ជាទូទៅនៅក្នុងប្រទេសកម្ពុជា យើងធ្លាប់តែឃើញមានជាញឹកញាប់ នូវកសិដ្ឋានចិញ្ចឹមមាន់ ទា ជ្រូក គោ ត្រី កង្កែប និងពពែ ជាដើម ប៉ុន្តែតាមពិតក៏មានកសិដ្ឋានចិញ្ចឹមរុយ ផងដែរ ដែលពុំសូវមានអ្នកដឹងនោះទេ។ ជាក់ស្តែង នៅក្នុងរាជធានីភ្នំពេញ មានកសិដ្ឋានចិញ្ចឹមរុយមួយកន្លែង បានបើកអស់រយៈពេល ៥ឆ្នាំមកហើយ និងអាចរកចំណូលបានចាប់ពី ១ពាន់ដល់៣ពាន់ដុល្លារក្នុងមួយខែ។ តើការចិញ្ចឹមសត្វរុយ មានប្រយោជន៍អ្វីខ្លះ?
លោក សៅ សែនសំណាង មាន អាយុ ៣៥ឆ្នាំស្ថិតនៅរាជធានីភ្នំពេញ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF Farm ផ្ទាល់បានរៀបរាប់ថា លោកបានបើកកសិដ្ឋានចិញ្ចឹមរុយនេះរយៈពេល ៥ឆ្នាំហើយ គឺចាប់តាំងពីឆ្នាំ ២០១៨ មកម៉្លេះ។
ក្នុងការបើកកសិដ្ឋាននេះឡើង លោកមើលឃើញថាការចិញ្ចឹមរុយខ្មៅនេះ គឺមាននៅតាមប្រទេសផ្សេងៗដូចជាប្រទេសថៃ និងប្រទេសវៀតណាម។ ដោយឡែកនៅកម្ពុជាពុំទាន់មាននោះទេ ហេតុនេះលោកក៏បានស្វែងរកពូជរុយខ្មៅធម្មជាតិនៅក្នុងប្រទេសកម្ពុជា និងបានពូជច្រើនទៀតពីវៀតណាម ហើយលោកក៏បានសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញពីប្រទេសម៉ាឡេស៊ី និងទៅរៀនបន្ថែមនៅវៀតណាម។
លោកបានបន្តថា ភាគច្រើនយើងចិញ្ចឹមរុយខ្មៅ គឺដើម្បីភ្ញាស់យកពងប្រូតេអ៊ីន យកវាទៅធ្វើមេចំណីដោយលាយពងរុយប្រូតេអ៊ីនជាមួយគ្រាប់ធញ្ញជាតិផ្សេងៗធ្វើជាចំណីសត្វ ដើម្បីបង្កើតសារធាតុចិញ្ចឹមដល់សត្វ។ សារប្រយោជន៍វា គឺមានច្រើនទៀត ដោយគេអាចធ្វើជាម្សៅប្រូតេអ៊ីន គេយកវាធ្វើជាសំបកឱសថ ឬធ្វើជាចំណីរបស់សត្វត្រជៀកកាំផងដែរ។
លោក សៅ សែនសំណាង បានបង្ហើបខ្លះៗនៃដំណើរការចិញ្ចឹមរុយផងដែរថា ដំបូងត្រូវទិញពងរុយ បន្ទាប់មកចាប់ផ្ដើមភ្ញាស់ជាមួយចំណីកូនមាន់ នៅពេលវាញាស់បានល្អ និងដល់ពេលវាស៊ីចំណីថ្មី យើងត្រូវត្រៀមចំណីថ្មីដែលមានដូចជាកាកសំណល់ផ្សេងៗ ដូចជាកាកស្រាបៀរ កាកសណ្ដែកសៀង កាកសំណល់ផ្ទះបាយ កាកសំណល់បន្លែផ្លែឈើ លាមកមាន់ ទា ជ្រូក ជាដើម។ នៅពេលដែលចិញ្ចឹមបាន១៥ថ្ងៃ គឺអាចប្រមូលផលបាន ហើយក្នុងរយៈពេល ៣សប្ដាហ៍ វានឹងប្រែជាពណ៌ត្នោតឬពណ៌ខ្មៅហៅថាជាមេពូជត្រៀមញាស់ក្លាយជារុយ ហើយ ៤សប្ដាហ៍ក្រោយមក វានឹងញាស់ក្លាយជារុយ។ ទោះយ៉ាងណាក៏លោកសូមលើកទឹកចិត្តដល់កសិករត្រូវរៀនសិន មុននឹងចាប់ផ្ដើមចិញ្ចឹម។
យ៉ាងណាមិញ លោក សៅ សែនសំណាង យល់ឃើញថា ទៅថ្ងៃខាងមុខបើមានវិនិយោគគិនណាមួយ ចាប់អារម្មណ៍លើវិស័យនេះ ដូចនៅស្រុកគេ ហើយអាចបង្កើតរោងចក្រផលិតចំណីសត្វលក់ចែកជូនប្រជាកសិករក្នុងស្រុកបានតម្លៃធូរថ្លៃគឺរឹតតែល្អ ព្រោះសព្វថ្ងៃប្រជាកសិករមានបញ្ហារឿងចំណីសត្វឡើងថ្លៃ ដូច្នេះបើយើងអាចផលិតចំណីសត្វពីពងរុយប្រូតេអ៊ីននេះបាន វាមានគុណភាពល្អ ហើយថែមទាំងធូរថ្លៃថែមទៀត។
គួរបញ្ជាក់ដែរថា កសិដ្ឋាន របស់លោក សៅ សែនសំណាង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ពីមុនលោករកចំណូលបានចន្លោះពី១០០០ដុល្លារ ដល់ ៣០០០ដុល្លារក្នុងមួយខែ ហើយលក់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ជាទូទៅលោកយកចេញទៅលក់ធ្វើជាចំណីសត្វត្រចៀកកម្មនៅខេត្តកោះកុង តែពេលបច្ចុប្បន្ន លោកគ្រាន់តែលក់ពូជ ហើយបង្រៀនបន្តដល់សិស្ស និងចិញ្ចឹម សម្រាប់ជាចំណីមាន់ ទា ត្រី របស់លោកតែប៉ុណ្ណោះ៕