ឈរជើងលើទីផ្សារ ៣២ឆ្នាំហាងជ្រូកខ្វៃ ទាខ្វៃឆ្ងាញ់ស្រីធំច្បារអំពៅ ពង្រីកខ្លួនបាន២សាខា

អាជីវកម្ម

លោកស្រី មូល សុខនី ជាអាជីវករម្នាក់ដែលបន្តចាប់មុខរបរជាអ្នកលក់ជ្រូកខ្វៃពីឪពុកម្ដាយ ដែលបានដំណើរការអស់រយៈពេល ៣២ឆ្នាំហើយ។មានវ័យ ៤០ឆ្នាំ លោកស្រីមិនត្រឹមតែជាអ្នកលក់ជ្រូកខ្វៃទាខ្វៃនោះទេ ក៏ជាអ្នកលក់តុការផងដែរ ជាមួយនឹងយីហោ ហាងជ្រូកខ្វៃ ទាខ្វៃ ឆ្ងាញ់ស្រីធំច្បារអំពៅ ដែលមានការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងមានទីតាំងលក់នៅក្នុងផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ និងមួយទៀតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ លោកស្រី មូល សុខនី ម្ចាស់ហាងឈ្មោះ ជ្រូកខ្វៃ ទាខ្វៃ ឆ្ងាញ់ស្រីធំច្បារអំពៅ បានលើកឡើងថា ទីផ្សារជ្រូកខ្វៃរាល់ថ្ងៃមានអាជីវករបើកលក់ច្រើន ខណៈដែលហាងលោកស្រីមានការជាវ និងគាំទ្រក្នុងមួយថ្ងៃខ្វៃប្រមាណ ៥ក្បាល និងនាំចូលជ្រូករស់ចំនួន ១៥០ក្បាលក្នុងមួយខែ ដែលយកមកពីខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារ។

លោកស្រីបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៣នេះ តម្រូវការជ្រូកខ្វៃមានទីផ្សារល្អប្រសើរជាងឆ្នាំកន្លងទៅ ជារួមតម្លៃលក់ចន្លោះ ១០ដុល្លារឡើងទៅក្នុងមួយគីឡូ ខណៈកាលពីឆ្នាំ២០២២កន្លងទៅ ជ្រូកខ្វៃទម្ងន់ ១គីឡូ តម្លៃ ៦៥,០០០រៀល ប៉ុន្តែចាប់ពីទម្ងន់៨-១៣ គីឡូក្រាម ម៉ៅក្នុងតម្លៃ ៦២ម៉ឺន ទៅ ៦៣ម៉ឺនរៀល ក្នុង១ក្បាល។ បើតាមលោកស្រី សុខនី អត្រាលក់ដាច់រវាងចូលឆ្នាំខ្មែរ និងចូលឆ្នាំចិន គឺឱកាសចូលឆ្នាំចិនមានការលក់ដាច់ច្រើនជាង។

លោកស្រីបន្តថា កត្តាដែលធ្វើឱ្យលោកស្រីជោគជ័យលើការលក់ដូរ ព្រមទាំងមានការចាប់អារម្មណ៍ទិញយ៉ាងច្រើនពីអតិថិជន ដោយសារតែផលិតផលលោកស្រីមានរសជាតិឆ្ងាញ់ និងគុណភាពជ្រូកដែលជាជ្រូកល្អលេខ១ សាច់ធម្មជាតិសុទ្ធ មិនមែនជ្រូកនាំចូលពីក្រៅមកលក់បន្តនោះទេ។ ហើយចំណុចពិសេសយ៉ាងសំខាន់មួយទៀតនោះគឺ ទំនុកចិត្តទំនួលខុសត្រូវអ្នកលក់ និងការស្រលាញ់ចូលចិត្តលើការងារនេះឯង។

យ៉ាងណា ទន្ទឹមនឹងការគាំទ្រពីសំណាក់អតិថិជនជារៀងរាល់ថ្ងៃ និងនៅគ្រប់រដូវបុណ្យទានម្តងៗ លោកស្រី មូល សុខនី ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា នៅពេលដែលមានការជាវតាមអនឡាញ ការដឹកជញ្ជូនជូនភ្ញៀវយឺតពេលតិចតួចធ្វើឱ្យភ្ញៀវមិនទទួលយកបណ្ដាលឱ្យសល់ខាត និងដោយសារកត្តាប្រឈមមើលមិនឃើញតាមផ្លូវជាដើម។ ប៉ុន្តែនៅតែមានអតិថិជនខ្លះ ស្រលាញ់ចូលចិត្ត និងជួយគាំទ្រទិញយកមកបរិភោគដដែល៕