លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជប៉ុនចំនួន១៩ក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
នៅក្នុងជំនួនសម្ដែងការគួរសមនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងបណ្តាក្រុមហ៊ុនជប៉ុនទាំង១៩ រួមជាមួយប្រធានសមាគម និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូប។

នាឱកាសនោះ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមគ្នានេះ លោកស្រី ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដែរថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។

ជាកាឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ខណៈ សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យថាមពលស្អាត និងឥណទានកាបូនផងដែរ។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជាពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ នេះបើតាមការបញ្ជាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងជំនួបខាងលើ៕ អត្ថបទ៖ រង្សី
