សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការរៀបចំពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ចុងសប្តាហ៍នេះ។
តាមសេចក្ដីប្រកាសព័ត៌មាន សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា សមាគមឧកញ៉ាកម្ពុជា បានសហការ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រៀបចំពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។
សមាគមឧកញ៉ាកម្ពុជា គូសបញ្ជាក់ថា កម្មវិធីដ៏មានសារៈសំខាន់នេះមានការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-រដ្ឋទូត តំណាងស្ថានពាណិជ្ជកម្មជាតិ-អន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ១០០០នាក់។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនេះ សូមទាក់ទង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគម ឧកញ៉ាកម្ពុជាតាមរយៈទូរសព្ទលេខ៖ ០១២ ៨១០ ៨១១។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា (សរសេរជាអក្សរកាត់ ស.ឧ.ក) ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ ព្រមទាំងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕