លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប (Soma Group) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣ ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត កាលព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីនេះ លោកជំទាវ បានលើកឡើងពីមូលហេតុ ដែលសាកលវិទ្យាល័យពុទ្ធិសាស្រ្តត្រូវបានបង្កើតឡើង គឺដើម្បីចូលរួមបណ្ដុះបណ្ដាល និងបង្កើតធនធានមនុស្សផ្នែកសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ប្រកបដោយគុណភាព ដើម្បីរួមចំណែកជួយឱ្យសង្គមកម្ពុជាកាន់តែរីកចម្រើន។
លោកជំទាវ ក៏បានសង្កត់ធ្ងន់លើតម្លៃស្នូលទាំង៣ របស់សាកលវិទ្យាល័យ ដែលបានបញ្ជ្រាបក្នុងកម្មវិធីអប់រំរបស់ខ្លួន ដែលមានដូចជាគោរពខ្លួនឯង គោរពអ្នកដទៃ និងអភិវឌ្ឍសង្គម ដើម្បីឱ្យនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យទៅមិនត្រឹមតែមានចំណេះដឹង និងជំនាញនោះទេ ថែមទាំងមានសីលធម៌ និងគុណធម៌ប្រកបដោយមេត្តា ករុណា ចេះគោរពគ្នាទៅវិញទៅមកដែលនាំឱ្យសង្គមមួយមានភាពសុខដុមរម្យនា។
សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលជាបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន១០ នៃក្រុមហ៊ុនមេ សោម៉ា គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយផ្តោតលើការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ហើយឆ្នាំសិក្សាថ្មីនេះសាកលវិទ្យាល័យមាននិស្សិតថ្មីចំនួន ៥៥០ នាក់។
សូមបញ្ជាក់ថា លោកស្រី ចម ក្រស្នា ជាកូនស្រីលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោក ស្រីជាកូនប្រសារសម្ដេច វិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្រ្តីនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០០៨ ជាមួយលោក សុខ សូកេន បច្ចុប្បន្ន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕