សមាគមឧកញ៉ាកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានពីដំណោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី រវាងអ្នកឧកញ៉ា លី សុភ័ក្ត និងលោក ឡយ ភាល័យ

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី រវាងអ្នកឧកញ៉ា លី សុភ័ក្ត និង លោក ឡយ ភាល័យ អ្នកផ្តល់សេវាកែច្នៃ និងដំឡើងរថយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមឧកញ៉ាកម្ពុជាបានឱ្យដឹងថា សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយ និងការចែករំលែកបន្ត ព្រមទាំងការបញ្ចេញមតិយោបល់នានា នៅតាមបណ្តាញសង្គមមួយចំនួនមានហ្វេសប៊ុក (Facebook) និងតិកតុក (Tik Tok) ជាដើម ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះក៏មានគណនីហ្វេសប៊ុក និងតិកតុកឈ្មោះ Camcar Collection ផងដែរ លើករណីវិវាទរវាង អ្នកឧកញ៉ា លី សុភ័ក្ត ជាសមាជិកសមាគមឧកញ៉ាកម្ពុជា និង លោក ឡយ ភាល័យ ជាអ្នកផ្តល់សេវាកែច្នៃ និងដំឡើងរថយន្ត។

សមាគមឧកញ៉ាកម្ពុជា មើលឃើញថា តាមរយៈសំណេរ និងការផ្សព្វផ្សាយ ព្រមទាំងការបញ្ចេញមតិយោបល់ទាំងនោះហាក់មិនបានឆ្លុះបញ្ចាំងពី ទិដ្ឋភាពទាំងស្រុងនៃវិវាទ ដែលធ្វើឱ្យមានការភាន់ច្រឡំ និងយល់ខុសជាសាធារណៈចំពោះគូភាគី ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរបុគ្គល។

សមាគមឧកញ៉ាកម្ពុជា គូសបញ្ជាក់ថា ទោះជាយ៉ាងក៏ដោយ វិវាទនេះត្រូវបានដោះស្រាយបញ្ចប់ ដោយសន្តិវិធី ពោលគឺ លោក ឡយ ភាល័យ បានទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួនក្នុងការផ្តល់សេវាកែច្នៃ និង ដំឡើងរថយន្តជូន អ្នកឧកញ៉ា លី សុភ័ក្ត តាមការព្រមព្រៀងគ្នា និងបានសុំទោសជាសាធារណៈដោយទទួលស្គាល់នូវកំហុសចំពោះការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងតាមបណ្តាញសង្គមរបស់ខ្លួន ខណៈអ្នកឧកញ៉ា លី សុភ័ក្ត ក៏បានដកពាក្យបណ្តឹងឈប់ប្តឹង លោក ឡយ ភាល័យ ផងដែរ។

ជុំវិញការយល់ព្រមបញ្ចប់ជម្លោះដោយសន្ដិវិធីនេះ សមាគមឧកញ៉ាកម្ពុជា បានសម្ដែងនូវការអបអរសាទរ ព្រមទាំងគោរពសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ប៉ុន្តែគួរតែស្ថិតក្នុងក្រមសីលធម៌ ឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវ៕