ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក សិប្បកម្មសូត្រ Khmer Golden Silk លក់ចេញទៅអាល្លឺម៉ង់ និងកាណាដា

អាជីវកម្ម

ផលិតផលសូត្រខ្មែរ ជាផលិតផលមួយប្រភេទបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលដូនតាខ្មែរចាប់របរត្បាញសូត្រតាំងពីបុរាណកាលមក ដោយតម្បាញទៅតាមចំណេះជំនាញ និងគំនិតច្នៃប្រឌិតផលិតចេញជាសំពត់ហូល ក្រមា និងកន្សែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅកម្ពុជាបច្ចុប្បន្ន ការងារក្នុងវិស័យសូត្រនេះ បាននិងកំពុងចូលរួមកាត់បន្ថយការចំណាកស្រុកទៅធ្វើជាពលករស្រុកគេ ជាពិសេសប្រទេសថៃ។

លោកស្រី ម៉ន សារឿត ម្ចាស់សិប្បកម្ម Khmer Golden Silk នៅខេត្តបន្ទាយមានជ័យ បានថ្លែងថា ការងារធ្វើសិប្បកម្មនេះ លោកស្រីធ្វើតពីឪពុកម្ដាយ ហើយការងារនេះលោកស្រីធ្វើបានរយៈពេល ៧ឆ្នាំ។ទាក់ទងទៅនឹងការងារនេះ លោកស្រីបានចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីៗនៅប្រទេសថៃ ចិន និងឥណ្ឌា។

គិតមកដល់ទល់បច្ចុប្បន្ន សិប្បកម្ម Khmer Golden Silk បានពង្រីកខ្លួនចំនួន ២ទីតាំង ដែលទីតាំងទី១សម្រាប់ផលិត ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងទីតាំងទី២ កន្លែងស្តុកផលិតផល និងចែកចាយបោះដុំបន្តទៅឱ្យអតិថិជន ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សម្រាប់ការលក់ចេញវិញ ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនោះ សិប្បកម្មលោកស្រីក៏បានលក់ទៅឱ្យឈ្មួញនៅប្រទេសអាល្លឺម៉ង់ និងកាណាដា ផងដែរ។ លោកស្រីបានបន្តថា លក្ខណៈពិសេសនៃផលិតផលរបស់លោកស្រី គឺមានលក្ខណៈខុសប្លែកពីផលិតផលដទៃដែលរកកន្លែងផ្សេងមិនមានដូចជា ១/ផលិតផលប្រើវត្ថុធាតុដើមក្នុងស្រុក, ២/សរសៃសូត្រក្នុងស្រុក, ៣/ប្រើពណ៌ធម្មជាតិ, ៤/រចនាក្បាច់តាមធម្មជាតិ, ៥/ទាក់ទងនឹងប្រវត្តិផលិតផល(History)ថាមានប្រវត្តិបែបណា។

លោកស្រីបានបន្ថែមថា ផលិតផលដែលទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីអតិថិជនច្រើនជាងគេក្នុងបរិបទកូវីដ-១៩ គឺផលិតផលសរសៃអំបោះដែលយកស្លឹកឈើធម្មជាតិមករចនាម៉ូដរំលេចក្បាច់ រួមមាន ផលិតផលកន្សែង ភួយ និងក្រណាត់ ខណៈផលិតផលសូត្រហាក់ធ្លាក់ចុះដោយសារវាមានតម្លៃថ្លៃ និងទីផ្សាររាងចង្អៀតផង។

ការប្រកបរបរការងារសូត្រខ្មែរនេះ លោកស្រីបានលើកឡើងនូវភាពជោគជ័យមួយចំនួន ទន្ទឹមនឹងភាពជោគជ័យនេះ លោកស្រីក៏មានផលវិបាកខ្លះៗដែរ ដូចជា បញ្ហាវត្ថុធាតុដើម ខ្វះធនធានមនុស្ស ផលិតមិនទាន់តម្រូវការ រកអ្នកទិញក្រៅប្រទេសមិនទាន់ទូលំទូលាយ តម្លៃផលិតផលថ្លៃមិនសូវមានអតិថិជនជាវ និងធ្វើឱ្យធ្លាក់ចំណូលខ្លាំងក្នុងឆ្នាំ២០២១ ប្រមាណ ៦ម៉ឺនដុល្លារក្នុងបរិបទកូវីដ ប៉ុន្តែក្នុងឆ្នាំ២០២២ លោកស្រីអាចរកចំណូលបានមកវិញ ចន្លោះពី៧ម៉ឺនដុល្លារទៅ ៨ម៉ឺនដុល្លារផងដែរ។ បន្ថែមទៀតនោះលោកស្រីរំពឹងទុកថា ផលិតផលនេះនឹងមានការកើនឡើងពី១៥% ទៅ២០% ទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ម្ចាស់សិប្បកម្ម Khmer Golden Silk លោកស្រី ម៉ន សារឿត ក៏បានណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកនៅក្រៅប្រទេស សូមវិលមកស្រុកវិញ ខណៈដែលលោកស្រីក៏បានជួយជ្រោមជ្រែងជីវភាពឱ្យមានកម្រិតប្រសើរឡើង ដោយផ្ដល់ឱកាសការងារត្បាញសូត្រនៅតាមផ្ទះរៀងៗខ្លួន និងបង្ហាត់បង្ហាញជំនាញវិជ្ជាជីវៈដល់អ្នកមិនសូវចេះជំនាញ ដើម្បីឱ្យត្រូវតាមស្ទង់ដារ និងមានគុណភាព៕