លោក ជា យុទ្ធា ចាប់អាជីពជាជាងចម្លាក់ស្ពាន់និងប្រាក់ ជិត៦០ឆ្នាំ ព្រោះចង់អភិរក្សមរតកដូនតា

អាជីវកម្ម

លោក ជា យុទ្ធា គឺជាជាងចម្លាក់ស្ពាន់និងប្រាក់ នៅភូមិសាលាកាត់សក់ ឃុំវាលហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ ស្នាដៃឆ្លាក់របស់លោកប្រកបដោយជំនាញប៉ិនប្រសប់ មានភាពរស់រវើកនៃក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា យុទ្ធា បានចាប់អាជីពជាជាងចម្លាក់ស្ពាន់និងប្រាក់ នៅលើវត្ថុអនុសាវរីយ៍ផ្សេងៗរយៈពេល៥៦ឆ្នាំមកហើយ ។ ការចាប់អាជីពបានយូរបែបនេះ ដោយសារតែចង់ថែរក្សានិងអភិរក្សមរតកដូនតា ។

ថ្លែងប្រាប់ឧកញ៉ាញូស៍ លោក ជា យុទ្ធា បានលើកឡើងថា ការប្រកបរបរជាជាងឆ្លាក់នេះ ចាប់ផ្ដើមតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ តែក្នុងសម័យ ប៉ុល ពត ឆ្នាំ១៩៧៥ ផ្អាកបណ្ដោះអាសន្ន។ លុះមកដល់ឆ្នាំ១៩៨៨ ទើបលោក ចាប់ផ្ដើមធ្វើម្ដងទៀតរហូតមកដល់ឆ្នាំ២០២៣នេះ។

ទោះមកទល់ពេលនេះស្ថិតក្នុងវ័យ៧៨ឆ្នាំហើយក្តី សិប្បករចម្លាក់ជើងចាស់រូបនេះ បានរៀបរាប់ថា ជំនាញក្នុងការឆ្លាក់នេះលោកបានរៀនពីគ្រូដែលបង្រៀននៅសាលារចនា ដោយទៅរៀនផ្ទាល់នៅផ្ទះគ្រូ កត្តានេះដោយលោកមានបញ្ហាជីវភាព និងមិនបានសិក្សាដល់កម្រិតទុតិយភូមិទើបមិនអាចទៅរៀនផ្ទាល់នៅសាកលវិទ្យាល័យបាន។

ការប្រកបមុខរបរនេះតាំងពីដើមរហូតមកដល់បច្ចុប្បន្នគឺ ព្រោះតែចំណង់ចំណូលចិត្តនិងក្ដីស្រឡាញ់ ចង់ថែរក្សា អភិរក្ស និងលើកតម្កើងនៅក្បាច់ចម្លាក់សម័យអង្គរ បង្ហាញដល់កូនខ្មែរជំនាន់ក្រោយតាមរយៈសិល្បៈចម្លាក់លើវត្ថុផ្សេងៗ។ ម្យ៉ាងទៀតសព្វថ្ងៃនេះសិល្បៈចម្លាក់សម័យអង្គរឃើញតែគេឆ្លាក់នៅលើស៊ីម៉ង់និងឈើតែប៉ុណ្ណោះ ទើបលោកធ្វើឱ្យប្លែកពីគេ គឺឆ្លាក់នៅលើស្ពាន់ក្រហមនិងប្រាក់តែម្ដង។

ទន្ទឹមនឹងការអភិរក្សនេះ ក៏លោកនឹងប្ដេជ្ញាចិត្តធ្វើឱ្យបានល្អប្រសើរ ខណៈដែលថៃកំពុងខិតខំលួចយក ឬចម្លងសិល្បៈរបស់យើងទៅជារបស់គេ ហេតុនេះលោកនិងកូន ព្រមទាំងសិស្ស៣នាក់ទៀតខិតខំកាន់តែខ្លាំងដើម្បីរក្សាឱ្យបាននូវអ្វីដែលជារបស់ខ្មែរ។

ក្នុងការឆ្លាក់ក្បូរក្បាច់រចនាផ្សេងៗមានរឿងរាមកេរ្ដិ៍ ក្បាច់ផ្ដែទ្វា ភ្ញីទេស គឺតម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន អ្នកដែលមានជីវភាពធូរធា គេឆ្លាក់នៅលើប្រាក់ អ្នកមធ្យម ឬគេស្រឡាញ់ស្ពាន់ក្រហមក៏ឆ្លាក់នៅលើស្ពាន់ក្រហម។ សម្រាប់ក្បាច់រចនាក៏តម្រូវលើការពេញចិត្តរបស់អតិថិជនដែរ។ ប្រសិនបើអតិថិជនស្រឡាញ់ចម្លាក់សម័យអង្គរត្រង់ឈុតណា គ្រាន់តែថតរួចយកឱ្យមើលជាគំរូជាការស្រេច។

សិប្បករដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិថីចម្លាក់រូបនេះ ក៏បានប្រាប់ឱ្យដឹងដែរថា ការចាប់ផ្ដើមដំបូងនៃរោងសិប្បកម្មនេះ ចាយដើមទុនតែបន្តិចបន្តួចប៉ុណ្ណោះ ដោយទិញ ស្ពាន់ក្រហមមកឆ្លាក់នៅគ្រឿងតូចៗ ហើយនៅពេលដែលអតិថិជនធ្វើការកម្ម៉ង់ទើបលោកទៅទិញប្រាក់ឬស្ពាន់តាមដែលគេចង់បាន។

ក្រឡេកមកតម្លៃវិញ លោក ជា យុទ្ធា បានប្រាប់ឱ្យដឹងសម្រាប់ផ្ដិលមួយគឺលក់ក្នុងតម្លៃ១ម៉ឺនដុល្លារ ចម្លាក់ខ្លះមានតម្លៃ២០០ដុល្លារ ៣០០ដុលា្លរ ៧០០ដុល្លារ ១០០០ដុល្លារ ៥០០០ដុល្លារ រហូតដល់១ម៉ឺនដុល្លារ។ ចំពោះតម្លៃខ្ពស់នៃវត្ថុនីមួយៗនេះ គឺក្រោមមូលហេតុថា ឆ្លាក់លើវត្ថុដោយដៃនេះត្រួវចំណាយពេលយូរ ចាប់ពី១ខែឡើងទៅដល់ ៦ខែ។ រីឯរូបភាពច្បាស់ៗ សិប្បករផ្ចិតផ្ចង់ យកចិត្តទុកដាក់ មិនរវើរវាយ។

ជាមួយគ្នានេះ អាជីពជាអ្នកឆ្លាក់នេះក៏មានការលំបាកផងដែរ ព្រោះ ជាងចម្លាក់ត្រូវមានក្រិតក្រម ស្មិងស្មាធ៍ តាំងសារតីឱ្យបានល្អ មិនរវើរវាយ ព្រោះបើអារម្មណ៍មិននៅជាប់ខ្លួន អាចធ្វើឱ្យរូបចេញមកមិនស្អាត មិនរស់រវើក មិនគួរជាទីទាក់ចិត្តនៃមនុស្សផងគ្នា។

ពោលដោយក្ដីរំភើប លោក ជា យុទ្ធាបានលើកឡើងថា មូលហេតុដែលរោងចម្លាក់របស់លោកបើកមកដល់សព្វថ្ងៃនេះ ព្រោះតែមានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងនិងក្រៅប្រទេសជាច្រើន មិនតែប៉ុណ្ណោះចម្លាក់នេះក៏មានការគាំទ្រខ្លាំងពីប្រមុខដឹងនាំរបស់យើងសម្ដេចតេជោ ហ៊ុន សែនផងដែរ។ដោយកាលពីខែមេសា ឆ្នាំ២០២២ ក៏បានទទួលពានរង្វាន់ពីក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមវត្តមានលោកប៉ាន សូរស័ក្ខ លោកស្រី ធួង លក្ខិណាផងដែរ។

បើនិយាយពីចំណុចពិសេសនៃរោងសិប្បកម្មនេះ មានដូចជា ពេលអតិថិជនត្រូវការឆ្លាក់រូបអ្វីនាសម័យអង្គរ គឺអាចដាប់ឆ្លាក់បានទាំងអស់មិនថា ពិបាកឬស្រួលទេ ហើយគុណភាពគឺល្អ។

ដោយមើលឃើញពីការគាំទ្រនេះសិប្បករជើងចាស់ បានយល់ឃើញថា ទៅថ្ងៃខាងមុខសិល្បៈចម្លាក់នេះនឹងរីកចម្រើនទៅមុខជាលំដាប់ ព្រោះក្នុងសម័យសន្តិភាពនេះ គឺគ្រប់ប្រជាជនទាំងអស់គឺងាយស្រួលក្នុងការប្រកបការងាររកស៊ី ហើយសិល្បៈនេះទៀតសោតក៏មានសន្ទុះនៃការគាំទ្រច្រើនផងដែរ៕