្អែម​ខ្លាំង​ដូច​ស្ករ​ដទៃ​ទេ​ មាន​រសជាតិ​ផ្អែម​ស្រាល​ មាន​អត្ថ​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​ កម្រិត​ជាតិ​ស្ករ​ទាប មិន​ជា​បញ្ហា​ចំពោះ​អ្នក​ខ្លាច​លើស​ជាតិ​ស្ករ​ ជា​ពិសេស​អាច​រក្សា​ទុក​បាន​រហូត​ទៅ​ដល់​ ៣ ឆ្នាំ​ ។ ចំពោះ​វិធី​ធ្វើ​ ត្រូវ​បន្ទំ​ចេក​សិន​ ទើប​យក​ទៅ​រម្ងាស់​ធ្វើ​ស្ករ​ ទម្រាំ​បាន​ជា​ស្ករ​ចេក​ ត្រូវ​ប្រើ​រយៈ​ពេល​ ១០ ថ្ងៃ​ ។

កត្តា​ជំរុញ​ទឹក​ចិត្ត​អ្នកស្រី​ឲ្យ​បង្កើត​នូវ​សហគ្រាស​ផលិត​ស្ករ​ចេក​នេះ​ឡើង​ ១.កាត់​បន្ថយ​ការ​ខាត​បង់​របស់​កសិករ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​អ្នក​ស្រី​ផ្ទាល់​ផង​ដែរ​ ។ ២. អាច​ជួយ​រក​ទីផ្សារ​ជូន​ដល់​កសិករ​និង​ពង្រីក​ទីផ្សារ​នូវ​ផលិត​ផល​កសិផល​របស់​កសិករ​ ។ ៣. អាច​បង្កើត​ការងារ​ជូន​ដល់​ប្រជា​ពល​ជន​ក្នុង​តំបន់​ឲ្យ​មាន​ជីវភាព​សមរម្យ​ ។ ៤. អាច​ផលិត​នូវ​ផលិត​ផល​ថ្មី​ដែល​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​មាន​។ ៥. ដើម្បី​បង្ហាញ​ ផ្សព្វ​ផ្សាយ​ផលិត​ផល​ក្នុង​ស្រុក​ ក៏​ដូច​ជា​ក្រៅ​ប្រទេស​ បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ឃើញ​ផលិត​ផល​ស្នា​ដៃ​កូន​ខ្មែរ​អាច​ធ្វើ​បាន​ដូច​បរទេស​ដែរ​ ។ ដោយ​ បច្ចុប្បន្ន​ស្ករ​ចេក​អ្នក​ស្រី​មាន​ការ​នាំ​ចេញ​ជិត ១ តោន​ ក្នុង​មួយ​ខែ​ ផ្គត់​ផ្គង់​ជាង​ ៤០០ ទី​តាំង​ក្នុង​ស្រុក​ខ្មែរ​ទាំង​ ២៥ ខេត្ត​ ក្រុង​ ជា​ពិសេស​តាម​ផ្សា​រទំនើប​​នា​នា​ដូច​ជា​ ឡាក់​គី​ អ៊ីអន​ 7eleven និង​ផ្សារ​បន្លែ​​ធម្មជាតិ​ជា​ច្រើន​ទៀត​ ហើយ​ក៏​មាន​ការ​សហការ​ដៃ​គូ​នាំ​ចេញ​ទៅ​​កាន់​ប្រទេស​ កូរ៉េ​ ចិន អា​ឡឺម៉ង់​ ផង​ដែរ​ ។

​​ទោះ​បី​ជា​យ៉ាង​ណា​​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ​ ដោយ​អ្នក​ស្រី​លើក​ឡើង​ថា​ កត្តា​ចម្បង​គឺ​ខ្វះ​ដើម​ទុន ក៏​ដូច​ជា​ចំណេះ​ដឹង​ ស្តង់​ដារ​ផលិត​បន្ថែម ។ ទន្ទឹម​នឹង​នេះ​ អ្ន​ក​ស្រី​ ក៏​សំណូម​ពរ​ទៅ​ដល់​ប្រជា​ជន​ខ្មែរ​ទាំង​អស់​ងាក​មក​គាំ​ទ្រ​នូវ​ផលិត​ផល​ក្នុង​ស្រុក​ ក៏​ដូច​ជា​ការ​ជួយ​បង្កើត​ការងារ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ជាតិ​ កុំ​ឲ្យ​លំហូរ​សាច់​ប្រាក់​ហូរ​ចេញ​ទៅ​ក្រៅ​ ៕ ​