សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថាភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា មកទល់បច្ចុប្បន្ននេះគឺមិនអាចខ្វះបាននូវការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា យ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន៧៣រូប ដែលដឹកនាំដោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា គិតចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់មកនេះ គឺមិនអាចខ្វះបាននូវការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា យ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ដោយបានបរិច្ចាគនូវធនធាននិងសម្ភារៈជាច្រើន ដើម្បីទុកលទ្ធភាពដល់កាកបាទក្រហមកម្ពុជាបំពេញតួនាទីក្នុងការឆ្លើយតបទៅនឹងការខ្វះខាតជាក់ស្តែង និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ។
ទន្ទឹមនឹងនេះ សម្តេចក៏បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហំចំពោះការបង្កើតសមាគមឧកញ៉ាកម្ពុជា ដែលមានចក្ខុវិស័យ បេសកកម្ម និងរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ដោយមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងកំពុងតែមានភាពរីកចម្រើនជាលំដាប់ ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចនានា និងថ្នាក់ដឹកនាំកំពូលៗជាច្រើន។ ជាពិសេសតាមរយៈព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ហើយបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីរួមចំណែកជំរុញឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែរីកចម្រើនជឿនលឿន។
សូមជម្រាបជូនថា ក្នុងពិធីជួបសំណេះសំណាលនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន៧៣រូប បាននាំយកថវិកា ចំនួន ១.៥៥៥.៥៥៥ ដុល្លារ ប្រគល់ជូន សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលជាថវិកាបានពីការចូលរួមបរិច្ចាគរបស់សមាជិកចំនួន១០០រូប ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៤ ខណៈដែលឆ្នាំ២០២៣កន្លងមក លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏បានប្រគល់ថវិកាចំនួន ១.៣៤៣.០០០ដុល្លារ ក្នុងឱកាសខួបទី១៦០ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមផងដែរ៕




