អតីតពលករនៅថៃម្នាក់ បើកសិប្បកម្មផលិតកាបូបផ្ទាល់ខ្លួន អាចរកចំណូលបាន ៣ពាន់ដុល្លារក្នុងមួយខែ

អាជីវកម្ម

ស្ត្រីមួយរូប ដែលជាអតីត​ពលករ​​រោងចក្រ​នៅ​ប្រទេសថៃ បាន​បែក​គំនិត​​បង្កើត​សិប្បកម្ម​ផលិត​កាបូបស្បែក​ផ្ទាល់​ខ្លួន និង​មាន​ទឹកដៃច្នៃប្រឌិត​​បែប​ខ្មែរ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ​មានការពេញ​ចិត្ត​ កោតសរសើរ​យ៉ាង​ខ្លាំង ​ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​អតិថិជន ដែល​ធ្វើ​ឱ្យ​លោកស្រី អាច​រក​ចំណូល​បាន​យ៉ាង​តិច ៣០០០​ដុល្លារ​ក្នុង​មួយខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សុវណ្ណ ចាន់ឌីអា ម្ចាស់សិប្បកម្ម ពេជ្រសុវណ្ណសិប្បកម្មផលិតកាបូបស្បែក​ជាផលិតផលខ្មែរ ស្ថិត​ក្នុង​ភូមិកូនខ្លុង ឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​បាន​ថ្លែង​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ យ៉ាងដូច្នេះ​ថា ផលិត​ផលកាបូបស្បែកកន្លែងសិប្បកម្មលោកស្រី មានការគាំទ្រទិញពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ ដោយសារ​តែផលិតផលលោកស្រី មានលក្ខណៈខុសប្លែក ហើយស្អាតពីកាបូបដទៃដូចជា មានការដាក់​ឈ្មោះ​និងលេខ​ទូរស័ព្ទ​ដោយ​ឥត​គិត​ថ្លៃ​នៅលើកាបូប គុណភាពស្បែក មានអុកត្រាខ្មែរ ដាក់រូបប្រាសាទអង្គរវត្ត​ជា​តំណាង​ផលិត​ផលខ្មែរ គឺក្នុងន័យជួយផ្សព្វផ្សាយ ដែលជាចំណុចធ្វើឱ្យបងប្អូនប្រជាពលរដ្ឋគាំទ្រ និងមានភាព​ទាក់ទាញ​បែបនេះ។

លោកស្រី បាន​បន្តថា នៅក្នុងសិប្បកម្មមានផលិតជា កាបូបខ្លី ប្រភេទកាបូប មានកាបូបបត់ខ្លី កាបូបបញ្ឈរ កាបូបវែង កាបូបកាន់ធំៗ ខ្សែក្រវ៉ាត់ ហើយកាបូបនីមួយៗ លក់មួយ​ តម្លៃចាប់ពី ១០ដុល្លារឡើងទៅដល់ ៣០ដុល្លារ។ ទន្ទឹមជាមួយតម្លៃនេះ លោកស្រីរកចំណូលបានទាបបំផុតខ្ទង់ ៣០០០ដុល្លារអាមេរិកក្នុងមួយខែ។

ជាមួយគ្នានេះ លោកស្រីក៏បានបង្ហើបទៀតថា វត្ថុធាតុដើម ដែលត្រូវផលិតជាកាបូបនេះ សុទ្ធតែនាំយកពី​ប្រទេស​ចិន និងភាគច្រើនមកពីប្រទេសថៃ រួមមាន៖ អំបោះ កាវ ស្បែកគោ ដែលកន្លះខែ លោកស្រីនាំចូលម្ដង ចំណាយ​ប្រាក់ជិត ២០០០ដុល្លារអាមេរិក ដូច្នេះក្នុងមួយខែៗ នាំចូលជិត ៤០០០ដុល្លារអាមេរិកឯណោះ។

សិប្បករផលិតកាបូបរូបនេះ បន្តទៀតថា កត្តាដែលធ្វើឱ្យមានភ្ញៀវជាវទិញ និងគាំទ្រច្រើនបែបនេះ ដោយ​កត្តា​ពីរយ៉ាងគឺ ទី១ ភាពស្មោះត្រង់ ធ្វើជាអ្នកលក់ត្រូវមានភាពស្មោះត្រង់ដាក់ភ្ញៀវ វត្ថុធាតុដើមយកមកពីណា ត្រូវ​ជម្រាបប្រាប់ភ្ញៀវត្រង់ៗ ឯទី២ គុណភាពផលិតផលល្អ ស្វិតធន់ជាប់បានយូរ ប្រើមិនងាយនឹងខូចជាដើម។

ទន្ទឹមនឹងនេះ លោកស្រីក៏បានថ្លែងអំណរគុណដល់អតិថិជន​យ៉ាងជ្រាលជ្រៅ ដែលបានជួយកម៉្មង់​ទិញផលិត​ផល​លោកស្រីមករហូត ហើយលោកស្រីក៏បានរំពឹងទុកទៅថ្ងៃអនាគតដែរថា ផលិតផលនេះ នឹងមានការជាវទិញ​កាន់តែច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ លោកស្រី និងក្រុមការងារនឹងខិតខំប្រឹងប្រែង​កែច្នៃផលិតផលនេះឱ្យ​កាន់​តែមាន​លក្ខណៈស្តង់ដារជាងមុន និងដាក់តាំងលក់នៅលើទីផ្សារឱ្យមានឈ្មោះល្បីល្បាញ និងមានឱកាសនាំ​ចេញ​ទៅក្រៅប្រទេសផងដែរ។

គួររំឭក​ផងដែរថា ដំបូងឡើយ លោកស្រី សុវណ្ណ ចាន់ឌីអា ជាអតីតពលករដេរកាបូបក្នុងរោងចក្រ​នៅប្រទេស​ថៃ ប៉ុន្តែក្រោយមក លោកស្រីវិលត្រឡប់មកស្រុកវិញ បែកគំនិតរកស៊ី ចាប់ផ្ដើមពីកន្លែងដេរកាបូបតូចមួយ ដោយ​យក​បទពិសោធន៍ធ្វើការងារនៅប្រទេសថៃប្រមាណជាង ៥ឆ្នាំ បូករួម​នឹង​ការច្នៃប្រឌិត​ឡើងដោយ​គំនិតផ្ទាល់​ខ្លួនទៀត ពង្រីកទៅជាសិប្បកម្មដោយចំណាយដើមទុនជិត ៥០០០ដុល្លារអាមេរិក ហើយប្រើរយៈពេលជិត ១ឆ្នាំ​ ទម្រាំរួចដើម ចាប់ពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន ប្រមាណជិត៥ឆ្នាំ​មក​​ហើយ៕