ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា គិត សែនសូរិយា សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកឧកញ៉ា គិត សែនសូរិយ៉ា គឺជាអគ្គនាយក ក្រុមហ៊ុន ខេហ្វ័រ គ្រុប ដែលជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកឈានមុខគេមួយនៅប្រទេសកម្ពុជា ខណៈដែលមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកឧកញ៉ាមានសាខាសរុបចំនួន ១៨ហើយ នៅទូទាំងប្រទេស។
ក្រុមហ៊ុន ខេហ្វ័រ គ្រុប អិលធីឌី ជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកឈានមុខគេ និងល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ដែលបានបើកអាជីវកម្មតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៣។ ក្រុមហ៊ុននេះ មានលក់ផលិតផលដូចជា ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនប៊ូមធូលី ទូរទស្សន៍ បាសប្រេន JBL ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនទឹកក្រឡុក ម៉ាស៊ីនបោកខោអាវ និងឧបករណ៍អេឡិចត្រូវនិកជាច្រើនមុខទៀត ដែលក្នុងនោះមានយីហោម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើនដូចជា LG, Sony, HITACHI, Electrolux, Sharp, Panasonic, Midea, Samsung, EuropAce, Philips, Anker និង JBL ជាដើម។
ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានចេញសារសម្តែងការអបអរសាទរ យ៉ាងដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា គិត សែនសូរិយ៉ា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ សូមជូនពរ អ្នកឧកញ៉ា គិត សែនសូរិយ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕