ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានឯករាជភាពកាបូន សមាគមឧកញ៉ាកម្ពុជា ដោយមានលោកអ្នកឧកញ៉ា លី យ៉ុងផាត់ជាប្រធាន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនសុី ភ្នំពេញ បានចុះ MOU ចំនួនពីរជាមួយក្រុមហ៊ុនជប៉ុន និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា៖ “ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានឯករាជភាពកាបូន ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សមាគមឧកញ៉ាកម្ពុជាបានរៀបចំសន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។”

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបន្ថែមថា នៅក្នុងសន្និសីទនេះមានការចូលរួមពីក្រុមហ៊ុនជប៉ុនចំនួន១៩ ព្រមទាំងភ្ញៀវកិត្តិយស និងវាគ្មិនជាអ្នកជំនាញការ និងធុរជនក្នុងប្រទេសកម្ពុជា និងជប៉ុន សរុបប្រមាណ ៣០០រូប បានមករួមគ្នាសិក្សាស្វែងយល់ពីឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជានេះ។

ជាលទ្ធផលនៃសន្និសីទ សមាគមឧកញ៉ាកម្ពុជា បានសម្រេចចុះ MOU ចំនួនពីរជាមួយក្រុមហ៊ុនជប៉ុន និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងវិស័យឥណទានកាបូន។ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា ការចូលរួមដើម្បីអភិវឌ្ឍលើវិស័យនេះ គឺដើម្បីធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័នលើលំហរអាកាស។
អ្នកឧកញ៉ាបានពន្យល់ថា អព្យាក្រឹតកាបូននេះគឺត្រូវមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាទូទាំងពិភពលោក មិនថាកម្ពុជាឬប្រទេសដទៃនោះទេ ដោយសារការបម្រែបម្រួលអាកាសធាតុនេះមានការបម្រែបម្រួលខ្លាំងដូចជា ក្ដៅខ្លាំង ស្ងួត ខ្យល់ព្យុះ ខ្យល់កន្ដ្រាក់ និងមានទឹកជំនន់ជាដើម។ កិច្ចប្រជុំនៅបារីស បានតម្រូវឱ្យប្រទេសដែលមានឧស្សហកម្មធំៗ ប្រទេសជឿនលឿនដែលបានបំពុលបរិស្ថានរួចហើយ ទាមទារឱ្យមានការចូលរួមទិញនូវកាបូន ហើយប្រទេសកំពុងអភិវឌ្ឍត្រូវធ្វើយ៉ាងណាចូលរួមសកម្មភាពជាមួយចលនានេះ ដើម្បីបន្ថយឧស្ម័នដែលបំភាយទៅបរិយាកាសតាមដែលអាចធ្វើទៅបាន។
អ្នកឧកញ៉ាគូសបញ្ជាក់ថា បើតាមតួលេខរបស់ជប៉ុន បានឱ្យថា វិស័យកសិកម្មនៅក្នុងមួយឆ្នាំធ្វើឥណទានកាបូនជាមួយទីផ្សាររបស់ពិភពលោករហូតដល់១០០លានដុល្លារ។ ប្រសិនបើរយៈពេល២ឆ្នាំក្រោយអាចនឹងមានការប្រែប្រួលជាច្រើន យើងចាប់ផ្ដើមរួមគ្នាវិនិយោគចូលទៅក្នុងវិស័យឥណទានកាបូននេះ ដែលជាកត្ដាសំខាន់មិនអាចរងចាំបាននោះទេ ព្រោះថាប្រទេសគេបាននិងកំពុងចូលរួមជាមួយគ្នាក្នុងវិស័យបរិស្ថាននេះរួចទៅហើយ។
សូមជម្រាបជូនថា ការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងសំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នេះផ្ដោតសំខាន់ទៅលើផ្នែកសំខាន់ៗចំនួន៥គឺ កសិកម្ម ឧស្សាហកម្ម បរិស្ថាន វិស័យដឹកជញ្ជូន និងសំរាម៕











