សិប្បកម្ម តារា ហ្វូត សំណូមពរដល់ប្រជាជនខ្មែរ ងាកមកប្រើប្រេងធម្មជាតិ ដើម្បីរក្សាសុខភាព

អាជីវកម្ម

សិប្បកម្ម តារា ហ្វូត ជាសិប្បកម្មផលិតប្រេងធម្មជាតិ មានដូចជា ប្រេងដូង ប្រេងសណ្ដែកផ្កាយ ប្រេងល្ងខ្មៅ និងប្រេងសណ្ដែកដី បានសំណូមពរដល់ប្រជាជនខ្មែរ ងាកមកប្រើប្រាស់ប្រេងធម្មជាតិ ជាផលិតផលក្នុងស្រុក ដែលមានគុណភាពល្អ និងមានសុវត្ថិភាព ដើម្បីរក្សាសុខភាពរបស់ខ្លួន ហើយថែមទាំងបានជួយគាំទ្រ​ផលិតផល​ក្នុងស្រុកឱ្យមានភាពរីកចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់សិប្បកម្ម តារា ហ្វូត លោក ម៉ៅ ចាន់ តារា វ័យ៥២ឆ្នាំ បានឱ្យដឹងថា គោលបំណងនៃការបង្កើត សិប្បកម្ម​នេះឡើង គឺលោកចង់ឱ្យប្រជាកសិករខ្មែរមានទីផ្សារក្នុងការលក់ដំណាំផ្សេងៗដូចជា សណ្ដែកផ្កាយ ល្ងខ្មៅ ដូង សណ្ដែកដី ខ្ញី ស្លឹកគ្រៃ និងម្រុំជាដើម។ មួយវិញទៀតលោកបានមើលឃើញថា ការផលិតប្រេងធម្មជាតិនៅកម្ពុជា គឺនៅមានកម្រឹតនៅឡើយ ហើយអាជីវករជាច្រើនបាននាំចូលប្រេងធម្មជាតិ មកពីក្រៅប្រទេសជាច្រើន។ ហេតុ​ដូច្នេះទើបលោកសម្រេចចិត្តស្វែងរកអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញដែលមានបទពិសោធន៍ ដើម្បីបង្កើត​ជា​សិប្បកម្មក្នុងការផលិត ប្រេងធម្មជាតិពិតៗរបស់ខ្មែរ ដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាព។

លោកបានបន្តថា ការលក់ប្រេងធម្មជាតិនៅលើទីផ្សារកម្ពុជា នៅពុំទាន់មានភាពទូលំទូលាយប៉ុន្មានទេ ព្រោះ​ប្រជាជនមួយចំនួនដែលចង់ជាវប្រេងធម្មជាតិរបស់ខ្មែរ ពួកគាត់មិនដឹងថាទៅទិញនៅទីណា ហើយប្រជាជនមួយ​ចំនួន​ទៀត រអ៊ូពីតម្លៃដែលលក់ថ្លៃជាងប្រេងដែលនាំចូលពីក្រៅប្រទេស។ លោកបានបញ្ជាក់ដែរ​ថា​ ទោះបីជា​ប្រេង​ធម្មជាតិរបស់ខ្មែរមានតម្លៃថ្លៃជាងប្រេងនាំចូលក៏ពិតមែន តែលោកធានាគុណភាព និងសុវត្ថិភាពដល់​អ្នក​ប្រើប្រាស់។

សិប្បកម្ម តារា ហ្វូត ក្រៅពីប្រេងសណ្ដែកផ្កាយ ប្រេងដូង ប្រេងល្ងខ្មៅ និងប្រេងសណ្ដែកដី នៅមានផលិតផល​ធម្មជាតិផ្សេងៗទៀតដូចជា តែសណ្ដែកផ្កាយ តែស្លឹកគ្រៃ តែខ្ញី នឹងតែម្រុំ ដែលសុទ្ធតែជាផលិតផល ដែលផលិត​ពីដំណាំ​កសិកម្មរបស់ប្រជាកសិករខ្មែរ។

លោក ម៉ៅ ចាន់ តារា បានយល់ឃើញថា ចំពោះសិប្បកម្មផលិតប្រេងធម្មជាតិនាពេលអនាគត បើប្រជាជន​យើង​កាន់តែគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ខាងសិប្បកម្មផលិតប្រេងធម្មជាតិ​នៅប្រទេសកម្ពុជា​នឹងមានភាពរីកចម្រើន ហើយនឹងឈានទៅរកការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស ដើម្បីឱ្យ​បរទេស​កាន់តែស្គាល់ពីគុណភាពផលិតផល នៅក្នុងប្រទេសកម្ពុជា៕