នៅក្នុងព្រឹត្តិការណ៍រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 កាលពីល្ងាចថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២២នេះ ម្ចាស់ពានកិត្តិយស “ស្ថាបនិកឆ្នើម Best Founder Award “ កាលពីឆ្នាំ ២០១៩ លោកគ្រូធំ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូននូវពានកិត្តិយសដ៏ឧត្តុង្គឧត្តមមួយថ្មីថែមទៀតគឺ “ពានកិត្តិយសលោកគ្រូធំឆ្នើម Best Guru Award“។



ពាន Best Guru Award នេះគឺជា ពានកិត្តិយសដំបូងគេបំផុតនៅកម្ពុជា ដើម្បីទទួលស្គាល់និងឱ្យតម្លៃខ្ពស់ដល់ទេពកោសល្យក្នុងការបណ្តុះបណ្តាល បច្ចេកទេសគរុកោសល្យក្នុងការបណ្តុះបណ្តាល ភាពច្នៃប្រឌិតក្នុងការបណ្តុះបណ្តាល ការប្តេជ្ញាចិត្តនិងពលីកម្មក្នុងការបណ្តុះបណ្តាល ជាពិសេសស្នាដៃដ៏ធំធេងរបស់លោកគ្រូនាពេលកន្លងមកក្នុងបេសកកម្មបង្វឹកបណ្តុះបណ្តាលធនធានមនុស្ស និងម្ចាស់អាជីវកម្មកម្ពុជា រាប់ម៉ឺននាក់ទាំងក្នុងនិងក្រៅប្រទេស ឱ្យក្លាយជាអ្នកដឹកនាំឆ្នើម ជាសហគ្រិនឆ្នើម និងជាមូលធនមនុស្សដ៏សំខាន់របស់កម្ពុជា ដោយមានការគោរព ស្រលាញ់ ពេញចិត្ត និង គាំទ្រជាខ្លាំងពីសំណាក់ សមាជិក សិស្ស និស្សិត សិក្ខាកាម ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល របស់ CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ នាពេលកន្លងមក។


យោងតាមសេចក្តីថ្លែងរបស់លោកគ្រូធំ អោម សេងបូរ៉ា នៅក្នុងព្រឹត្តិការណ៍រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 បានបង្ហាញថា CEO Master Club គឺជាក្លឹបបណ្តុំម្ចាស់អាជីវកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនៈវិស័យចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស តាមរយៈការបង្វឹក និងជួយជ្រោមជ្រែងម្ចាស់អាជីវកម្មកម្ពុជាពេញមួយជីវិតឱ្យមានសមត្ថភាពបម្លែងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈហេងស៊យ ឬលក្ខណៈគ្រួសារ ទៅជាលក្ខណៈស្ដង់ដារ ហើយមានសក្តានុពលអាចពង្រីកអាជីវកម្មរបស់ខ្លួនទៅទូទាំងប្រទេសបាន ក៏ដូចជាពង្រីកខ្លួនទៅកាន់ពិភពលោកបានផងដែរ។



តាមរយៈការជួយជ្រោមជ្រែងម្ចាស់អាជីវកម្មរបស់យើងឱ្យជោគជ័យ គឺជាការជួយដល់សេដ្ឋកិច្ចជាតិរបស់យើង ឱ្យមានភាពរីកចម្រើន និងរឹងមាំបានឆាប់រហ័ស ព្រោះពួកគាត់ បានចូលរួមចំណែក បង្កើតផលិតផលសេវាកម្មដែលជាតម្រូវការរបស់សង្គមបានច្រើន បង្កើតការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន បណ្តុះបណ្តាលធនធានមនុស្សនៅកន្លែងការងារជាក់ស្តែងបានច្រើន បង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធបានច្រើន និងជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចក្នុងស្រុកដែលមិនអាចខ្វះបានគ្រប់កាលៈទេសៈទាំងអស់។ “សហគ្រិនល្អគឺជាជនស្នេហាជាតិ” ពាក្យស្លោកនេះក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ លោកគ្រូធំ អោម សេងបូរ៉ា បានបូជាទាំងពេលវេលា កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបង្កើត កម្មវិធីបណ្តុះបណ្តាលដែលមានលក្ខណៈពិសេសនិងមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីជួយដល់អ្នកសិក្សាដែលមានកម្រិតសិក្សាខុសគ្នា តំណែងតួនាទីខុសគ្នា វ័យខុសគ្នា អាចរៀនជាមួយគ្នាបានប្រកបដោយភាពងាយស្រួល និង ប្រសិទ្ធភាពខ្ពស់។


លោកគ្រូធំ អោម សេងបូរ៉ា ពិតជាមានសេចក្តីពេញចិត្តរីករាយក្រៃលែង ដែលលោកគ្រូបានឃើញសមាជិកពេញមួយជីវិតរបស់លោកមានភាពរីកចម្រើនសុខដុមរមនា ទាំងនៅក្នុងភាពជាខ្លួនឯង ភាពជាគ្រួសារ ភាពជាស្ថាប័នអាជីវកម្ម ការពង្រីកទំនាក់ទំនងនៅក្នុងសង្គម ក៏ដូចជាការចូលរួមចំណែកកិច្ចការសង្គមនិងមនុស្សធម៌បានច្រើនជាងមុនផងដែរ។ លោកគ្រូក៏បានលើកឡើងផងដែរថា «ភាពជោគជ័យសមាជិកពេញមួយជីវិតរបស់ CEO Master Club គឺជាភាពជោគជ័យរបស់ CEO Master Club ទាំងមូល ហើយវាក៏ជាភាពជោគជ័យក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចជាតិរបស់យើងឱ្យកាន់មានភាពល្អប្រសើរជាងមុនផងដែរ។
រហូតមកដល់ពេលនេះ CEO Master Club បានធ្វើការបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាយើងបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតចំនួន ១,៦១១នាក់ ទាំងនៅក្នុងនិងនៅក្រៅប្រទេស ដែលពួកគាត់ទាំងអស់បានកាន់កាប់អាជីវកម្ម ប្រមាណ ៣,០០០ក្រុមហ៊ុន និងបានចូលរួមបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណ ៣,០០០លានដុល្លារក្នុង១ឆ្នាំ និងបានជួយបង្កើតការងាររកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ ទៀតផង។
អត្ថបទ៖ ពាណិជ្ជកម្ម