លោក ងួន សុភាព ម្ចាស់ហាង ផ្ទះឆ្ងាញ់-គោដុត នៅរាជធានីភ្នំពេញ មានបំណងចង់ច្នៃមុខម្ហូបគោដុតខ្មែរ ឱ្យក្លាយជាមុខម្ហូបមានរស់ជាតិឆ្ងាញ់ល្បីល្បាញជាសកល និងក្លាយទៅជាអាហារប្រណិតដាក់លក់ក្នុងហាងធំៗ ជាជាងឃើញលក់នៅតែតាមចិញ្ចើមផ្លូវភាគច្រើន។

លោក ងួន សុភាព ម្ចាស់ហាង ផ្ទះឆ្ងាញ់-គោដុត ដែលមានទីតាំងស្ថិតនៅ បុរីពិភពថ្មីកួរស្រូវ រាជធានីភ្នំពេញ បានបើកហាងលក់គោដុតនេះអស់រយៈពេល៦ឆ្នាំមកហើយ និងធ្លាប់បានពង្រីកបាន៣សាខា ប៉ុន្តែដោយសារមានបញ្ហាជំងឺកូវីដ១៩ ទើបលោកបានបង្រួមមកនៅតែមួយវិញ។
យើងសង្កេតឃើញគ្រប់ប្រទេសនៅលើសកលលោក គឺសុទ្ធតែនិយមបរិភោគសាច់គោទាំងអស់ គ្រាន់តែវិធីចំអិននិងគ្រឿងផ្សំមានលក្ខណៈខុសៗគ្នា ទៅតាមតំបន់ និងជាតិសាសន៍នីមួយៗ។ ហេតុដូច្នេះហើយទើបអាជីវករលក់គោដុតមួយរូបនេះ មានគំនិតចង់ច្នៃមុខម្ហូបគោដុតខ្មែរ ឱ្យក្លាយជាមុខម្ហូបមួយមានរសជាតិឆ្ងាញ់សកល និងដែលឃើញតែលក់តាមចិញ្ចើមផ្លូវភាគច្រើននោះ ឱ្យក្លាយទៅជាអាហារប្រណិតដាក់លក់ក្នុងហាងធំៗជាមួយនឹងការរៀបចំរចនាឱ្យស្រស់ស្អាត។

ម្ចាស់ហាងរូបនេះ បានថ្លែងប្រាប់សារព័ត៌មាន ឧកញ៉ា ញូស៍ ថា មកដល់សព្វថ្ងៃយើងឃើញមានតែមុខម្ហូបបរទេសជាច្រើន បានហូរចូលមកប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ បែប ហ្វ្រែនឆាយ តាមរយ:អ្នកមានទ្រព្យស្ដុកស្ដម ឬឧកញ៉ាខ្មែរជាច្រើនរូប។ ទោះយ៉ាងណា លោកចង់ឃើញឧកញ៉ាមហាសេដ្ឋីខ្មែរ ដាក់ទុនវិនិយោគលើកស្ទួយមុខម្ហូបខ្មែរយើងឱ្យបានល្បីល្បាញពេញនិយមខ្លាំង និងបង្កើតជា ហ្វ្រែនឆាយ នាំចេញទៅបរទេសយកលុយចូលស្រុកវិញផង និងជាការលើកកំពស់មុខម្ហូបខ្មែរឱ្យសកលលោកបានដឹងបានឮថា ខ្មែរមានម្ហូបឆ្ងាញ់ៗនិងល្អៗច្រើនណាស់។
សម្រាប់លោក ងួន សុភាព ផ្ទាល់ លោកចង់កែច្នៃនិងអភិវឌ្ឍមុខម្ហូប គោដុតខ្មែរយើង និងមុខម្ហូបមួយចំនួនទៀត ដែលមានស្រាប់ ឱ្យមានរស់ជាតិសកលហើយឆ្ងាញ់ ដែលអាចឱ្យមនុស្សគ្រប់ជាតិសាសន៍ទាំងអស់លើសកលលោក អាចទទួលទានបានគ្រប់ៗគ្នា ប៉ុន្តែគួរឱ្យស្ដាយ លោកពុំទាន់មានលទ្ធភាពទេ ព្រោះកិច្ចការដ៏ធំ និងសំខាន់នេះទាមទារទុនវិនិយោគ និងកម្លាំងចូលរួមច្រើន។

លោក ងួន សុភាព បានបន្តទៀតថា សព្វថ្ងៃលោកបានបង្កើតទឹកជ្រលក់ ដែលមានរសជាតិសកល (បរទេសជាតិសាសន៍ណាក៏ពិសារបាន) រួចហើយ។ កត្តានេះនឹងជំរុញការលក់ម្ហូប គោដុតខ្មែរ ឱ្យបានទៅដល់មាត់ភ្ញៀវបរទេស ដែលមកលេងស្រុកខ្មែរ មិនថាអឺរ៉ុប អ៊ីស្លាម ឬសាសន៍អ្វីនោះទេ បានភ្លក្សបានឆ្ងាញ់បានផ្សព្វផ្សាយបន្តទៅគ្នាពួកគេថែមទៀត។
ជាមួយគ្នានេះ លោកក៏កំពុងមានបំណងពង្រីកអាជីវកម្មរបស់លោកដោយខ្លួនឯងផង និងក៏ចង់ស្វែងរកតំណាងលក់គោដុតនេះផងដែរ ព្រោះលោកបានឃើញថាមានទីតាំងល្អៗជាច្រើនកន្លែង ដែលស័ក្ដិសមនឹងបើកលក់ និងអាចបានផលចំណេញចាប់ពី ៧៥០ដុល្លារ ដល់ ១៥០០ដុល្លារ ឬអាចលើសនេះទៀតក៏មានក្នុងមួយខែៗ ទោះបើកជាលក្ខណៈម្ហូបតាមផ្លូវក៏បាន ឬបើកជាភោជនីដ្ឋានតូចធំក៏បាន។ ធ្វើបែបនេះជាយុទ្ធសាស្ត្រមានបានទាំងអស់គ្នា។

លោក ងួន សុភាព យល់ឃើញថា ចំពោះមុខម្ហូបខ្មែរយើង ជាពិសេសមុខម្ហូបគោដុតនេះ មានការពេញនិយមចូលចិត្តពីប្រជនខ្មែរស្រាប់ ប្រសិនអាចធ្វើឱ្យបរទេសអាចបរិភោគបាន និងទទួលស្គាល់ជាតិជាសកលទៀតនោះ វានឹងជួយជំរុញសេដ្ឋកិច្ចប្រជាជនកម្ពុជា កាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕