អង្រឹងក្រណាត់ប្រចាំខេត្តតាកែវ កំពុងមានការពេញនិយមខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ និងជនបរទេស នេះបើតាមការឱ្យដឹងពីលោកស្រី ស្ងួត ស្រីរ័ត្ន បានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍នៅថ្ងៃនេះ។
អាជីវករវ័យ ២៩ឆ្នាំ បានរំលេចនៅ អត្ថប្រយោជន៍របស់អង្រឹងក្រណាត់នេះ ដូចជា គេងលក់ស្រួល ធន់មាំ ពេលគេងលើអង្រឹង មិនមានអារម្មណ៍ថាឈឺខ្លួនទេ។
អាជីវកម្មលក់អង្រឹងនេះ លោកស្រីចាប់ផ្ដើមបាន ៤ទៅ៥ ឆ្នាំហើយ ដែលមកទល់ពេលនេះឃើញថា អង្រឹងក្រណាត់នេះ មានការគាំទ្រច្រើនពីបងប្អូន រហូតដល់មានអាជីវករជាច្រើនចាប់ផ្ដើមបើកលក់អង្រឹងក្រណាត់នេះដែរ។
ជាមួយគ្នានេះ ការលក់អង្រឹងក្រណាត់មានភាពងាយស្រួល មិនខូចគុណភាព ព្រមទាំងបានជួយលើកកម្ពស់ផលិតផលនៅក្នុងស្រុកដែលផលិតដោយប្រជាជនមូលដ្ឋានតែម្ដង នៅពេលមានការចែកចាយលក់បន្ត មានការទទួលទិញ ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ ។
លោកស្រីបញ្ជាក់ផងដែរថា ចំពោះអង្រឹងនាំចូលក៏មានគុណភាពល្អ ដូចអង្រឹងធ្វើក្នុងស្រុកយើងដែរ តែការទិញផលិតផលនៅក្នុងស្រុកធ្វើឱ្យបងប្អូនសិប្បករមានការងារធ្វើ រកចំណូលបាន កាត់បន្ថយការចំណាកស្រុក។
ចំពោះបញ្ហាប្រឈម មុខរបរនេះសម្រាប់លោកស្រីគ្មានអ្វីជាបញ្ហានោះទេ។ ខណៈលោកស្រីនាំចូលអង្រឹងចាប់ពី ៥០អង្រឹងចុះមកក្រោម អាស្រ័យលើថ្ងៃលក់ដាច់ និងថ្ងៃលក់មិនដាច់។
សម្រាប់លោកស្រី ទៅថ្ងៃអនាគត អង្រឹងខ្មែរយើងនឹងមានការទទួលស្គាល់ច្រើន មានការនិយមចូលចិត្ត បងប្អូនខ្មែរនឹងងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ខណៈដែលគុណភាពល្អអាចទទួលយកបាន។
សូមបញ្ជាក់ផងដែរថា លោកស្រីមានលក់អង្រឹងគ្រប់ប្រភេទទៅតាមតម្រូវការរបស់អតិថិជន ដូចជា អង្រឹងក្រង អង្រឹងអំបោះ អង្រឹងឡេវអាវ ដែលមានទីតាំងនៅផ្សារថ្នល់បត់ ផ្លូវជាតិលេខ៣៕