ដូងក្រអូប ជាផ្លែឈើមួយប្រភេទដែលជំនួយដល់សុខភាពរាងកាយឱ្យមានភាពមាំមួន។ បច្ចុប្បន្ន ប្រភេទផ្លែឈើនេះ កំពុងមានការកម៉្មង់ទិញពីអតិថិជនយ៉ាងច្រើន ហើយមានចម្ការមួយកន្លែងនៅខេត្តកំពង់ស្ពឺ អាចផ្គត់ផ្គង់ដល់ផ្សារទំនើបឡាក់គី រហូតដល់ ១០កន្លែងនៅរាជធានីភ្នំពេញ។ នេះបើតាមម្ចាស់ចម្ការ ថ្លែងប្រាប់ ឧកញ៉ា ញូស៍ នៅថ្ងៃនេះ។

លោកស្រី បែន អង្គាវត្តី ម្ចាស់ចំការតារ៉ុង បង្ហើបត្រួសៗថា ផ្សារឡាក់គីចំនួន ១០សាខា ដែលលោកស្រីផ្គត់ផ្គង់ឱ្យនៅរាជធានីភ្នំពេញរួមមាន នៅកប់ស្រូវ កួរស្រូវ ព្រែកអាញ ព្រែកព្នៅ និរោធ ឈូកវ៉ា ពោធិ៍ចិនតុង បែកចាន បុរីពិភពថ្មី១ ផ្លូវជាតិលេខ៣ និងម៉ាតផ្សារបាយ័ន ហើយបច្ចុប្បន្ននេះ មានការនាំទៅខេត្តព្រះសីហនុ និងមានការកម៉្មង់តាមអនឡាញ តាមបណ្ដាខេត្តនានាទៀត។

លោកស្រីបន្តទៀតថា ស្វាមីលោកស្រីប្រកបរបរដាំដុះដូងក្រអូបនេះ ប្រមាណជា ១០ឆ្នាំជាងមកហើយ ដែលពីមុនមិនមានការចែកចាយបែបនេះទេ ប៉ុន្តែលោកស្រីទើបបើកលក់បោះដុំលក់រាយជិត១ឆ្នាំនេះ ដោយផ្ដើមចេញពីគំនិតគិតពីសុខភាពប្រជាពលរដ្ឋជាធំ។ ក្នុងនោះលោកស្រី បានលក់ផលិតផលរបស់ខ្លួន ដោយសាកល្បងលក់ផ្លែត្របែក និងធ្វើជាទឹកត្របែកលក់ និងធ្វើទៅតាមតម្រូវការរបស់អតិថិជន ហើយបន្តលក់ចេញផលិតផលផ្សេងៗ ដែលសុទ្ធតែចេញពីចម្ការលោកស្រីមានដូចជា ដូងក្រអូបជាផ្លែ ជាដប ល្ហុង ខ្នុរ ស្វាយកែវរមៀត បន្លែ និងចាហ៊ួយដូងក្រអូបជាដើម។

បន្ថែមទៀតនោះ លោកស្រីបន្តថា នៅក្នុងចំការត្របែកមាន២ប្រភេទ ទី១ គីមជូ (សាច់ស) លក់ចេញក្នុងតម្លៃ ៨០០០រៀល/១គីឡូក្រាម និងទី២ រូប៊ី (សាច់ក្រហម) លក់ចេញតម្លៃ ១២០០០រៀល/១គីឡូក្រាម ចំណែកដូងក្រអូបវិញ តម្លៃ៤០០០រៀល/១ផ្លែ ចាហួយដូងក្រអូបមាន ២ប្រភេទគឺ ចាហួយដាក់ក្នុងដូង ១ផ្លែ តម្លៃ ៨០០០រៀល និងចាហួយកែវ ៣៥០០រៀល។
ទោះជាមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងនេះក្ដី លោកស្រីក៏ជួបការលំបាកខ្លះៗដែរដូចជា បញ្ហាដំណាំខូច បញ្ហាពិបាករកទីផ្សារឱ្យទូលំទូលាយ។ លោកស្រីក៏បានបន្តទៀតថា ក្នុងនាមជាអ្នកធ្វើកសិកម្មត្រូវចេះរកទីផ្សារដោយខ្លួនឯង បើមិនដូច្នោះទេ ប្រាកដជាយ៉ាប់ហើយ។ ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដែលជួយជាវទិញផលិតផលកន្លងមក និងសំណូមពរដល់ប្រជាពលរដ្ឋជួយគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យទីផ្សារខ្មែរឱ្យទូលំទូលាយទៅថ្ងៃអនាគត ហើយបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អផងដែរ។

សូមបញ្ជាក់ថា ផ្លែដូងក្រអូបរបស់លោកស្រី បែន អង្គាវត្តី ស្ថិតនៅតំបន់ពេជ្រនិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានផ្ទុះការទិញច្រើនពីអតិថិជនផង និងផ្គត់ផ្គង់តាមផ្សារទំនើបឡាក់គីផង ហើយមុននឹងនាំចេញទៅលក់គឺមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងជឿទុកចិត្តពីម្ចាស់ហាងឡាក់គី គឺដោយសារផលិតផលធម្មជាតិសុទ្ធ១០០% មានរសជាតិឆ្ងាញ់ យកចេញតែពីចម្ការខ្លួនឯងផ្ទាល់ ដែលមានស្វាមីលោកស្រីជាអ្នកដាំ និងថែទាំផ្ទាល់៕
