ប្រជាជនភូមិមួយនៃខេត្តបាត់ដំបង ប្រកបរបរធ្វើសំបកណែម តពីដូនតា អាចដោះស្រាយជីវភាពគ្រួសារ

អាជីវកម្ម

ប្រជាជនភាគច្រើននៅភូមិមួយ នៃខេត្តបាត់ដំបង ​​បាន​ប្រកប​មុខរបរ​ធ្វើ​សំបក​ណែម បន្ត​កេរ្តិ៍ដំណែល​ពី​ដូនតា​ជា​ច្រើន​ជំនាន់ ​​និង​បាន​ក្លាយ​ជា​មុខរបរ​ប្រចាំ​ថ្ងៃ អាច​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​​​ពួកគេ​ ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​​ជាង​មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សាម៉ន ប្រជាពលរដ្ឋប្រកបរបរធ្វើសំបកណែម រស់​នៅ​ក្នុងភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ក្នុង​​​បទសម្ភាសន៍ជាមួយ ឧកញ៉ា ញូស៍ នៅថ្ងៃនេះ​ឱ្យ​ដឹង​ថា ​លោកស្រីប្រកបរបរនេះ​បន្ត​ពី​ឪពុកម្ដាយប្រមាណជាង៥ឆ្នាំមកហើយ​ ហើយ​អាជីពនេះមានការធ្វើតាំង​ពីលោកតាលោកយាយ​របស់លោកស្រី​ជាច្រើនជំនាន់។ លោកស្រី បាន​បន្ត​ថា ការងារនេះ ជួយសម្រួលបញ្ហាជីវភាពរបស់លោកស្រី​ឱ្យប្រសើរ​មួយ​ចំនួន​ដែរ ហើយនៅក្នុងភូមិដូនទាវនេះ សម្បូរប្រជាពលរដ្ឋប្រកបរបរធ្វើសំបកណែម និងមួលណែមលក់ណាស់ ដែល​មានប្រមាណជា ២០ ទៅ ៣០គ្រួសារឯណោះ។

ជាមួយគ្នានេះ អាជីវករប្រកបរបរប្រពៃណីរូបនេះ បានបង្ហើបឱ្យដឹងទៀតថា ការបើករបរនេះដំបូង ចំណាយ​អស់​ខ្ទង់ ៣លានរៀល ខណៈក្នុងមួយថ្ងៃអាចផលិតបានត្រឹម ១ពាន់សន្លឹក ជួនកាលធ្វើបានដល់ ២ពាន់សន្លឹក ដែល​ក្នុងមួយថ្ងៃលក់ដាច់បាន ១០ ទៅ ២០ដុំ ដែលក្នុងមួយដុំៗមានចំនួន ១០០សន្លឹក។ លោកស្រីបន្តទៀតថា ការងារនេះមានភាពលំបាកខ្លះៗដែរ ដូចជា បញ្ហាខ្វះធនធានមនុស្សជួយធ្វើ បញ្ហាអាកាសធាតុ និងសេដ្ឋកិច្ច​ហិរញ្ញវត្ថុផងដែរ។

លោកស្រី សាម៉ន លើកបន្តថា ចំពោះការងារនេះ ជាការងារតក់ៗ រកបានតិចតួច តែជាការងារទំនៀមទម្លាប់​ប្រពៃណី​ពីដូនតាមក សម្រាប់អ្នកខេត្តបាត់ដំបង។ រាល់ថ្ងៃលោកស្រីមើលឃើញថា ទីផ្សារសំបកណែម គឺមិន​ចង្អៀត​ទេ មានភាពទូលាយ និងមានតម្រូវការក្នុងស្រុកច្រើន។

ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍​ខេត្តបាត់ដំបង ក៏បានឱ្យដឹងបន្ថែមថា សំបកណែម​បាន​ផលិតចេញពី​សារជាតិ​អង្ករ​សុទ្ធសាធ ដែលគេយកទៅកិនលាយទឹក រួចធ្វើការចំហុយដោយចំហាយទឹក និងចុងក្រោយត្រូវហាល​លើ​បន្ទះ​ឫស្សី ដែលមានក្រឡាធំៗ និងហាលក្រោមពន្លឺព្រះអាទិត្យ រហូតដល់ស្ងួត។ ចំណែកឯ​ ការផលិតសំបក​ណែមនេះ ជាមុខរបរប្រពៃណី និងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់អ្នកដូនទាវ តាមផ្លូវមាត់អូរ ចាប់ពីផ្លូវបំបែកផ្សារដូនទាវ ឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទឯកភ្នំ។ ភ្ញៀវទេសចរ ក៏​អាចទស្សនានូវប្រពៃណី​នៃការធ្វើសំបកណែម និងការហាលសំបកណែម​ផង​ដែរ។

គួរបញ្ជាក់ផងដែរថា លោកស្រី សាម៉ន មិនត្រឹមតែធ្វើសំបកណែមលក់ប៉ុណ្ណោះទេ ប៉ុន្តែលោកស្រី​ក៏មានមួល​ណែម​លក់​ជាប្រចាំនៅផ្ទះ ខណៈដែលពេលខ្លះទៀត មានម៉ូយៗទៅជាវសំបកណែមដល់ផ្ទះលោកស្រី​ថែមទៀត​ផង៕