ក្នុងសន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ នាសណ្ឋសគារ ហៃយ៉ាត់ រីជេនសុី ភ្នំពេញ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលេីកទឹកចិត្តទៅកាន់បណ្តាអ្នកវិនិយោគិនជប៉ុន សូមបន្តចូលរួមសហការ ជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីជំរុញការផ្លាស់ប្ដូរព័ត៌មានរបស់ភាគីទាំង២ ឲ្យបានកាន់តែល្អប្រសេីរ។

ការលេីកទឹកចិត្តទៅកាន់វិនិយោគិនជប៉ុនដូច្នេះ ក្នុងន័យសំដៅដល់ការបង្កេីនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងទូលំទូលាយជាមួយសមាគមឧកញ៉ាកម្ពុជា ជាពិសេសបង្កេីនឱកាសវិនិយោគបន្ថែមទៀត ជាមួយសមាជិកសមាគមឧកញ៉ាកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចដល់កម្រិតខ្ពស់រវាងកម្ពុជា-ជប៉ុន លើគ្រប់វិស័យ។

ក្រៅតែពីមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, សន្និសីទនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម UENO Atshushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយស និងវាគ្មិនជាអ្នកជំនាញនិងធុរជនក្នុងប្រទេសកម្ពុជា និងជប៉ុនជាច្រើនរូបទៀត ដោយមានការសម្របសម្រួលដោយផ្ទាល់ពី អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ សហព័ន្ធស្រូវអង្ករកម្ពុជា និងអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា។

នារសៀលថ្ងៃទី៧ ខែសីហានេះដែរ ក៏នឹងមានកម្មវិធី «ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន» ក្រោមប្រធានបទ៖ «ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតំណាង ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងធុរជនជប៉ុន សរុបប្រមាណ ៣០០នាក់ ផងដែរ៕








