លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជនទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗបន្ថែមទៀតពាក់ព័ន្ធនឹង ការធ្វើធុរកិច្ចបៃតង និងឥណទានកាបូន នៅប្រទេសជប៉ុន ជាពិសេសចំណុចសំខាន់ៗ ដែលនឹងត្រូវយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសឈានមុខគេក្នុងតំបន់ ក្នុងការធ្វើធុរកិច្ចបៃតង និងឥណទានកាបូន។
ក្នុងកម្មវិធី «សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន» នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានបន្ថែមទៀតយ៉ាងដូច្នេះថា៖ “ដូច្នេះការត្រៀមខ្លួនរួចជាស្រេច និងការចូលរួមអនុវត្តរបស់ធុរជនយើង នឹងធ្វើឱ្យកិច្ចការនេះទទួលបានជោគជ័យដូចការគ្រោងទុក”។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានគូសបញ្ជាក់ថា បន្ទាប់ពីគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២៣ រួចមក សមាគមឧកញ៉ាកម្ពុជា បានបន្តធ្វើការជាមួយភាគីជប៉ុនជាហូរហែ។ ជាក់ស្តែង ចាប់ពីថ្ងៃទី ៦-៨ ខែសីហា ឆ្នាំ២០២៤នេះ សមាគមឧកញ៉ាកម្ពុជា បានទទួល និងដឹកនាំគណៈប្រតិភូជប៉ុនចំនួន ២៤រូប ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលរួមសម្តែងការគួរសម សម្តេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនកិច្ចសិក្សានៅរោងចក្រនិងចំការអំពៅ ក្នុងខេត្តកំពង់ស្ពឺ, រោងចក្រ ខ្មែរ ប៊ែវើរីជីស រាជធានីភ្នំពេញ និងកសិដ្ឋានផលិតស្រូវ និងជីកំប៉ុស្តិ៍ ក្នុងខេត្តព្រៃវែង ផងដែរ។
សូមជម្រាបថា កម្មវិធី «សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន» ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh នាព្រឹកថ្ងៃទី៧ ខែសីហានេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម UENO Atshushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងវាគ្មិនជាអ្នកជំនាញការ និងធុរជនក្នុងប្រទេសកម្ពុជា និងជប៉ុន សរុបប្រមាណ ៣០០រូប ដោយមានការសម្របសម្រួលពី អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា៕