ក្រៅ​ពី​​អាជីព​ជា​គ្រូ​បង្រៀន​ មាន​គំនិត​ផលិត​សាប៊ូ​កក់​សក់​ធម្មជាតិ​ រក​ចំណូល​បាន​ជាង​ ២០០ ដុល្លារ​ ក្នុង​មួយ​ខែ

អាជីវកម្ម

គ្រូ​បង្រៀន​មួយ​រូប​ ក្រៅ​ពី​មុខ​របរ​ធ្វើ​ជា​គ្រូ​បង្រៀន​ ក៏​មាន​ថ្វី​គំនិត​ រិះ​រក​ កែច្នៃ​សា​ប៊ូ​កក់​សក់​ ដែល​ជា​ផលិត​ផល​ធម្មជាតិ​ ដើម្បី​ជួយ​សម្រួល​ជីវភាព​ក្នុង​គ្រួសារ​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ស្រី​ ប្រាក់​ ចន្ទ​ណា​រី​ មាន​អា​ជីព​ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​ ៩ នៅ​អនុ​វិទ្យាល័យ​វត្ត​ដំបូក​ខ្ពស់​ បាន​ឲ្យ​ឧកញ៉ា​ញូស៍​ដឹង​ថា​ អ្នក​ស្រី​ ប្រកប​ការ​ធ្វើ​សាប៊ូ​កក់​សក់​នេះ​ជា​លក្ខណៈ​គ្រួសារ​ ជាង​មួយ​ឆ្នាំ​មក​ហើយ​ដោយ​ ការ​កែ​ច្នៃនេះ​ធ្វើ​ឡើង​ពី​វត្ថុ​ធាតុ​ផ្សំ​ ៥ ទៅ ៦ មុខ​ រួម​មាន​ ក្រូច​​សើច​ ប្រទាល​កន្ទុយ​ក្រពើ​ បណ្តូល​ពេជ្រ​ ប៊័រ​ និង ខ្ញី​ ។ ចំពោះ​ វិធី​ធ្វើ​គឺ​ យក​វត្ថុ​ធាតុ​ដើម​ទាំង​ ៥ មុខ​នេះ​ស្ងោ​ជាមួយ​គ្នា​ ឲ្យ​ដាច់​ទឹក​​ រួច​ កិន​ ឬ ក្រឡុក​ឲ្យ​ម៉ដ្ឋ ទើប​បាន​ជា​សាប៊ូ​កក់​សក់​ ។

អ្នក​ស្រី​ បាន​បន្ត​ថា​ ក្នុង​មួយ​ខែ​អ្នក​ស្រី​ អាច​លក់​ចេញ​បាន​បន្តិច​បន្តួច​ ព្រោះ​ការ​ផលិត​ជា​លក្ខណៈ​គ្រួសារ​នៅ​ឡើយ​ ពោល​ក្នុង​មួយ​ខែ​អាច​លក់​ចេញ​បាន​ ១២ ទៅ​ ១៤ដប​ ដែល​ការ​វេច​ខ្ចប់​មួយ​ដប​មាន​ចំណុះ​ប្រមាណ​ ៥០០ មីលីលីត្រ​ បើ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ​ ២០០ ដុល្លារ​ ក្នុង​មួយ​ខែ​ ។

អ្នក​ស្រី​ បាន​បន្ថែម​ថា​ ការ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ធម្មជាតិ​ពិត​ជា​ល្អ​ប្រសើរ​ តួយ៉ាង​សាប៊ូ​កក់​សក់​អ្នក​ស្រី​ មាន​អត្ថ​ប្រយោជន៍​ច្រើន​ដូច​ជា​ ១.អាច​ជួយ​បំបាត់​បញ្ហា​រមាស់​ក្បាល​ ក្បាល​មាន​បញ្ហា​ផ្សិត​ បញ្ហា​ជ្រុះ​សក់​ លើស​ពី​នេះ​ អាច​បណ្តុះ​សក់​ថ្មី​បន្ថែម​ទៀត​។ ២. ប្រើ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ៦ ខែ​ អាច​ពន្លូត​ និង​ បណ្តុះ​សក់បាន​រហូត​ទៅ​ដល់​ ២ ទៅ ៣ ថ្នាំង​ដៃ​ ។ ៣. មិន​មាន​ផល​ប៉ះ​ពាល់​ចំពោះ​ការ​ប្រើ​ប្រាស់​ ព្រោះ​ជា​ផលិតផលធម្មជាតិ​ ១០០ ភាគ​រយ ។

បើ​ទោះ​បី​ជា​ បច្ចុប្បន្ន​អ្នក​ស្រី​ផលិត​ជា​លក្ខណៈ​គ្រួសារ​នៅ​ឡើយ​តែ​ទៅ​អនាគត​ អ្ន​ក​ស្រី​ បាន​រំពឹង​ថា​នឹង​បង្កើត​ឲ្យ​កាន់​តែ​ធំ​ ក្លាយ​ជា​សិប្បកម្ម​ផលិត​សាប៊ូ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការ​​ចង់​ឲ្យ​ប្រជា​ជន​ខ្មែរ​ ប្រើ​ប្រាស់​របស់​ធម្មជាតិ​ ក៏​ដូច​ជា​ការ​បន្ថែម​នូវ​ចំណូល​ប្រចាំ​ជីវភាព​អ្នក​ស្រី​ផង​ដែរ​ ។

ជា​មួយ​គ្នា​នេះ​ អ្នក​ស្រី​ បាន​ធ្វើ​ការ​សំណូម​ពរ​ ដល់​បង​ប្អូន​ដែល​មាន​បញ្ហា​សក់​ អាច​ងាក​មក​សាក​ល្បង​ប្រើ​ប្រាស់​ផលិត​ផល​ធម្មជាតិ​ ជា​ពិសេស​ស្នា​ដៃ​កូន​ខ្មែរ​ ក៏​ដូច​ជា​ការ​ជួយ​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក​ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការងារ​ធ្វើ​ មាន​ប្រាក់​ចំណូល​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ ៕