“មាតុភូមិ” ដែលជាភោជនីយដ្ឋានល្បីខាងម្ភូបប្រពៃណីខ្មែរប្រកបទៅដោយអាហារសុខភាព បានប្រកាសស្វែងរកម្ចាស់ភោជនីយដ្ឋានប្រចាំសាខាទាំង ១០ទីតាំងបន្ថែមទៀត បន្ទាប់ពីភោជនីយដ្ឋាននេះពង្រីកខ្លួនបានជាង ៣០សាខាមកហើយ ។

អ្នកស្រី ម៉ូ លី ជាអ្នកសម្របសម្រួលផ្នែកទីផ្សារភោជនីយដ្ឋានមាតុភូមិ បានឲ្យឧកញ៉ាញូស៍ដឹងថា ចំពោះបងប្អូនដែលមានបំណងចង់ក្លាយជាម្ចាស់អាជីវកម្មម្ហូបខ្មែរ ប្រពៃណីជាតិ អាចមកចាប់អាជីវកម្មជាមួយមាតុភូមិបានដោយមានការជ្រើសរើសជាង ១០ ទីតាំងបន្ថែមទៀត រួមមាន ក្រុងបាត់ដំបង ខេត្តពោធិ៍សាត់ ក្រុងដូនកែវ ក្រុងបាវិត ក្រុងព្រៃវែង ក្រុងខេមរភូមិន្ទ ក្រុងកំពត ក្រុងកែប ក្រុងព្រះវិហារ ក្រុងបានលុង និងរាជធានីភ្នំពេញផងដែរ ។
អ្នកស្រីបន្តថា លក្ខខណ្ឌដើម្បីទទួលបាននូវសិទ្ធបើកអាជីវកម្មស្លាកយីហោ “មាតុភូមិ” នេះ តម្រូវឲ្យលក្ខខណ្ឌ ដូចជា ១. សម្រាប់អ្នកនៅភ្នំពេញ ចំណាយត្រឹមតែ ២៥០០០ ដុល្លារ និង តាមបណ្តាខេត្តចំណាយ ៣០០០០ ដុល្លារ ដោយលក្ខខណ្ឌទាំងពីរនេះ មានរយៈពេល ៥ ឆ្នាំ ចំណាយតែម្តង មិនមានការចំណាយប្រចាំខែបន្ថែមទៀតឡើយ ។ ចំណែកឯអត្ថប្រយោជន៍ដែលទទួលបានរួមមាន៖ ១. មានការរៀបចំរចនាសម្ព័ន្ធបុគ្គលិក។ ២. មានបង្រៀនធ្វើម្ហូប។ ៣. រៀបចំហាងប្រកបដោយរចនាខ្មែរ តុបតែង ដេគ័រហាង។ ៤. មានគ្រូបង្គោលសម្រាប់ហ្វឹកហាត់បុគ្គលិកដើម្បីបម្រើសេវាកម្មបានល្អ។ ៥. មានការចងក្រងរចនាសម្ព័ន្ធ ដើម្បីបើកអាជីវកម្មម្ហូបខ្មែរដែលមានស្តង់ដារដូចៗគ្នា។ល។
អ្នកស្រី ម៉ូ លី បានបន្ថែមទៀតថា នេះជាឱកាសគ្មានដែនកំណត់មួយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ជាមួយនឹងអាជីវកម្មម្ហូបខ្មែរ។ ព្រោះ “មាតុភូមិ” មានលក្ខណៈពិសេសខ្លាំង ដែលជាភោជនីយដ្ឋានបម្រើជូននូវម្ហូបប្រពៃណី មានអត្តសញ្ញាណជាប្រពៃណីជាតិ បម្រើម្ហូបខ្មែរសុទ្ធសាធ មានដូចជា សម្ល គ្រឿងបុក គ្រឿងផ្អាប់ ជាដើម ដែលផ្សំជាមួយនឹងរចនាខ្មែរ អ្វីដែលពិសេសផ្តោតលើអតិថិជនក្នុងស្រុកជាច្រើន។
គួររំលឹកបន្ថែមថា ភោជនីយដ្ឋាន មាតុភូមិ បានលេចរូបរាងឡើងជាង ៦ ឆ្នាំមកហើយ ដោយបច្ចុប្បន្ន មាតុភូមិបានពង្រីកខ្លួនជាង ៣០ សាខាហើយ ដែលភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ៕



