ក្រមាខ្មែរ ជាមរតកខ្វះមិនបាន មានតម្រូវការប្រើប្រាស់គ្រប់សម័យកាល

អាជីវកម្ម

មរតកក្រមាខ្មែរ ជាមរតកមួយដ៏សំខាន់ ដែលកើតចេញពីការត្បាញដោយដៃរបស់ប្រជាពលរដ្ឋខ្មែរ ដោយសម្រិត​សម្រាំងយ៉ាងប្រណិត និងយកចិត្តទុកដាក់បំផុតទម្រាំបានក្រមាមួយៗ ហើយជាពិសេសនោះ ក្រមាប្រើត្រូវគ្រប់​តម្រូវការរបស់ប្រជាជនទៅតាមសម័យកាលនីមួយៗ។ នេះបើតាមការលើឡើងរបស់ម្ចាស់អាជីវកម្ម​ក្រមា​ខេត្ត​តាកែវ ថ្លែងប្រាប់ ឧកញ៉ាញូស៍ នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផាន បូរ៉ា ម្ចាស់អាជីវកម្មក្រមាខ្មែរខេត្តតាកែវ បានលើកឡើងថា ក្រមាខេត្តតាកែវបង្កប់នូវលក្ខណៈ​ពិសេស ដែលធ្វើឱ្យជាប់ចិត្ត គឺពេលប្រើប្រាស់ដូចជាការជូតខ្លួនមិនស្កៀបរមាស់ មិនមានប្រតិកម្មជាមួយស្បែក មិនប្រើ​លាក់ជាតិគីមី ផលិតផលខ្មែរសុទ្ធៗធម្មជាតិ១០០% និងសាច់ក្រមាទន់ល្មើយ។

អាជីវកររូបនេះ បន្តថ្លែងថា លោកចាប់អាជីវកម្មនេះឡើង ក្នុងគោលបំណងជួយចែកចាយ​លើកស្ទួយផលិតផល​ខ្មែរ ជួយស្វែងរកទីផ្សារជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពួកគាត់មានទឹកចិត្តខិតខំត្បាញ​នូវ​ផលិតផលនេះបន្ថែម យកទៅប្រកួតប្រជែងលើទីផ្សារអន្តរជាតិខាងទីផ្សារអារ៉ាប់ ហើយជាពិសេស លោកចង់​ថែរក្សាកេរ្តិ៍ក្រមាមិនចង់ឱ្យមានការបាត់បង់ ជាវត្ថុលោកស្រឡាញ់ និងជាវត្ថុមួយតំណាងឱ្យជាតិសាសន៍ខ្មែរដែរ។

លោកបន្តទៀតថា បច្ចុប្បន្នលោកមើលឃើញទីផ្សារក្រមាខ្មែរទាំងក្នុងស្រុក និងក្រៅប្រទេសរួចហើយ ខណៈ​ពេលនេះ ធ្វើយ៉ាងណាឱ្យដៃគូទីផ្សាររបស់លោកមានការទទួលស្គាល់ជាមុនសិន ដោយចែកក្រមាជាវត្ថុ​អនុស្សាវរីយ៍​នៅពេលមានកិច្ចប្រជុំការងារ ផ្សព្វផ្សាយឱ្យផុសផុលអំពីគុណតម្លៃក្រមា​តាមប្រព័ន្ធឌីជីថល ដែលពុំ​សូវផ្ដោតលើតម្លៃក្រមា និងលោកតែងតែបង់ក្រមានៅនឹងកជានិច្ច។ ជាមួយគ្នានេះ លោកថ្លែងទៀតថា ក្រោយ​មក ក្រមាខេត្តតាកែវ ទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន តាមអនឡាញ ខណៈ​ដែល​លោកទើបតែបើកអាជីវកម្មចែកចាយក្រមាតាមអនឡាញ នៅដើមឆ្នាំ២០២៣ នេះ។

ទន្ទឹមនឹងនេះ លោកផាន បូរ៉ា បន្តលើកឡើងថា លោកជួយចែកចាយក្រមានេះ ដោយមានទិសដៅរកចំណូល​ក្នុងមួយខែរកឱ្យបានត្រឹម ១០០០ដុល្លារអាមេរិក ប៉ុន្តែពេលខ្លះទទួលចំណូលបានលើស ១០០០ដុល្លារ​អាមេរិក​ក៏មានដែរ។ នៅក្នុងនោះ ក្រមាខ្មែរខេត្តតាកែវ ដែលលោកយកមក មានតម្លៃចាប់ពី ៣ដុល្លាររហូតដល់ ៥០ដុល្លារ ដែលក្រមាតម្លៃ ៣-៤ដុល្លារ ជាក្រមាអនុស្សាវរីយ៍ដាក់តាមរោងការ។

ក្រៅពីជាម្ចាស់អាជីវកម្មចែកចាយក្រមាខ្មែរខេត្តតាកែវ លោកផាន បូរ៉ា ជាអគ្គនាយកក្រុមហ៊ុន Nature Top Cosmetics អគ្គនាយកក្រុមហ៊ុន T.K Business Consulting Co.,LTD អគ្គនាយកក្រុមហ៊ុន CSCP CONSTRUCTION CO.,LTD និងជាសមាជិកសភាពាណិជកម្មជាដើម ហើយ លោកក៏ជាអាជីវករលក់ហូល​ផាមួងខ្មែរ អស់រយៈពេល ២០ឆ្នាំមកហើយផងដែរ។

គួររម្លឹកបន្តិចថា ក្រមាខ្មែរ បាន​ធ្វើ​ឱ្យ​អន្តរជាតិ​ស្គាល់​កាន់​តែ​ច្រើន បន្ទាប់ពី​បានជាប់ឯកទគ្គកម្មពិភពលោក​ជា​ក្រមា​វែងជាងគេ ដែលមានប្រវែង១០០០ម៉ែត្រ ត្រូវបានគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) វាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណមជ្ឈ​មណ្ឌលកោះពេជ្រ នូវសមិទ្ធផលថ្មីមួយប្រកបដោយមោទនភាពខ្ពស់ និងជាកិត្តិយសជាតិថ្មីមួយទៀត ដែល​ពលរដ្ឋ​ខ្មែរបានរួមគ្នាកសាងឡើង៕