នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចូលមកដល់នៅថ្ងៃទី ២១ខែមករាឆ្នាំ២០២៣ ខាងមុខនេះ ខណៈសម្ភារៈតុបតែងលំអ គ្រឿងឧបភោគបរិភោគ ពិសេសនោះ ជ្រូកកណ្ដុរខ្វៃមានការកម្ម៉ង់ទិញយ៉ាងផុសផុលពីសំណាក់អតិថិជន បើទោះបីជាតម្លៃរាងលើសជាងឆ្នាំទៅក៏ដោយ។
ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ លោកស្រី មូល សុខនី ម្ចាស់ហាងឈ្មោះ ជ្រូកខ្វៃ ទាខ្វៃ ឆ្ងាញ់ស្រីធំច្បារអំពៅ បានលើកឡើងថា ទីផ្សារជ្រូកខ្វៃរាល់ថ្ងៃមានអាជីវករបើកលក់ច្រើន ខណៈដែលហាងលោកស្រីមានការជាវ និងគាំទ្រក្នុងមួយថ្ងៃខ្វៃប្រមាណ ៥ក្បាល និងនាំចូលជ្រូករស់ចំនួន ១៥០ក្បាលក្នុងមួយខែ ដែលយកមកពីខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារ។
លោកស្រីបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៣នេះ តម្រូវការជ្រូកខ្វៃមានទីផ្សារល្អប្រសើរជាងឆ្នាំកន្លងទៅ ជារួមតម្លៃលក់ចន្លោះ ១០ដុល្លារឡើងទៅក្នុងមួយគីឡូ ខណៈកាលពីឆ្នាំ២០២២កន្លងទៅ ជ្រូកខ្វៃទម្ងន់ ១គីឡូ តម្លៃ ៦៥,០០០រៀល ប៉ុន្តែចាប់ពីទម្ងន់៨-១៣ គីឡូក្រាម ម៉ៅក្នុងតម្លៃ ៦២ម៉ឺន ទៅ ៦៣ម៉ឺនរៀល ក្នុង១ក្បាល។ បើតាមលោកស្រី សុខនី អត្រាលក់ដាច់រវាងចូលឆ្នាំខ្មែរ និងចូលឆ្នាំចិន គឺឱកាសចូលឆ្នាំចិនមានការលក់ដាច់ច្រើនជាង។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស៊្រុន ពៅ បានធ្វើការប៉ាន់ប្រមាណថា តម្រូវការសាច់ជ្រូកសម្រាប់ បរិភោគ នៅក្នុង ថ្ងៃសែនចូលឆ្នំាថ្មីប្រពៃណីចិន-វៀតណាមខាងមុខនេះ ប្រាកដណាស់វានឹងកើនឡើង។ ជាធម្មតាតម្រូវការ ជូ្រករស់ នៅ លើទីផ្សារសព្វថ្ងៃមានប្រមាណ៨ពាន់ក្បាលក្នុងមួយថ្ងៃតែបើដល់ថ្ងៃចូលឆ្នំាចិន មកដល់វាមានដល់១ម៉ឺនក្បាលក្នុង មួយថ្ងៃ ពោលនៅក្នុងថ្ងៃចូលឆ្នំាចិនមានតម្រូវការប្រមាណ២ពាន់ក្បាល។
លោកលើកឡើងថា តម្រូវការជ្រូករស់នៅរដូវការលចូលឆ្នំាខ្មែរមានច្រើនជាងថ្ងៃចូលឆ្នំាថ្មីប្រពៃណីចិន-វៀតណាម។ក្នុងថ្ងៃចូលឆ្នំាខ្មែររយៈពេល៣ថ្ងៃដោយក្នុងមួយថ្ងៃតម្រូវការកើនឡើងជាង១ពាន់ក្បាល បន្ថែមទៅលើតម្រូវការ ប្រចំា ថ្ងៃ ប្រមាណ៨ពាន់ក្បាល តែសម្រាប់ថ្ងៃចូលឆ្នំាចិន-វៀតណាមអាចមានតែ២ពាន់ក្បាល។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះបញ្ជាក់ថា តម្លៃជ្រូករស់នៅថ្ងៃសែនចូលឆ្នំាចិន-វៀតណាមខាងមុខនេះមិន ឡើងថ្លៃខ្ពស់ នោះទេ តម្លៃវាប្រហាក់ប្រហែល៨ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះមិនថាកូនជ្រូក ជ្រូកទុក សម្រាប់ ខ្វៃ និងជ្រូកសាច់ អ្នកចិញ្ចឹមពិបាកលក់ ខុសកាលពីឆ្នំាមុនៗនៅពេលចូលឆ្នំាចិនមកដល់តម្លៃឡើងមួយទ្វេជាពីរសម្រាប់ ជ្រូក ខ្វៃមួយក្បាលថ្លៃដល់២០០ដុល្លារអាមេរិក។
នៅឆ្នំា២០២៣នេះជ្រូកខ្វៃដែលមានទម្ងន់ជាង១០គីឡូក្រាមអាចលក់បានថ្លៃប្រហែល១៥០ដុល្លារអាមេរិកឬតម្លៃនៅស្មើរទៅនិងថ្ងៃធម្មតាហើយតម្រូវការជ្រូកខ្វៃអាចថយចុះពី១ពាន់ក្បាលមកនៅប្រហែល៨០០ក្បាលក្នុងថ្ងៃចូលឆ្នំាចិនឆ្នាំនេះ៕