ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ឈួន ហាវ៉ុន សមាជិកសមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ឈួន ហាវ៉ុន សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឈួន ហាវ៉ុន ជាម្ចាស់ការ៉ាស់លក់រថយន្តលំដាប់ប្រណិតៗ Hawon Auto Car និងត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនួញទិញ លក់ រថយន្តទំនើបៗគ្រប់ប្រភេទ។ ការ៉ាស់លក់រថយន្ត Hawon Auto Car របស់អ្នកឧកញ៉ា មានចំនួនពីរទីតាំង គឺទីតាំងទី១ ស្ថិតនៅផ្លូវសុធារស ជិតផ្សារទំនើប AEON I ក្បែរកោះពេជ្រ និងទីតាំងទី២ ស្ថិតនៅផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ។ អ្នកឧកញ៉ា ឈួន ហាវ៉ុន តែងតែចូលរួមជួយការងារសង្គម ដូចជាការបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយអភិវឌ្ឍមូលដ្ឋាន ជួយជនក្រីក្រ ជួយឧបត្ថម្ភតាមរយៈការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការផ្សេងៗ ជាពិសេសអ្នកឧកញ៉ា តែងតែចូលរួមជាមួយសកម្មភាពកាកបាទក្រហមកម្ពុជាផងដែរ។

ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានចេញសារសម្តែងការអបអរសាទរ យ៉ាងដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា ឈួន ហាវ៉ុន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ អ្នកឧកញ៉ា ឈួន ហាវ៉ុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕