សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវ សមាជិក-សមាជិកា សមាគមឧកញ៉ាកម្ពុជា និងអ្នកវិនិយោគរបស់កម្ពុជាទាំងអស់ ទៅវិនិយោគខេត្តភាគឦសាន ជំរុញការអភិវឌ្ឍន៍ខេត្ដ៤នេះឱ្យរីកចម្រើនកាន់តែខ្លាំង។
ការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
ថ្លែងឡើងក្នុងឱកាសនេះ សម្ដេចធិបតីបានលើកឡើងអំពាវនាវឱ្យសមាជិក-សមាជិកា សមាគមឧកញ៉ាកម្ពុជា និងអ្នកវិនិយោគរបស់កម្ពុជាទាំងអស់ រួមគ្នាយកចិត្ដទុកដាក់តម្រង់ទិស អាទិភាពមួយ ក្នុងការគិតគូរការវិនិយោគរបស់ខ្លួន ដើម្បីឈានទៅវិនិយោគនៅទិសឦសាន ដើម្បីឲ្យខេត្ដទាំង៤ មានការរីកចម្រើនខ្លាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រួមគ្នាកសាងប្រទេសរបស់យើង ថែរក្សាទឹកដីរបស់យើង បើស្រឡាញ់ជាតិពិតប្រាកដរួមគ្នា ធ្វើអំពើវិជ្ជមាន ដើម្បីថែរក្សាខេត្ដទាំង៤ ជំរុញសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍន៍ខេត្ដទាំង៤នេះ ឱ្យកាន់តែរឹងមាំជួយជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្តេចបានចាត់ឱ្យកងវិស្វកម្មធ្វើផ្លូវក្រវាត់ព្រំដែនរហូតដល់កន្ទុយនាគតែម្តង។ សម្តេចធិបតី បានបន្ថែមថា ពលរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែននេះតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ភារកិច្ចស្នូលរបស់ឧកញ៉ា គឺការចូលរួមកិច្ចការសង្គមតាមរយៈការបង្កើនសកម្មភាពសេដ្ឋកិច្ចដែលជាកត្ដាសំខាន់សម្រាប់ប្រជាពលរដ្ឋយើងតាមរយៈការបង្កើតការងារ និងការផ្ដល់ឱកាសផ្សេងៗដល់ប្រជាពលរដ្ឋ ក្នុងការជំរុញឱ្យសេដ្ឋកិច្ច ជីវភាពគ្រួសារកាន់តែធូរធារ។ ក្នុងន័យនេះក្នុងនាមជានាយករដ្ឋមន្រ្ដី សម្ដេចធិបតី តែងតែយកចិត្ដទុកដាក់លើវិស័យឯកជនជាកិច្ចការសំខាន់។
សម្ដេចបានគូសបញ្ជាក់ថា សមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា និងអ្នកវិនិយោគទាំងអស់នៅកម្ពុជា បានដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្ដភាពទាំងក្នុងដំណាក់កាលល្អ និងដំណាក់កាលលំបាក៕