សមាគមឧកញ៉ាកម្ពុជា សហការរៀបចំកម្មវិធី «ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន» ក្រោមប្រធានបទ «ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា»

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា ដោយមានកិច្ចសហការពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា ព្រមទាំងភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) នឹងរៀបចំ សន្និសីទ «សន្និសីទស្តីពីការបង្កើតកិច្ច​សហការ​រួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និង​សំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន» នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម UENO Atshushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងវាគ្មិនជាអ្នកជំនាញការ និងធុរជនក្នុងប្រទេសកម្ពុជា និងជប៉ុនជាច្រើនរូបទៀត ដោយមាន​ការ​សម្របសម្រួលពី អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា។

រីឯរសៀល​ថ្ងៃទី៧ ខែសីហានេះដែរ ក៏នឹង​មាន​កម្មវិធី «ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន» ក្រោមប្រធានបទ៖ «ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជា​តំណាង​ក្រសួង​ពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងធុរជនជប៉ុនផងដែរសរុបប្រមាណ ៣០០នាក់។

នេះគឺជាព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជាដែលនឹងមានការចូលរួមពីវាគ្មិនកម្ពុជា-ជប៉ុនជា​អ្នកជំនាញ​ផ្នែកធុរកិច្ច បរិស្ថាន កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យា មកធ្វើការចែករំលែកចំណេះដឹង និង​បទពិសោធន៍ពាក់ព័ន្ធ​នឹងធុរកិច្ចឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងផ្កាយរណបដើម្បីជា​មូលដ្ឋាន​សម្រាប់ធុរជន​កម្ពុជាចាប់យកឱកាសក្នុងប្រតិបត្តិការអាជីវកម្មថ្មីតាមរយៈការបង្កើត និងលក់ឥណទាន​កាបូនក្នុងវិស័យ​ធុរកិច្ច​បៃតង។

សូមបញ្ជាក់ថា កម្មវិធីខាងលើនេះទទួលបានការឧបត្ថម្ភគាំទ្រពី Chip Mong Group ក្រុមហ៊ុន Khmer Beverages និងធនាគារ SBI Ly Hour ផងដែរ៕