លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងវិនិយោគិន ជាង ១៣០០នាក់ ចូលរួមពិសាអាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នេះ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយមានវត្ដមានចូលរួមពីបណ្ដារវិនិយោគិន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាង ១៣០០នាក់ នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានលើកឡើងថា កម្មវិធីនេះ រៀបចំឡើងដើម្បីពង្រឹង​កិច្ចសាមគ្គីភាពក្នុងគ្រួសារឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ដែលសុទ្ធសឹងជាធាតុដ៏​សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ និងកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ។ កម្មវិធីនេះ ជាជំនួបលើកដំបូងរវាង​ឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋានជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះជំនួបនេះ ក៏ជាឱកាស​ដ៏វិសេសវិសាលមួយក្នុងការទទួលអនុសាសន៍នានាពីប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញសកម្មភាពរបស់​អ្នកឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ឱ្យក្លាយជាសកម្មភាពដែលកាន់តែមាន​គុណតម្លៃដល់សង្គម​ជាតិ។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានថ្លែងប្រាប់អង្គពិធីផងដែរថា កន្លងមកនេះសមាគមឧកញ៉ាកម្ពុជា បាន​ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសង្គម និងការងារសប្បុរសធម៌សំខាន់ៗ ដូចជា បានថ្វាយ តង្វាយ ជាអង្ករ និងថវិកា ថ្វាយ អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ ដើម្បីចូលរួមដង្ហែ ព្រះរាជសកម្មភាព​មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ , បានបរិច្ចាគថវិកាជូន ដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ, បានបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាតមីន និងអាវុធយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា, បានបរិច្ចាគថវិកាជូនសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (ធី ដា) ដើម្បីរៀបចំមន្ទីរពេទ្យ ល្លួង ម៉ែ, បានបរិច្ចាគថវិកាជាមួយសាលារាជធានីភ្នំពេញក្នុងអំឡុងពេល បិទខ្ទប់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោកអ្នកឧកញ៉ាបានបន្ថែមថា សមាគមឧកញ៉ាកម្ពុជាក៏បានបរិច្ចាគថវិកាកសាងអគារសិក្សានៅ ពុទ្ធិកៈសាកល​វិទ្យាល័យព្រះសីហមុនីរាជា, បានបរិច្ចាគថវិកាចូលរួមជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត, បាន​បរិច្ចាគថវិកាកសាងសារមន្ទីរ សម្តេចព្រះ ព្រហ្មរតនមុនី ពិន សែម រាជបូណ៌, បានចែកសម្លៀកបំពាក់ សម្ភារៈ​សិក្សាថវិកា និងកសាងហេដ្ឋារចនាសម័្ពន្ធនានានៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង​បានចែកសម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់កុមារកំព្រានៅក្នុងមណ្ឌលចំនួន ៤កន្លែងក្នុងខេត្ត​កំពង់ស្ពឺផងដែរ។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានគូសបញ្ជាក់ថា ជាមួយនឹងការងារ សប្បុរសធម៌នេះសមាគមនឹងបង្កើនកិច្ច​ខិតខំ​ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈ សង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះ សមាគមឧកញ៉ាកម្ពុជា ប្តេជ្ញាខិតខំប្រឹងប្រែងបំពេញសកម្មភាព ដូចជា៖ ១, បន្តពង្រឹងកិត្យានុភាព​របស់សមាគម​ឧកញ៉ាការពារនូវផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមងារ​ដ៏ឧត្តុង្គ​ឧត្តមនេះ។ ២, បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល លើកិច្ចការតំណាងឱ្យគោរមវន្ត ទាំងអស់នៅ​ទូទាំងកម្ពុជា ព្រមទាំងពិនិត្យនិងវាយតម្លៃលើ សំណើនិងបញ្ចប់គោរមងារឧកញ៉ា ការគ្រប់គ្រងឯកសណ្ឋាន​ឧកញ៉ា ជាពិសេសការរៀបចំបច្ចុប្បន្នកម្មបញ្ជីឈ្មោះគោរមវន្តទាំងអស់នៅកម្ពុជា។ ៣, ចូលរួមជំរុញផ្សព្វផ្សាយ​អំពីសក្តានុពល និងកាលានុវត្តភាព វិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច សិក្ខាសាលា វិនិយោគ និងកម្មវិធីផ្សេងៗ ទាំងក្នុង និងក្រៅប្រទេសព្រមទាំង ចូលរួមចំណែកធ្វើឱ្យប្រសើរឡើង នូវ បរិយាកាស ធុរកិច្ចវិនិយោគ និង ពាណិជ្ជកម្មនៅកម្ពុជា។ ៤, ចូលរួមជំរុញកិច្ចសហប្រតិបត្តិការរវាងវិនិយោគិនកម្ពុជា និង​បរទេសដើម្បីសម្រួលដល់ការវិនិយោគ ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងវិនិយោគិន ធុរជន និងសហគ្រិន។ ៥, លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និង៦ ចូលរួមធ្វើសកម្មភាព ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេស រួមទាំងសកម្មភាពមនុស្សធម៌នានា៕