អ្នកស្រី ប៉ិច ចន្ធូ មិនបោះបង់ការត្បាញហូល​តាមការចេះចំាពីដូនតាទោះដឹង​ការផលិតហូលធម្មជាតិ​ពិបាករកប្រាក់ចំណេញផ្គត់ផ្គង់គ្រួសារ

អាជីវកម្ម

នៅមិនឆ្ងាយពីជើងភ្នំជីសូរភាគខាងកើតចម្ងាយប្រមាណមួយគីឡូម៉ែត្រ គ្រួសារអ្នកស្រី ប៉ិច ចន្ធូ និងលោក អ៊ូ វណ្ណនី រស់នៅក្នុងភូមិកាចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បានប្រកាន់ភ្ជាប់ការផលិតហូលតាមបែបប្រពៃណី ដែលបានចេះចាំតពីដូនតា ទោះដឹងថាការត្បាញហូលយកគុណភាពតាមបែបធម្មជាតិត្រូវការចំណាយពេលនិងឆ្លងកាត់ច្រើនដំណាក់កាលនេះ ពិបាករកប្រាក់ចំណេញយកមកផ្គត់ផ្គង់គ្រួសារប្រចំាថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកស្រី ប៉ិច ចន្ធូ អាយុ ៤២ឆ្នំា និង លោកអ៊ូ វណ្ណនី អាយុ ៤៧ឆ្នំារស់នៅភូមិឃុំខាងលើបានប្រាប់ឱ្យដឹងថាគ្រួសារអ្នកស្រីប្រកបមុខរបរត្បាញហូលតពីដូនតារបស់ខ្លួនគិតមកដល់ពេលនេះមានរយៈពេលជាង៣០ឆ្នំាមកហើយ។ ហើយបច្ចុប្បន្នអ្នកដែលប្រកបរបរត្បាញហូលតាមបែបប្រពៃណីនេះនៅក្នុងភូមិនៅមានចំនួនមិនច្រើននោះទេដោយសារត្រូវការពេលវេលាយូរពិបាករកប្រាក់ចំណូលយកមកផ្គត់ផ្គង់ក្រុមគ្រួសារ។
អ្នកស្រីបញ្ជាក់ថា «ប៉ុន្តែសម្រាប់ខ្ញុំគ្រួសារនៅតែព្យាយាមផលិតហូលតាមបែបធម្មជាតិ ព្រោះខ្លាចបាត់បង់ស្មាដៃដែលចេះចាំតពីដូនតាដែលពួកគាត់ធ្លាប់ធ្វើពីមុនមក អីចឹងខ្ញុំនៅតែបន្តធ្វើតាមក្បូនព្រោះវាជារបស់ខ្មែរយើងពិត។ សព្វថ្ងៃនេះគ្រួសារខ្ញុំមានកីតម្បាញចំនួន១៤កី ហើយនៅក្នុងមួយខែខ្ញុំអាចផលិតហូបតាមបែបធម្មជាតិនេះ បានចំនួន១៦ក្បិន ដោយក្នុងក្បិនមានតម្លៃពី២៥០ដុល្លារអាមេរិក ទៅ៣០០ដុល្លារអាមេរិកផ្អែកទៅលើម៉ូដរចនានៅលើហូល»។

អ្នកស្រីលើឡើងថា ការត្បាញហូលរបស់ខ្ញុំភាគច្រើនអ្នកបញ្ជាទិញគាត់ចម្លងម៉ូដចេញពីជញ្ជំាងប្រាសាទអង្គរវត្ត ឱ្យខ្ញុំយកមកកែច្នៃចងតាម ហើយកន្លងមកខ្ញុំទទួលបានការកម្ម៉ង់ឱ្យត្បាញហូលដែលមានតម្លៃខ្ពស់ ដោយសារម៉ូដដែលគេយកមកឱ្យតម្បាញនោះ កម្រមានអ្នកណាដែលអាចកែច្នៃឬផលិតបាន។


បើតាមអ្នកស្រី ប៉ិច ចន្ធូ ថាការផលិតហូលតាមបែបធម្មជាតិឬតាមការចេះចំាបានតពីដូនតានេះវាពិបាករកប្រាក់ចំណេញណាស់ ព្រោះគ្រួសារអ្នកស្រីត្រូវការវត្ថុធាតុដើមផ្សំសំខាន់ៗជាច្រើន យកមកផ្សំគ្នាទម្រំាផលិតបានជាទឹកលាក់សម្រាប់ជ្រលក់សូត វាមិនដូចការផលិតហូលដែលគេប្រើគ្រឿងផ្សំគីមីទេ។
អ្នកស្រី ប៉ិច ចន្ធូ សង្កត់ធ្ងន់ថា «អ្នកខ្លះមកឃើញអំពីការផលិតហូលរបស់ខ្ញុំ។ គាត់ថាធ្វើបែបនេះពិបាករកលុយចាយក៏ដូចជាត្បាញហូលបែបនេះចិញ្ចឹមកូនមិនរស់ទេ។ តែទោះបីជាយ៉ាងនេះក្តីខ្ញុំនៅតែតស៊ូនិងប្រកាន់ភ្ជាប់ការផលិតហូលតាមបែបប្រពៃណីរបស់ដូនតា ហើយយើងសង្ឃឹមថានៅពេលខាងមុខនឹងមានភ្ញៀវឬអតិថិជនជាច្រើនផ្សេងទៀតជួយគំាំទ្រដើម្បីចូលរួមផ្តល់ការងារនិងប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារ»។
គួរបញ្ជាក់ផងដែរថាគ្រួសាររបស់អ្នកស្រី ប៉ិច ចន្ធូ ជាសមាជិករបស់សហគមន៍ហូលខ្មែរហើយបើចង់ដឹងពីតម្លៃហូលម៉ូដណាមួយសូមទាក់ទងលេខ០៩៥ ៩៨៣ ៨០០៕ អត្ថបទ៖សារេត