លោកស្រី កែវ វង្សសៀក ជាសហគ្រិនស្រ្តីជោគជ័យមួយរូបក្នុងពិភពជំនួញលើវិស័យកែសម្ពស្សដ៏ល្បី ហើយក៏ជាសប្បុរសជនម្នាក់ដែលតែងតែចូលរួមជួយកិច្ចការងារសង្គមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកស្រីធ្លាប់បានទទួលការបណ្តុះបណ្តាល និងដកស្រង់បទពិសោធក្នុងវិស័យថែរក្សាសម្ពស្ស និងព្យាបាលពីបណ្តាប្រទេសជឿនលឿនមួយចំនួនមុនឈានមកចាប់អាជីពផ្តើមមុខរបរក្នុងវិស័យនេះ រហូតបង្កើតមជ្ឈមណ្ឌលកែសម្ផស្ស អូលីប៊ែល ក្នុងឆ្នាំ២០០៦។
ក្រោយពីជំនួញចេះតែកាក់កប់ឡើងនៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិវត្តហាងកែសម្ពស្សនោះមកជាមជ្ឈមណ្ឌលកែសម្ផស្ស មេហ្គាប៊ែល ដែលស្ថិតនៅក្នុងផ្សារទំនើបសូរិយា និងផ្សារផារ៉ាហ្គន ប៉ុន្តែក្រោយមកលោកស្រីក៏សម្រេចចិត្តផ្លាស់ប្តូរទីតាំងមកនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមវិញម្តង រហូតដែលនាំឱ្យឈរជើងយ៉ាងរឹងមាំមកដល់ពេលបច្ចុប្បន្ន។
មុខជំនួញមួយនេះចេះកើនឡើងហើយក៏មានការគាំទ្រ នៅអំឡុងឆ្នាំ២០១០ លោកស្រី កែវ វង្សសៀក ក៏បានចាប់ផ្តើមជំនួញថ្មីមួយបន្ថែម គឺក្រុមហ៊ុន អូលីហ្គោ ត្រេតឌីង ដែលជាកន្លែងចែកចាយផលិតផលថែរក្សាសម្ពស្ស និងគ្រឿងសម្អាងជាដើម។
បន្ទាប់ពីជោគជ័យជាមួយនឹងបទពិសោធន៍ជោគជាំក្នុងវិស័យថែរក្សាសម្ពស្ស និងព្យាបាល លោកស្រីក៏បានអភិវឌ្ឍ និងពង្រីកពីមជ្ឈមណ្ឌលថែរក្សាសម្ពស្សមកជាគ្លីនិកកែសម្ផស្ស មេហ្គាប៊ែល ដែលមានកម្រិតស្តង់ដាខ្ពស់និងអ្នកជំនាញល្បីៗពីបរទេស និងក្នុងស្រុកផងដែរ ក្នុងការព្យាបាលនិងថែរក្សាសម្ពស្សជូនអតិថិជន។។
លោកស្រី កែវ វង្សសៀក អគ្គនាយិកា គ្លីនិកកែសម្ផស្សមេហ្គាប៊ែល ធ្លាប់បានឲ្យដឹងថា៖ «ការអភិវឌ្ឍន៍លើវិស័យថែរក្សា និងវះកាត់កែសម្ផស្ស គឺជាចក្ខុវិស័យដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំជាយូរយាងណាស់មកហើយ។ ខ្ញុំតែងគិតថាត្រូវធ្វើយ៉ាងណាឲ្យបងប្អូនខ្មែរយើងគ្រប់រូបទទួលបាននៅភាពស្រស់ស្អាត»។
តាមរយៈសកម្មភាពដឹកនាំក្រុមហ៊ុនទទួលជោគជ័យ និងជាស្ត្រីខ្មែរដ៏រឹងមាំម្នាក់ផងនោះ លោកស្រី កែវ វង្សសៀក ក៏ធ្លាប់ទទួលបានឈ្នះពាន Outstanding CEO Award 2016 ពី CEO Master Club ស្ថិតក្នុងចំណោមបេក្ខជនដែលជាម្ចាស់អាជីវកម្មជាង២០០នាក់។ Outstanding CEO Award ជាពានផ្តល់ជូនម្ចាស់អាជីវកម្មដែលមានសមត្ថភាពខ្លាំងក្នុងការដឹកនាំស្ថាប័នឲ្យរីកចំរើន។ បន្ថែមពីលើពាននេះ លោកស្រីក៏បានជាប់ឈ្មោះក្នុងបញ្ជីសហគ្រិនឆ្នើម៥រូបផងដែរ (Top 5)។ លើសពីនេះលោកស្រីក៏ទទួលបានពាន Ambassador Award នៅឆ្នាំ២០១៥ ផងដែរ៕