លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលមិនទាន់បានចុះឈ្មោះជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមចុះឈ្មោះដើម្បីបានចូលរួមជាចំណែកជាមួយសមាគម អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ការអំពាវនាវរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ធ្វើឡើងនៅក្នុងឱកាសនៃពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។
លើកឡើងនៅលើវេទិកា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងថា «សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ទាំងអស់ដែលមិនទាន់បានចុះឈ្មោះជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមអញ្ជើញចូលរួមចុះឈ្មោះឱ្យបានទាំងអស់គ្នា ដើម្បីរួមចំណែកលើកកម្ពស់ឧត្ដមភាពគោរងារ ឧកញ៉ា តាមរយៈការប្រមូលកម្លាំង ធនធាន ចំណេះដឹង និងបទពិសោធន៍ ចូលរួមជួយអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ការងារមនុស្សធម៌ និងការជំរុញការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងប្រទេស»។
បន្ថែមពីនោះ ក៏បានចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់សន្ដិភាពនិងការដឹកនាំដោយភាពស្វាហាប់យ៉ាងរហ័សរហួន និងប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។
សូមជម្រាបជូនថា កន្លងមកនេះសមាគមឧកញ៉ាកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសង្គម និងការងារសប្បុរសធម៌សំខាន់ៗ ដូចជា បានថ្វាយ តង្វាយ ជាអង្ករ និងថវិកា ថ្វាយ អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ ដើម្បីចូលរួមដង្ហែ ព្រះរាជសកម្មភាពមនុស្សធម៌ ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ , បានបរិច្ចាគថវិកាជូន ដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ, បានបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាតមីន និងអាវុធយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា, បានបរិច្ចាគថវិកាជូនសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ( ធី ដា ) ដើម្បីរៀបចំមន្ទីរពេទ្យ ល្លួង ម៉ែ, បានបរិច្ចាគថវិកាជាមួយសាលារាជធានីភ្នំពេញក្នុងអំឡុងពេល បិទខ្ទប់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
បន្ថែមពីនោះ សមាគមឧកញ៉ាកម្ពុជាក៏បានបរិច្ចាគថវិកាកសាងអគារសិក្សានៅ ពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជា, បានបរិច្ចាគថវិកាចូលរួមជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត, បានបរិច្ចាគថវិកាកសាងសារមន្ទីរ សម្តេចព្រះ ព្រហ្ម រត នមុនី ពិន សែម រាជបូណ៌, បានចែកសម្លៀកបំពាក់ សម្ភារៈសិក្សា ថវិកា និងកសាងហេដ្ឋារចនាសម័្ពន្ធនានានៅសាលាអនុវិទ្យាល័យស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានចែកសម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់កុមារកំព្រានៅក្នុងមណ្ឌលចំនួន ៤កន្លែងក្នុងខេត្តកំពង់ស្ពឺផងដែរ៕