លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រគល់នូវ “ពានមាសឧកញ៉ា” របស់សមាគមឧកញ៉ាកម្ពុជា ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន សមាគមឧកញ៉ាកម្ពុជា និងថ្នាក់ដឹកនាំ សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ បានប្រគល់ជូននូវ “ពានមាសឧកញ៉ា” របស់សមាគមឧកញ៉ាកម្ពុជា ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់ សមាគមឧកញ៉ាកម្ពុជា ការប្រគល់នូវ “ពានមាសឧកញ៉ា” របស់សមាគមឧកញ៉ាកម្ពុជា ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាកិត្តិយសដ៏ឧត្តុងឧត្តម និងជាការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះគំរូវីរភាព និងពលិកម្មដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ជាពិសេស បានលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជា ឱ្យមានយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ក្នុងពិធីសំណេះសំណាល និងសម្ដែងការគួរសម ជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា ក៏បានប្រគល់នូវមូលប្បទានបត្រទឹកប្រាក់ចំនួន ១,៥៥៥,៥៥៥ ដុល្លារអាមេរិក ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាថវិកាបានពីការចូលរួមបរិច្ចាគរបស់សមាជិក សមាគមឧកញ៉ាកម្ពុជា ចំនួន១០០រូប ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផងដែរ។

នៅក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពីសកម្មភាពការងារនិងសមិទ្ធផល ដែលសមាគមឧកញ៉ាកម្ពុជា សម្រេចបាននាពេលកន្លងមក ទាំងនៅក្នុងសកម្មភាពធុរកិច្ច ក៏ដូចជា ការចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរជាង ៣០ម៉ឺនកន្លែង ព្រមទាំងសកម្មភាពសប្បុរសធម៌ និងស្ថាប័នមនុស្សធម៌នានា ជាបន្តបន្ទាប់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ថែមទៀតផង៕